ភ្នំពេញ: ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់ បានអះអាងថា វិទ្យាស្ថានកំណើនបៃតងសកល (GGGI) បានបើកភ្លើងបៃតងឲ្យរដ្ឋាភិបាលកម្ពុជាដាក់សំណើសុំកញ្ចប់ថវិកាលើគម្រោងបង្កើតរោងចក្រផលិតថាមពលអគ្គិសនីដោយកាកសំណល់សំរាមនៅទីលានចាក់សំរាមក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
ការបង្ហាញបំណងនេះត្រូវបានធ្វើឡើងក្នុងជំនួបរវាងលោក ឡុង ឌីម៉ង់ ជាមួយលោក បាន គីមូន អតីតអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ដែលបច្ចុប្បន្នជាប្រធានវិទ្យាស្ថានកំណើនបៃតងសកល (GGGI) ដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូងកាលពីសប្តាហ៍មុន។
លោក ឡុង ឌីម៉ង់ ប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃពុធថា លោក គីមូន ប្រធាន GGGI បានគាំទ្រកម្ពុជាចំពោះគម្រោងវិនិយោគនេះដោយបានសន្យាថានឹងសហការជាមួយកម្ពុជាក្នុងការផ្តល់ដំណោះស្រាយលើការគ្រប់គ្រងសំរាមប្រកបដោយចីរភាពនៅទីលានចាក់សំរាមក្នុងខណ្ឌដង្កោ ក្រុងភ្នំពេញ។
លោកថ្លែងថា៖ «វិទ្យាស្ថាន GGGI មានកញ្ចប់ថវិកាមួយចំនួនអាចជួយកម្ពុជាយើងលើការគ្រប់គ្រងកាកសំណល់សំរាមដោយបំប្លែងជាថាមពលស្អាត។ គាត់បានប្រាប់ឲ្យកម្ពុជាធ្វើសំណើមក GGGI ហើយគាត់នឹងពិនិត្យពិចារណាលើកិច្ចការនេះ។ ខ្ញុំក៏បានដាក់របាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងការបរទេសយើងរួចរាល់ហើយ ដើម្បីពិនិត្យ និងពិចារណា»។
លោកបន្តថា៖ «GGGI ក៏រីករាយសហការជួយដល់កម្ពុជាក្នុងការផ្តល់ប្រឹក្សាយោបល់ជំនួយបច្ចេកវិទ្យា និងជាគោលនយោបាយបន្ថែមទៀតលើការគ្រប់គ្រងកាកសំណលសំរាម»។
លោក វិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពលបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃពុធថា លោកស្វាគមន៍ និងគាំទ្រចំពោះវិទ្យាស្ថានកំណើនបៃតងសកល ដែលផ្តល់ឱកាសឲ្យរដ្ឋាភិបាលកម្ពុជារៀបចំសំណើសុំកញ្ចប់ថវិកាសម្រាប់គម្រោងនេះ។
លោកបន្ថែមថា កន្លងមកក្រសួងធ្លាប់បានអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនមួយចំនួនសិក្សាលើការសាងសង់រោងចក្រផលិតអគ្គិសនីពីការដុតសំរាមដែរ ប៉ុន្តែដោយសារការផលិតថាមពលបំប្លែងពីសំរាមមានតម្លៃខ្ពស់ពេក ធ្វើឲ្យរដ្ឋាភិបាលគ្មានលទ្ធគ្រប់គ្រាន់ឲ្យក្រុមហ៊ុនទាំងនេះវិនិយោគ។ តម្លៃអគ្គិសនីពីរោងចក្រដុតសំរាមដែលក្រុមហ៊ុនបានសិក្សាកន្លងមកនៅក្នុងរង្វង់ចន្លោះពី ១៤ ទៅ ១៥ សេនក្នុង ១ គីឡូវ៉ាត់ម៉ោង។
លោកបានឲ្យដឹងថា សព្វថ្ងៃរដ្ឋាភិបាលកម្ពុជាកំពុងបន្តស្វែងរកដៃគូឯកជនដើម្បីវិនិយោគលើរោងចក្រផលិតថាមពលដោយកាកសំណល់សំរាម។ លោកបានប៉ាន់ប្រមាណថា គម្រោងវិនិយោគនេះនឹងត្រូវចំណាយទុនវិនិយោគច្រើនរហូតដល់រាប់រយលានដុល្លារ។
លោកបញ្ជាក់ថា៖ «អគ្គិសនីកម្ពុជាកំពុងរៀបចំឲ្យមានការដេញថ្លៃលើគម្រោងវិនិយោគនេះ»។
របាយការណ៍របស់ក្រសួងបរិស្ថានកាលពីចុងឆ្នាំ ២០១៩ បានឲ្យដឹងថា បរិមាណសំរាមសរុបនៅកម្ពុជាក្នុង ១ ថ្ងៃមានជាង ១ ម៉ឺនតោន ឬស្មើនឹងជិត ៤ លានតោន ក្នុង ១ ឆ្នាំ។ សម្រាប់រាជធានីភ្នំពេញក្នុង ១ ថ្ងៃ សំរាមមានប្រមាណ ៣ ពាន់តោន។
ទិន្នន័យបង្ហាញថា សំរាមទាំងនោះ ៦៥ ភាគរយជាសំណល់សរីរាង្គ ២០ ភាគរយជាសំណល់ថង់ប្លាស្ទិក និងនៅសេសសល់គឺជាសំណល់រឹង និងសំណល់ផ្សេងទៀត៕ LA