ភ្នំពេញៈ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) កាលពីថ្ងៃអង្គារបានអំពាវនាវឲ្យអ្នកបញ្ជាទិញទាំងអស់មិនត្រូវផ្អាកការនាំចេញទំនិញដែលផលិតរួចហើយ និងទំនិញដែលកំពុងផលិតនៅកម្ពុជានោះទេក្នុងអំឡុងផលប៉ះពាល់ដោយសារតែការរីករាលដាលកូវីដ ១៩ នេះ។
ការអំពាវនាវរបស់ GMAC ធ្វើឡើងបន្ទាប់ពីអ្នកបញ្ជាទិញសំខាន់ៗមួយចំនួនមកពីអាមេរិក និងអឺរ៉ុប ដូចជាក្រុមហ៊ុន H&M ក្រុមហ៊ុន Zara ក្រុមហ៊ុន Mango ក្រុមហ៊ុន Primark ក្រុមហ៊ុន Macys និងក្រុមហ៊ុន J.C. Penney កាលពីសប្ដាហ៍មុនបានប្រកាសពីការផ្អាកផលិតកម្មរបស់ពួកគេ ដោយសារតែការរីករាលដាលកូវីដ ១៩ ធ្វើឲ្យតម្រូវការពិភពលោកធ្លាក់ចុះ។
សេចក្ដីប្រកាសរបស់ GMAC ឲ្យដឹងថា៖ «បច្ចុប្បន្នការរីករាលដាលកូវីដ ១៩ លើពិភពលោកបានធ្វើឲ្យមានភាពចលាចលដល់ជីវិតរស់នៅ និងអាជីវកម្មរបស់យើង។ ដើម្បីជម្នះស្ថានភាពដ៏លំបាកនេះ GMAC សូមអំពាវនាវដល់ភាគីទាំងអស់រួមដៃគ្នាដើម្បីយើងទាំងអស់គ្នាអាចបន្តរស់បាន»។
សេចក្ដីប្រកាសបន្តថា៖ «ចំពោះអ្នកបញ្ជាទិញទាំងអស់សូមកុំបោះបង់កម្ពុជា!សមាគមសូមជំរុញអ្នកបញ្ជាទិញបំពេញកាតព្វកិច្ចរបស់ខ្លួនតាមកិច្ចសន្យាដែលចុះរួចហើយ ដោយទទួលយកការដឹកទំនិញដែលផលិតរួចហើយ និងទំនិញដែលបច្ចុប្បន្នកំពុងផលិត និងទូទាត់ប្រាក់តាមលក្ខខណ្ឌធម្មតា។ ការធ្វើបែបនេះនឹងអាចធ្វើឲ្យរោងចក្រមានលទ្ធភាពបើកប្រាក់ឈ្នួលជូនកម្មករ និងបន្តការងារសម្រាប់ពួកគេ»។
ទីភ្នាក់ងារព័ត៌មានប្រចាំថ្ងៃ Sourcing Journal ដែលបានចេញផ្សាយកាលពីថ្ងៃទី ១៨ ខែមីនា បានឲ្យដឹងថាក្រុមហ៊ុន H&M ក្រុមហ៊ុន Zara ក្រុមហ៊ុន Mango ក្រុមហ៊ុន Primark ក្រុមហ៊ុន Macys និងក្រុមហ៊ុន J.C. Penney ជាក្រុមហ៊ុនសម្លៀកបំពាក់ដែលបានបញ្ឈប់ការផលិត ដែលបណ្ដាលឲ្យអ្នកលក់ខាតបង់នៅជំហានបន្ទាប់ និងក្រុមហ៊ុនផ្សេងទៀតនៅក្នុងចង្វាក់ផ្គត់ផ្គង់ស្ថិតក្នុងគ្រោះថ្នាក់នៃការបាត់បង់ការងាររបស់ពួកគេ ដោយសារតែការមិនមានការបញ្ជាទិញនឹងមើលឃើញរោងចក្រមួយចំនួនបានបង្ហាញការពិបាកក្នុងការបើកប្រាក់ឈ្នួលដល់កម្មកររបស់ពួកគេ។
ទីភ្នាក់ងារព័ត៌មានប្រចាំថ្ងៃ Sourcing Journal បានឲ្យដឹងថា ក្រុមហ៊ុន H&M បានប្រកាសកាលពីថ្ងៃអង្គារកន្លងមកថា ខ្លួននឹងបិទជាបណ្ដោះអាសន្ននូវហាងលក់ទាំងអស់របស់ខ្លួននៅអាមេរិក និងអាល្លឺម៉ង់ ព្រមទាំងហាងលក់ទាំងអស់នៅប្រទេសកាណាដា ព័រទុយហ្គាល់ និងបែលហ្ស៊ិក។ ការបិទហាងលក់ទាំងនេះ បន្ទាប់ពីការប្រកាសកាលពីថ្ងៃចន្ទរបស់ក្រុមហ៊ុនលក់រាយថា ហាងលក់ទាំងអស់នៅក្នុងប្រទេសស្វ៊ីស ក្រិក ស្លូវ៉ាគី លីទុយអានី ប៉េរូ អ៊ុយក្រែន ហ្វីលីពីន ម៉ាឡេស៊ី និងប្រទេសស៊ីបក៏ត្រូវបានបិទទ្វារផងដែរ។
លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានឲ្យដឹងថា ថ្មីៗនេះអ្នកបញ្ជាទិញជាច្រើនកំពុងផ្អាកការបញ្ជាទិញ និងលុបចោលការបញ្ជាទិញ និងថែមទាំងបដិសេធការទទួលយកការបញ្ជាទិញទំនិញដែលផលិតរួចហើយ។ ការផ្អាកនេះនឹងមានរយៈពេលប្រហែល ១ ខែទៅ ២ ខែ។ លោកបន្តថា៖ «នេះប្រាកដជានឹងប៉ះពាល់ធ្ងន់ធ្ងរដល់លំហូរសាច់ប្រាក់របស់រោងចក្រ ដោយសារតែយើងមិនអាចលក់ផលិតផលរបស់យើង»។
បច្ចុប្បន្នកម្ពុជាមានរោងចក្រជាង ៥០០ ដែលស្រូបយកកម្មករជាង ៧០០ ០០០ នាក់។ ការនាំចេញរបស់ឧស្សាហកម្មនេះមានចំណែកប្រហែល ៧០ ភាគរយនៃការនាំចេញសរុបរបស់កម្ពុជា ខណៈកាលពីឆ្នាំមុនប្រទេសនេះបាននាំចេញដល់ ៧,៥ ពាន់លានដុល្លារ៕LA
វីដេអូ៖