ក្រុងប្រ៊ុចសែលៈ ក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei បានឲ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួននឹងបង្កើតមជ្ឈមណ្ឌលផលិតកម្មនៅសហភាពអឺរ៉ុប ខណៈក្រុមហ៊ុននេះព្យាយាមប្រយុទ្ធប្រឆាំងនឹងសម្ពាធរបស់អាមេរិកទៅលើប្រទេសសមាជិកសហភាពអឺរ៉ុប ដើម្បីបញ្ឈប់ក្រុមហ៊ុនរបស់ខ្លួនមិនឲ្យប្រតិបត្តិការនៅទីនោះ។
មន្ត្រីប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុនទទួលបន្ទុកសហភាពអឺរ៉ុបលោក Abraham Liu ថ្លែងក្នុងកម្មវិធីចូលឆ្នាំថ្មីនៅទីក្រុងប្រ៊ុចសែលថា៖ «ក្រុមហ៊ុន Huawei មានការប្តេជ្ញាចិត្តកាន់តែខ្លាំងចំពោះអឺរ៉ុបជាងពេលណាៗទាំងអស់»។
លោកបានបន្ថែមថា៖ «ហេតុដូច្នេះហើយបានជាយើងសម្រេចចិត្តថា យើងចង់បង្កើតមូលដ្ឋានផលិតកម្មនៅអឺរ៉ុប ដើម្បីឲ្យយើងអាចមាន 5G ដែលផលិតនៅអឺរ៉ុបសម្រាប់អឺរ៉ុប»។
ការប្រកាសនេះបានធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីសហភាពអឺរ៉ុបបានផ្តល់អនុសាសន៍ថា រដ្ឋសមាជិកអាចហាមឃាត់ប្រតិបត្តិករទូរគមនាគមន៍នានាដែលត្រូវបានចាត់ទុកថាបង្កហានិភ័យសន្តិសុខតាមរយៈការមិនប្រើប្រាស់សម្ភារសំខាន់ៗនៃហេដ្ឋារចនាសម្ព័ន្ធ 5G។
ប៉ុន្តែផែនការរបស់សហភាពអឺរ៉ុបដែលបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីវិធានដែលត្រូវបានកំណត់ដោយចក្រភពអង់គ្លេសដែលអនុញ្ញាតឲ្យមានតួនាទីដែលមានកម្រិតសម្រាប់ក្រុមហ៊ុន Huawei បានបញ្ឈប់ការហាមឃាត់ក្រុមហ៊ុននេះពីបណ្តាញទូរគមនាគមន៍ជំនាន់ក្រោយនេះដែលត្រូវបានបង្កើតឡើងសម្រាប់ការផ្ទេរទិន្នន័យដែលស្ទើរតែធ្វើឡើងភ្លាមៗ។
គោលការណ៍ណែនាំទាំងនោះគឺជាផ្លែផ្កានៃការឈឺចាប់ខ្លាំងអស់រយៈពេលជាច្រើនខែនៅក្នុងសហភាពអឺរ៉ុប ដែលបានតស៊ូស្វែងរកវិធីកណ្តាលមួយដើម្បីរក្សាតុល្យភាពរវាងភាពលើសលុបដ៏សម្បើមរបស់ក្រុមហ៊ុន Huawei នៅក្នុងវិស័យ 5G និងក្តីបារម្ភអំពីសន្តិសុខដែលត្រូវបានដាក់សម្ពាធដោយទីក្រុងវ៉ាស៊ីនតោន។
ក្នុងសុន្ទករថារបស់លោក Liu លោកបានទទួលស្គាល់ថា ពិភពលោកដែលមានបច្ចេកវិទ្យា «កាន់តែមានការពាក់ព័ន្ធជាមួយនឹងបញ្ហាភូមិសាស្ត្រនយោបាយ ការចរចាពាណិជ្ជកម្ម និងការពិភាក្សាការទូតរវាងប្រទេស និងប្រទេស»។
លោកថា៖ «ការសង្ស័យដោយសារហេតុផលនយោបាយ មិនដោះស្រាយបញ្ហាប្រឈមនៅខាងមុខឡើយ»។
លោកក៏បានជំរុញឲ្យអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេស ចិន «ចូលរួមបន្ថែមទៀតក្នុងការពិភាក្សានយោបាយ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការ និងវិធានរួមនានា»។
នៅសហភាពអឺរ៉ុប ការហាមឃាត់លើក្រុមហ៊ុន Huawei ឥឡូវនេះជាចុងក្រោយនឹងអាស្រ័យរដ្ឋសមាជិក ប៉ុន្តែអនុសាសន៍ផ្លូវកណ្តាលរបស់គណៈកម្មការអឺរ៉ុបប្រឆាំងការស្នើសុំពីទីក្រុងវ៉ាស៊ីនតោន។
ការសាងសង់រោងចក្រនៅអឺរ៉ុបក៏នឹងជួយបញ្ចុះបញ្ចូលប្រទេសនៅអឺរ៉ុបឲ្យងាកចេញពីវិធានការតឹងរ៉ឹងប្រឆាំង Huawei ផងដែរ ខណៈគ្រប់គ្នាកំពុងសម្លឹងមើលអាល្លឺម៉ង់ដែលបានពន្យារពេលសេចក្តីសម្រេចស្តីពីការហាមឃាត់ដែលអាចកើតមាន៕ KC