ក្រុង​ដេត្រយៈ ​ក្រុមហ៊ុន​ផលិត​រថយន្ត GAC របស់​ប្រទេស ចិន នឹង​ពន្យារ​ពេល​ចូល​ក្នុង​ទីផ្សារ​អាមេរិក​រហូត​ដល់​ឆ្នាំ ២០២០ ដោយ​សារ​តែ​សង្គ្រាម​ពាណិជ្ជកម្ម រវាង​ទីក្រុង​ប៉េកាំង និង​ទីក្រុងវ៉ាស៊ីនតោន​។​ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​របស់​មន្ដ្រី​ប្រតិបត្តិ​ក្រុមហ៊ុន​​កាល​ពី​ថ្ងៃ​ចន្ទ​នៅ​ក្នុង​ពិព័រណ៍​រថយន្ត​នៅ​ក្នុង​ទីក្រុង​​ដេត្រូយ។

លោក Yu Jun ​ប្រធាន​ក្រុមហ៊ុន GAC ​បាន​ឲ្យ​ដឹង​តាមរយៈ​អ្នក​បក​ប្រែ​ភាសា​របស់​ក្រុមហ៊ុន​​ថា៖ «​កាល​ពី​មុន​ យើង​បាន​គ្រោង​នឹង​ដាក់​លក់​រថយន្ត​ដំបូង​របស់​យើង​នៅ​អាមេរិក នៅ​ចុង​ឆ្នាំ ២០១៩»។​

លោក​ថ្លែង​ថា​៖ «​ប៉ុន្តែ​ យើង​បាន​​ពន្យារ​ពេល​ផែន​ការ​របស់​យើង​ ដោយ​សារ​តែ​ការ​វិវឌ្ឍ​ថ្មី​ៗ​​លើ​បញ្ហា​ពាណិជ្ជកម្ម​។ យើង​កំពុង​ធ្វើ​​ឲ្យ​មាន​ការ​រីក​ចម្រើន​ជា​ប្រចាំ​​ឆ្ពោះ​ទៅ​រក​ទីផ្សារ​នេះ​»។​

លោក​ Yu បាន​បញ្ជាក់​ថា​ នៅ​ពេល​នេះ​​ក្រុមហ៊ុន GAC គ្រោង​​នឹង​ដាក់​លក់​ផលិតផល​លើក​ដំបូង​របស់​ខ្លួន​នៅ​អាមេរិក​នៅ​ឆមាស​ទី ១ ​ឆ្នាំ ២០២០​។

ទីក្រុង​ប៉េកាំង និង​ទីក្រុង​វ៉ាស៊ីន​តោន បាន​​បន្ត​ជាប់​គាំង​ក្នុង​​សង្គ្រាម​ពាណិជ្ជកម្ម ដែល​អាច​​កើន​ឡើង​កាន់​តែ​ខ្លាំង​​​នៅ​ខែ​ក្រោយ​ជា​ពេល​ដែល​​ក្រសួង​ពាណិជ្ជកម្ម​ ត្រូវ​បាន​រំពឹង​ថា នឹង​​ចេញ​របាយការណ៍​មួយ​ស្ដីពី​ពន្ធ​នាំចូល​លើ​រថយន្ត​ថ្មី​ដែល​អាច​ធ្វើ​ឡើង​។​

ក្រុម​អ្នក​វិភាគ​បាន​ព្យាករ​ពី​ការ​ធ្លាក់ចុះ​យ៉ាង​រហ័ស​នៅ​ក្នុង​ឧស្សាហកម្ម​រថយន្ត ​ប្រសិន​បើ​ពន្ធ​នាំចូល​កាន់​តែ​ច្រើន​ទៀត​ចាប់​ផ្ដើម​អនុវត្ត​។​

លោក Robert Carter ប្រធាន​ផ្នែក​លក់​​ប្រចាំ​នៅ​អាមេរិក​ខាង​ជើង​របស់​ក្រុមហ៊ុន​ Toyota បាន​ថ្លែង​ថា​៖ «​ពន្ធ​នាំចូល​អាច​បំផ្លាញ​ដល់​ឧស្សាហកម្ម​នេះ​​ទាំង​មូល​»​។​

លោក Jonathan Smoke ​ប្រធាន​អ្នក​វិភាគ​​ក្រុមហ៊ុន Cox Automotive ​បាន​ឲ្យ​ដឹង​ថា ៤៧​​ភាគរយ​នៃ​រថយន្ត​ដែល​បាន​​លក់​នៅ​អាមេរិក​កាល​ពី​ឆ្នាំ ២០១៨ គឺ​ជា​រថយន្ត​នាំចូល​។​

លោក​ថ្លែង​ថា​៖ «​ពន្ធ​នាំចូល​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​រួច​​ហើយ​កាល​ពី​ឆ្នាំ ២០១៨»។ លោក​បន្ត​ថា​៖ «យើង​ជឿ​​ថា​ ប្រហែល ២ ភាគរយ​នៃ​តម្លៃ​បច្ចុប្បន្ន គឺ​ដោយ​សារ​តែ​ពន្ធ​នាំចូល ដែល​ត្រូវ​បាន​អនុវត្ត​រួច​ហើយ»។​

តម្លៃ​រថយន្ត​ជា​មធ្យម​នៅ​អាមេរិក​ថ្លៃ ៣៦​០០០ ដុល្លារ​កាល​ពី​ឆ្នាំ ២០១៨ កើន​ឡើង​ជាង ៣ ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៧។​

ក្រុមហ៊ុន​ GAC Group ដែល​​ជា​ក្រុមហ៊ុន​ឯកជន​របស់​ចិន​ដែល​​កំពុង​ចូល​រួម​​ក្នុង​ពិព័រណ៍​នៅ​ទីក្រុង​ដេត្រូយ​ ​លើក​ទី ៥ នេះ​​បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​បើក​ដំណើរ​ការ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​​ទី ៣ របស់​ខ្លួន​នៅ​សហរដ្ឋ​អាមេរិក​​​ក្នុង​​ទីក្រុង​ Detroit៕​ AFP/LA