ភ្នំពេញៈ Gunung Capital របស់​ប្រទេស​ ម៉ាឡេស៊ី ដែល​ជា​ក្រុមហ៊ុន​គ្រប់គ្រង​ការវិនិយោគ​ទៅលើ​ការជួល​ទ្រព្យសកម្ម និង​ដឹកជញ្ជូន​លើដី​គោក​កំពុង​ស្ថិត​ក្នុង​ការចរចា​ដើម្បី​ទិញ​យក​ភាគហ៊ុន​ប្រហែល ២០ ​ភាគរយ​នៅ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​នៅក្នុង​ប្រទេស ​កម្ពុជា​។

យោងតាម​ប្រព័ន្ធ​ព័ត៌មាន​របស់​ប្រទេស​ ម៉ាឡេស៊ី Bernama ដែល​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​បាន​ឲ្យ​ដឹងថា ថ្នាក់​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ត្រូវបាន​អញ្ជើញ​ចូលរួម​ក្នុងការ​ពិភាក្សា​លើ​សំណើ​វិនិយោគ​លើ​ធនាគារពាណិជ្ជ​មួយ​ដែលមាន​គុណវុឌ្ឍិ​នៅ​កម្ពុជា​។

ក្រុមហ៊ុន Gunung Capital កំពុង​ស្ថិត​ក្នុង​ការចរចា​ដើម្បី​ទិញ​ភាគហ៊ុន​ជាង ២០ ​ភាគរយ ​នៅក្នុង​ធនាគារពាណិជ្ជ​មួយ​នៅ​កម្ពុជា​ដូច​ដែល​បាន​រាយការណ៍​ដោយ​អត្ថបទ​ព័ត៌មាន ហើយ​ក្រុមហ៊ុន​នេះ​ក៏បាន​ឲ្យ​ដឹងថា ថ្នាក់​គ្រប់គ្រង​របស់ខ្លួន​កំពុង​ស្ថិត​ក្នុង​ការពិភាក្សា​ក្នុង​ការចូលរួម​ភាគហ៊ុន​ជាមួយ​នឹង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​។

ក្រុមហ៊ុន​បន្តថា ភាគី​ទាំង​ ២ ​កំពុង​ស្ថិត​ក្នុង​ការពិភាក្សា​ពី​លក្ខខណ្ឌ​តម្រូវ​គុណភាព និង​បរិមាណ​ផ្សេង​ទៀត​ដូចជា​ការគ្រប់គ្រង​ដែល​បាន​ដាក់​ដោយ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​កម្ពុជា​។

Bernama ត្រូវបាន​ដកស្រង់​សម្តី​នៅក្នុង​ឯកសារ​នៅ​ផ្សារហ៊ុន Bursa Malaysia ថា​៖ «​ក្នុងដំណាក់កាល​នៃ​ការវាយតម្លៃ និង​ពិភាក្សា​នេះ ក្រុមហ៊ុន​មិនអាច​បញ្ជាក់​ពី​ចំនួន​ជាក់លាក់​នៃ​តម្លៃ​ទុនវិនិយោគ​ដែល​ចូលរួម​នេះ​បានឡើយ​»​។

កាសែត​បន្តថា​៖ «​នៅពេល​បញ្ចប់​ការវាយតម្លៃ​លើ​សំណើ​នេះ លទ្ធផល​ដែល​រំពឹងទុក​ពី​ការវិនិយោគ​នោះ​រួមមាន​ការផ្តល់​អត្ថប្រយោជន៍​យ៉ាង​ខ្លាំង​ដល់​ក្រុមហ៊ុន​។ បន្ទាប់មក​ថ្នាក់​គ្រប់គ្រង​នឹង​ស្វែងរក​ការចូលរួម​ភាគហ៊ុន​យ៉ាងហោច ២០ ​ភាគរយ ដើម្បី​ទទួល​បាន​ឱកាស​វិនិយោគ​ច្រើន​បំផុត​»​។

ក្រុមហ៊ុន Gunung មិនបាន​ឆ្លើយតប​អ៊ីមែល​របស់​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ទេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​ដែល​លោកស្រី ជា សិរី អគ្គនាយិកា​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ក៏​មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បាន​ដែរ​។

កាសែត Bernama បាន​រាយការណ៍​ទៀតថា ក្រុមហ៊ុន​នេះ​ក៏​កំពុង​ស្វែងរក​សក្ដានុពល​នៅក្នុង​វិស័យ​ធនាគារ​តាមរយៈ​ការចុះបញ្ជី​លើ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​ផងដែរ​។

កាសែត​នេះ​បន្តថា​៖ «​ជម្រើស​នេះ​ច្បាស់​ណាស់​ជា​យុទ្ធសាស្ដ្រ​រយៈពេល​វែង​។ ទោះយ៉ាងណា​ការវាយតម្លៃ​ដែល​មិនទាន់​បញ្ចប់​នៃ​សំណើ​នេះ​នឹង​តម្រូវ​ឲ្យ​មាន​ការយល់ព្រម​ជា​ចាំបាច់​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​កម្ពុជា​»​។

គិត​ត្រឹម​ឆ្នាំ​ ២០១៩ កម្ពុជា​មាន​ធនាគារពាណិជ្ជ​ ៤៦ ធនាគារ​ឯកទេស ១៥ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ៨២ ប្រតិបត្តិករ​ឥណទាន​ជនបទ ២៤៨ ក្រុមហ៊ុន​ភតិសន្យា​ ១៥ និង​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូទាត់​ ២០​។

កម្ចី​នៅ​ធនាគារ​បាន​កើនឡើង ២៤,៥ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន ខណៈ​ប្រាក់​បញ្ញើ​មាន​ប្រហែល​ ២៥,៥ ​ពាន់​លាន​ដុល្លារ​។ ចំណែក​ប្រាក់កម្ចី​នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន ៧,២ ​ពាន់​លាន​ដុល្លារ និង​ប្រាក់​បញ្ញើ​មាន ៣,៩ ​ពាន់​លាន​ដុល្លារ​។ នេះ​បើ​តាម NBC៕LA