ក្រុងប៉ារីសៈ ក្រុមហ៊ុន Huawei កាលពី​ថ្ងៃ​អង្គារ​បាន​បដិសេធ​ការចោទប្រកាន់​ដែល​ត្រូវ​បាន​រាយការណ៍​ក្នុង​កាសែត Wall Street Journal (WSJ) ​ថា ក្រុមហ៊ុន​បាន​លួច​បច្ចេកវិទ្យា​ពី​អ្នក​ច្នៃប្រឌិត​ជនជាតិ​ព័រទុយហ្គាល់​ម្នាក់​ដោយ​ក្រុមហ៊ុន​ចោទប្រកាន់​បុរស​រូបនោះ​ថា «​កំពុង​កេង​យក​ចំណេញ​ពី​ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ​នាពេល​បច្ចុប្បន្ន​»​។

កាសែត WSJ បាន​រាយការណ៍​កាលពី​សប្តាហ៍​មុន​ថា ក្រសួង​យុត្តិធម៌​អាមេរិក​កំពុង​សម្លឹង​មើល​ទៅកាន់​ការអះអាង​នេះ​ដែល​អាច​បន្ថែម​ទៅ​ក្នុងករណី​ឧក្រិដ្ឋកម្ម​ដែល​មាន​ស្រាប់​ប្រឆាំង​នឹង​ក្រុមហ៊ុន Huawei​។

ក្រុមហ៊ុន Huawei ដែល​ត្រូវបាន​ចាត់ទុក​ថា​ជា​ក្រុមហ៊ុន​នាំមុខគេ​ក្នុង​ពិភពលោក​ខាង​ផលិត​ឧបករណ៍​បច្ចេកវិទ្យា 5G ដែល​មាន​ល្បឿន​លឿន​ខ្លាំង និង​ជា​ក្រុមហ៊ុន​លក់​ទូរស័ព្ទដៃ​ទំនើប​បាន​ច្រើន​ជាង​គេ​លំដាប់​ទី​ ២ ​ក្នុង​ពិភពលោក​កាលពី​ខែ​ឧសភា​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កាន់តែ​ឡើងក​ម្តៅ​រវាង​ទីក្រុង​ប៉េកាំង និង​ទីក្រុង​វ៉ាស៊ីនតោន​ដែល​បាន​មើលឃើញ​ការដកហូត​ពន្ធគយ​ពិន័យ​ដែល​មាន​ទឹកប្រាក់​រាប់រយ​ពាន់​លាន​ដុល្លារ​នៃ​ពាណិជ្ជកម្ម​ទ្វេភាគី​។

ភាពចម្រូងចម្រាស​ចុងក្រោយ​បំផុត​នេះ​មាន​ការពាក់ព័ន្ធ​នឹង​លោក Rui Pedro Oliveira អ្នក​ច្នៃប្រឌិត​ជនជាតិ​ព័រទុយហ្គាល់​ម្នាក់​ដែល​អះអាង​ថា ក្រុមហ៊ុន Huawei បាន​មក​ជួប​លោក ហើយ​ក្រោយ​មក​បាន​លួច​យក​គំនូរ​រចនា​មួយ​ក្នុងចំណោម​ការរចនា​របស់​លោក ដើម្បី​ផលិត​ម៉ាស៊ីន​ថត​ប៉ាណូរ៉ាម៉ា Huawei EnVizion 360​។

ក្រុមហ៊ុន Huawei បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​បាន «​ច្រានចោល​ការអះអាង​របស់​លោក Oliveira អំពី​ការរំលោភ​សិទ្ធិ​ប៉ាតង់​នេះ​»​។ ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា​៖ «​ការចោទប្រកាន់​នេះ​មិន​ពិត​ឡើយ​»​។

ក្រុមហ៊ុន​បាន​បន្ថែម​ថា​៖ «​រយៈពេល​ ២-៣ ​ខែ​ចុង​ក្រោយនេះ រដ្ឋាភិបាល​អាមេរិក​បាន​ប្រើប្រាស់​ប្រយោជន៍​ពី​ឥទ្ធិពល​នយោបាយ និង​ការទូត​របស់​ខ្លួន ដើម្បី​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​នានា​ឲ្យ​ហាមឃាត់​ឧបករណ៍​របស់​ក្រុមហ៊ុន Huawei»​។

ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​មួយ​នេះ​បាន​ឲ្យ​ដឹង​ទៀតថា​៖ «​លើស​ពី​នេះ​ទៀត អាមេរិក​បាន​និង​កំពុង​ប្រើប្រាស់​រាល់​ឧបករណ៍​ទាំងអស់​ដែល​អាច​ប្រើប្រាស់​បាន​ភ្លាមៗ​រួមទាំង​អំណាច​តុលាការ និង​អំណាច​រដ្ឋបាល​ព្រមទាំង​មធ្យោបាយ​អសីលធម៌​ជាច្រើន​ផ្សេង​ទៀត ដើម្បី​បង្អាក់​ប្រតិបត្តិការ​អាជីវកម្ម​ប្រក្រតី​របស់​ក្រុមហ៊ុន Huawei និង​ដៃគូ​របស់​ក្រុមហ៊ុន​»​។

ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា​៖ «​លោក Oliveira បាន​បង្កើត​រឿងរ៉ាវ​ភូតភរ​កុហក់​ទៅកាន់​ប្រពន្ធ​ផ្សព្វផ្សាយ​ក្នុង​ការប៉ុនប៉ង​បង្ខូចកេរ្តិ៍​ឈ្មោះ​របស់​ក្រុមហ៊ុន Huawei​។ លោក​បាន​ប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន Huawei តាមរយៈ​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ដោយ​ព្យាយាម​ធ្វើឲ្យ​ក្រុមហ៊ុន​ធ្វើ​តាម​ការទាមទារ​របស់​គាត់ និង​ប្រគល់​ប្រាក់​ទៅ​ឲ្យ​គាត់​»៕ KC