ភ្នំពេញៈ ក្រុមហ៊ុនរុករកប្រេង និងឧស្ម័ន KrisEnergy ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបានផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនផ្ដល់សេវាអង្កេតនៅក្នុងសមុទ្ររបស់ហូឡង់ Fugro ធ្វើការអង្កេតភូមិសាស្ដ្រនៅអណ្ដូងប្រេងអប្សរាក្នុងសមុទ្រកម្ពុជា ជាវិធានការដ៏ល្អមួយឆ្ពោះទៅការកំណត់ទិសដៅក្នុងការទាញយកប្រេងនៅឆមាសទី ១ ឆ្នាំនេះ។
ក្រុមហ៊ុន Fugro បានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃអង្គារថា ខ្លួននឹងអនុវត្តការអង្កេតភូមិសាស្ដ្រ ដើម្បីគាំទ្រដល់ដំណាក់កាលការបង្កើត និងការដំឡើងនៃការអភិវឌ្ឍ Apsara Mini Phase 1A។
ក្រុមហ៊ុននេះបន្ថែមថា ការងារនេះនឹងត្រូវបានអនុវត្តដោយប្រើប្រាស់នាវាខួងប្រេង Fugro Mariner របស់ពួកគេ ហើយនឹងរួមបញ្ចូលទាំងការខួងរន្ធសាកល្បងរកឧស្ម័ននៅទឹករាក់ និងការធ្វើតេស្ដរណ្ដៅជ្រៅៗ។
លោក Jerry Paisley នាយកចង្វាក់អាជីវកម្មរបស់ក្រុមហ៊ុន Fugro ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា៖ «វាជាការរីករាយមួយក្នុងការត្រឡប់ទៅប្រទេសកម្ពុជាវិញ ដែលការចូលរួមរបស់យើងនៅក្នុងការរុករកប្រេងនៅ Block A ចាប់តាំងពីឆ្នាំ ២០០៦ នៅពេលយើងបានគាំទ្រដល់ការខួងប្រេងនៃអណ្ដូងរុករកដំបូង»។
លោក Jerry បន្ថែមថា៖ «ក្រុមហ៊ុន KrisEnergy គឺជាអតិថិជនដ៏មានតម្លៃរបស់យើង ចាប់តាំងពីការបង្កើតឡើងរបស់ពួកគេកាលពីឆ្នាំ ២០០៩ និងជាផ្នែកមួយនៃភាពជោគជ័យរបស់យើងត្រូវបានផ្ដល់ដំណោះស្រាយ «អេ ៣» តែមួយគត់របស់យើង ដែលយើងទទួលបានការវិភាគ និងប្រឹក្សាយោបល់លើទិន្នន័យភូមិសាស្ដ្រនៅក្នុងវដ្ដជីវិតគម្រោងពេញលេញ» ។
លោក Vladimir Lavie អ្នកភូមិសាស្ដ្រជាន់ខ្ពស់នៅក្រុមហ៊ុន KrisEnergy បានឲ្យដឹងថា ក្រុមហ៊ុន Fugro នឹងជួយក្នុងការបង្កើនការធ្វើឲ្យសម្រេចបានអណ្ដូងប្រេងអប្សរា ខណៈក្រុមហ៊ុននេះទើបបញ្ចប់ការអង្កេតភូមិសាស្ដ្រកាលពីឆ្នាំមុន។
លោកបន្តថា៖ «យើងអរគុណដល់សហការីរបស់យើងនៅក្នុងក្រុមហ៊ុន Fugro សម្រាប់ការធ្វើការងារជាមួយពួកយើងលើគម្រោងជាប្រវត្តិសាស្ដ្រនេះ។ ការអង្កេតទីតាំងនេះនឹងជាព្រឹត្តិការណ៍ដ៏សំខាន់ផ្សេងទៀតក្នុងការធ្វើឲ្យសម្រេចបានឆ្នាំ ២០២០ នៃអណ្ដូងប្រេងអប្សរា។ យើងបានបញ្ចប់រួចហើយការអង្កេតភូមិសាស្ដ្ររបស់យើង និងការអង្កេតភូមិសាស្ដ្ររបស់ក្រុមហ៊ុន Fugro នឹងផ្ដល់ព័ត៌មានភូមិសាស្ដ្របញ្ចប់ត្រូវការក្នុងការធ្វើឲ្យប្រសើរឡើងការបង្កើត ការដំឡើង និងប្រតិបត្តិការនៃគម្រោងរបស់យើង»។
កាលពីពាក់កណ្ដាលខែវិច្ឆិកា ក្រុមហ៊ុន KrisEnergy បានចុះហត្ថលេខាផ្ដល់សិទ្ធិឲ្យក្រុមហ៊ុន PT Profab ក្នុងការផ្គត់ផ្គង់ផ្លាតហ្វមក្បាលអណ្ដូងផលិតកម្មខ្នាតតូច (មីនីផ្លាតហ្វម) សម្រាប់អណ្ដូងប្រេងអប្សរាជាជំហានមួយឆ្ពោះទៅផែនការរបស់ក្រុមហ៊ុន KrisEnergy ក្នុងការទាញយកតំណក់ប្រេងលើកដំបូងពី Block A នៅពាក់កណ្ដាលឆ្នាំនេះ។
លោកស្រី Kelvin Tang ប្រធានប្រតិបត្តិ និងជាប្រធាន KrisEnergy នៅកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្ដិ៍នៅពេលថ្មីៗនេះថា ការផ្ដល់សិទ្ធិនេះគឺសម្រាប់ផ្លាតហ្វមអណ្ដូងប្រេងអប្សរា។ ក្រុមហ៊ុន Profab នឹងបង្កើត និងសាងសង់រចនាសម្ព័ន្ធ ជើងទម្រងផ្លាតហ្វម និងរចនាសម្ព័ន្ធផ្នែកខាងលើសម្រាប់ផ្លាតហ្វមក្បាលអណ្ដូងផលិតកម្មខ្នាតតូចអប្សរា។ លោកស្រីបន្ថែមថា៖ «អណ្ដូងប្រេងអប្សរា គ្រោងនឹងទាញយកប្រេងនៅក្នុងឆមាសទី ១ ឆ្នាំ ២០២០»។
Block A កម្ពុជាគ្របដណ្ដប់លើតំបន់ ៣ ០៨៣ ម៉ែត្រការ៉េនៅបាសាំងខ្មែរនៅក្នុងសមុទ្រកម្ពុជាក្នុងទឹកជម្រៅពី ៥០ ម៉ែត្រទៅ ៨០ ម៉ែត្រ៕LA