
លោក Frédéric H. Proulx ស្ថាបនិក និង នាយកប្រតិបត្តិនៃក្រុមហ៊ុន ហនុមាន ឃែភីថល ព្រមទាំងជាប្រធានសភាពាណិជ្ជកម្មនៃប្រទេសកាណាដា ប្រចាំនៅកម្ពុជា។
ភ្នំពេញ៖ ក្រុមហ៊ុន Haystack Canada ដែលជាក្រុមហ៊ុនវិនិយោគទុនអាមេរិកខាងជើងបានទិញយកក្រុមហ៊ុន ហនុមាន ឃែភីថល ដែលជាស្ទូឌីយោច្នៃប្រឌិតនិងអភិវឌ្ឍន៏គម្រោងនៅកម្ពុជានឹងបញ្ចូលគ្នាបង្កើតជាក្រុមហ៊ុន Haystack Asia Capital Company Limited។
Haystack Canada និងក្រុមហ៊ុន ហនុមាន ឃែភីថល នឹងរួមបញ្ចូលប្រតិបត្តិការដើម្បីជួយដល់ក្រុមហ៊ុនដែលទើបនឹងចាប់ផ្តើម និងសហគ្រិនដែលកំពុងលេចធ្លោនៅ កាណាដា និង កម្ពុជា។ កិច្ចព្រមព្រៀងសម្រាប់ផលប័ត្រហនុមាន ឃែភីថល ទាំងមូល រួមទាំងទ្រព្យសម្បត្តិនិងកម្មសិទ្ធិឌីជីថលត្រូវបានគេនិយាយថាបានឈានដល់ទឹកប្រាក់រាប់លានដុល្លារអាមេរិក។
Haystack Canada គឺជាវិនិយោគិនដែលកំពុងរីកចម្រើននិងកំពុងបណ្តាក់ទុនលើក្រុមហ៊ុនថ្មីៗ ដែលទើបបង្កើតឡើងដែលមានដូចជា ក្នុងវិស័យបច្ចេកវិទ្យា ការអភិវឌ្ឍអចលនទ្រព្យកីឡា កីឡាអេឡិចត្រូនិក និង អាហារ និង ភេសជ្ជៈ។ Haystack Asia បានគ្រោងជាទឹកប្រាក់ជាង ២ លានដុល្លារអាមេរិកដើម្បីបណ្តាក់ទុន ឬ វិនិយោគលើគម្រោងឌីជីថលនៅកម្ពុជា។
លោក Frédéric H. Proulx ស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ហនុមាន ឃែភីថលមានប្រសាសន៍ថា៖ «យើងមើលឃើញនូវឱកាសដ៏ល្អមួយ ដើម្បីភ្ជាប់អង្គភាពទាំងពីរនេះហើយយើងមើលឃើញថាប្រទេសកម្ពុជា គឺជាទីផ្សារដ៏ល្អប្រសើរមួយ ដែលប្រកបដោយការច្នៃប្រឌិតនិងអាចធ្វើការជាមួយធនធានមនុស្សដែលមានទេពកោសល្យ ដើម្បីជម្នះឧបសគ្គដែលសេដ្ឋកិច្ចដ៏រីកចម្រើនរបស់ប្រទេសនេះត្រូវប្រឈម»។ ឥឡូវនេះ Frédéric H. Proulx ក្លាយជាដៃគូគ្រប់គ្រងរបស់ក្រុមហ៊ុន Haystack Asia ។
លោក Proulx ដែលក៏ជាប្រធានសភាពាណិជ្ជកម្មកាណាដា (CanCham) ដែរនោះ បានមានប្រសាសន៍ទៀតថា៖ «យើងមានអ្នកវិនិយោគនិងអ្នកណែនាំដែលមានបទពិសោធន៍និងមានទេពកោសល្យ ព្រមទាំងចង់បង្រៀននិងគាំទ្រដល់សហគ្រិនវ័យក្មេងនៅ កាណាដា កម្ពុជា និងអាស៊ីអាគ្នេយ៍»។
ក្រុមហ៊ុនថ្មីនេះឈ្មោះ Haystack Asia នឹងមានយីហោដូចគ្នានឹង Haystack Canada ដែលមានមូលដ្ឋាននៅទីក្រុង កេបិច ប៉ុន្តែនឹងនៅតែជានីតិបុគ្គលដាច់ដោយឡែក។ Haystack Canada បានវិនិយោគនៅ Winter Farm ដែលជាមជ្ឈមណ្ឌលកសិកម្មក៏ដូចជា រោងចក្រផលិតស្រានិងក្រុមហ៊ុនបច្ចេកវិទ្យាទំនើប។
Haystack Asia នឹងប្រតិបត្តិការរាល់គម្រោងរបស់ក្រុមហ៊ុន ហនុមាន ឃែភីថល រួមមានគម្រោង បច្ចេកវិទ្យា Wonderpass ដែលបណ្តាក់ទុនលើបច្ចេកវិទ្យាកក់សំបុត្រដ៏ឆ្លាតវៃ ដែលត្រូវបានអនុម័តដោយក្រសួងទេសចរណ៍ ដែលគ្រោងនឹងចាប់ផ្តើមក្នុងពេលឆាប់ៗខាងមុខនេះនិង Bong Tees ដែលជាយីហោសម្លៀកបំពាក់និងការឌីហ្សាញប្រកបដោយការឆ្នៃប្រឌិត មានមូលដ្ឋាននៅទីក្រុងភ្នំពេញដែលនឹងបើកលក់នៅថ្ងៃទី ១៥ ខែមេសាឆ្នាំនេះ។
ក្រុមហ៊ុនហនុមាន ក៏កំពុងអភិវឌ្ឍកម្មវិធី Huggr ដែលជាគេហទំព័រចែករំលែកសកម្មភាពពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ដែលគ្រោងនឹងចាប់ផ្តើមនៅចុងឆ្នាំ ២០២១ សម្រាប់ទីផ្សារក្នុងតំបន់មួយចំនួនរួមមានប្រទេស កម្ពុជា និង វៀតណាម។
ក្រៅពីនេះ ក្រុមហ៊ុនហនុមាន ឃែភីថល ក៏មានគម្រោងអភិវឌ្ឍន៍ដីរួមទាំងចម្ការកាហ្វេនិងរីស្សតនៅខេត្តមណ្ឌលគីរីនិងវីឡានៅក្រុងកែប ដែលបច្ចុប្បន្ននេះ គ្រប់គ្រងដោយ Haystack Asia Properties ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Haystack Asia។
ក្រុមហ៊ុន ហនុមាន ឃែភីថល ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៩។ ក្នុងខែមករា ហនុមាន ឃែភីថល បានក្លាយជាអ្នកឧបត្ថម្ភជំនួយផ្តាច់មុខប្រចាំឆ្នាំ ២០២១ សម្រាប់ CanCham។ Haystack Asia នឹងកាន់កាប់ការឧបត្ថម្ភនេះ។
សម្រាប់ព័ត៌មានបន្ថែមសូមចូលមើលគេហទំព័រ Haystack នៅ haystack.fund៕