ភ្នំពេញ: ក្រុមហ៊ុន Hyundai Engineering បានឈ្នះការដេញថ្លៃលើគម្រោងសាងសង់ផ្សារទំនើបអ៊ីអន ៣ ដែលមានតម្លៃ ២០០ ពាន់លានវ៉ុន (ប្រហែល ១៦៤ លានដុល្លារ) នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នេះបើតាមបណ្តាញផ្សាយព័ត៌មានកូរ៉េ Korean IT Times។
មន្ត្រីក្រុមហ៊ុន Hyundai បានប្រាប់ Korean IT Times កាលពីថ្ងៃ ១៩ មេសា ថា គម្រោងសាងសង់ផ្សារទំនើបនេះមានកម្ពស់ ៥ ជាន់ នៃមជ្ឈមណ្ឌលហាងទំនិញ និងចំណតរថយន្តនៅជាយរាជធានីភ្នំពេញ។
ការសាងសង់នឹងប្រើរយៈពេល ២៧ ខែ ក្រោយពីការចាប់ផ្តើមសាងសង់ផ្សារទំនើបអ៊ីអន៣។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីខែធ្នូ ឆ្នាំ ២០១៩ បានអនុម័តឲ្យក្រុមហ៊ុន AEON Mall (Cambodia) វិនិយោគទឹកប្រាក់ ២៨៩,៦ លានដុល្លារអនុញ្ញាតឲ្យសាងសង់ផ្សារទំនើបអ៊ីអន ៣ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឆ្នាំ ២០១៩ បានឲ្យដឹងថា ផ្សារទំនើបអ៊ីអន ៣ នេះនឹងត្រូវសាងសង់នៅក្នុងគម្រោងទីក្រុងរណប ING City នៅលើផ្ទៃដី ១៧៤ ០០០ ម៉ែត្រការ៉េ ដែលគ្រោងនឹងចាប់ផ្តើមដំណើរការនៅឆ្នាំ ២០២៣។
ផ្សារទំនើបអ៊ីអន ១ មានទុនវិនិយោគប្រហែល ២០៥ លានដុល្លារ ហើយអ៊ីអន២ មានទុនវិនិយោគ ១២០ លានដុល្លារ ដែលបានបើកដំណើរការកាលពីខែមិថុនាឆ្នាំ ២០១៨ ដោយមានផ្ទៃដីសរុបប្រហែល ៦៨ ០០០ ម៉ែត្រការ៉េ នៅខណ្ឌសែនសុខ។
ក្រុមហ៊ុន AEON Mall មានផែនការបន្តពង្រីកអាជីវកម្មផ្សារទំនើបដ៏ធំរបស់ខ្លួននៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍រួមមានប្រទេស វៀតណាម និងឥណ្ឌនេស៊ី នៅពេលអនាគត ខណៈក្រុមហ៊ុន Hyundai Engineering មានផែនការខិតខំប្រឹងប្រែងដើម្បីទទួលបានការងារបន្ថែមតាមរយៈសមត្ថភាព សាងសង់កម្រិតខ្ពស់របស់ខ្លួន។
មន្ត្រីក្រុមហ៊ុននេះឲ្យដឹងថា៖ «តាមរយៈបទបញ្ជានេះ ក្រុមហ៊ុន Hyundai Engineering នឹងអាចលេចធ្លោ មិនត្រឹមតែនៅក្នុងគម្រោងសាងសង់ផ្សារ ដូចជា វិស្វកម្មគីមី និងការផលិតថាមពលនៅអាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការសាងសង់សំណងអគារផ្សារផងដែរ»។
បើទោះបីជាផ្សារទំនើបអ៊ីអន៣ ស្ថិតនៅក្បែរ PH Diamond Place ដែលជាផ្សារទំនើបវិនិយោគដោយក្រុមហ៊ុន Borey Peng Huoth Group Co., Ltd វានឹងមិនប៉ះពាល់ដល់ការផ្គត់ផ្គង់លក់រាយសម្រាប់អតិថិជនជួលលក់ទំនិញនោះទេ។ នេះបើតាមលោកស្រី អាន សុធីតា នាយិកា ក្រុមហ៊ុន CBRE Cambodia។
លោកស្រីថ្លែងថា៖ «ខ្ញុំគិតថា វានឹងមិនប៉ះពាល់តម្រូវការទីផ្សារនោះទេ ព្រោះផ្សារទំនើបអ៊ីអន៣ កំណត់គោលដៅអ្នកមានប្រាក់ចំណូលមធ្យម ហើយផ្សារទំនើប PH Diamond Place បានផ្តោតលើអតិថិជនមានប្រាក់ចំណូលខ្ពស់ ហើយរចនាប័ទ្មសាងសង់ក៏នឹងមិនដូចគ្នាដែរ»។
ត្រឹមចុងឆ្នាំ ២០១៩ កម្ពុជាមានផ្សារទំនើបសរុបចំនួន ២៣ នៅរាជធានីភ្នំពេញដែលមានផ្ទៃដីសរុបប្រហែល ៣៨០ ០០០ ម៉ែត្រការ៉េ។ នេះបើតាមរបាយការណ៍របស់ CBRE៕
វីដេអូ៖