ភ្នំ​ពេញ​: មូលនិធិ​អន្តរជាតិ​សម្រាប់ការ​អភិវឌ្ឍ​កសិកម្ម​ (IFAD) ​របស់​អង្គការ​សហប្រជាជាតិ​គ្រោង​ផ្តល់​កម្ចី ប្រមាណ ៧០ ​​​លាន​ដុល្លារ ​ដល់​កម្ពុជា​សម្រាប់​គម្រោង​វិនិយោគ​លើ​វិស័យ​​កសិកម្ម​​។ នេះ​បើ​តាម​ប្រធាន ​​IFAD​។

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កសិដ្ឋាន​ដាំ​បន្លែ​នៅ​ស្រុក​ស្អាង​ ខេត្ត​កណ្តាល ​កាល​ពី​ថ្ងៃទី ​២៧​ លោក​ Gilbert F. Houngbo ​ប្រធាន ​IFAD ​បាន​ផ្តល់​បទ​សម្ភាស​​ដល់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​ក្រោយ​ពី​ជំនួប​​បិទ​ទ្វារ​ជាមួយ​លោក ហ៊ុន​ សែន​​ នាយក​រដ្ឋមន្ត្រី ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ថា​​ IFAD ​គ្រោង​ផ្តល់​កម្ចី​ប្រមាណ ​៧០​ លាន​ដុល្លារ ​ដល់​កម្ពុជា​សម្រាប់​គម្រោង​ទីផ្សារ​កសិកម្ម​ប្រកប​ដោយ​និរន្តរភាព ​និង​គម្រោង​អាជីវកម្ម ​និង​ពាណិជ្ជកម្ម​កសិកម្ម​។

លោក​ថ្លែង​ថា​៖ ​«​យើង​​បាន​ជជែក​ [ពី​ប្រាក់​កម្ចី] ​ប្រមាណ​ ​៧០ ​លាន​ដុល្លារ​​លើ​គម្រោង​ SAAMBAT ​ដែល​​វិនិយោគ​លើ​វិស័យ​កសិកម្ម​ ប៉ុន្តែ​កម្ចី​នោះ​នឹង​ផ្តល់​ឲ្យ ​[កម្ពុជា] ​បន្ទាប់​ពី​ក្រុម​ប្រឹក្សា​យើង​អនុម័ត​នៅ​ខែ​កញ្ញា ​ឆ្នាំ​នេះ​»។

លោក​ថ្លែង​បន្ត​ថា ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​កម្ពុជា​​ពេល​នេះ​បាន​​មើល​ឃើញ​ពី​ផល​វិជ្ជមាន​ច្រើន​ដែល​បង្ហាញ​ពី​លទ្ធភាព​ទទួល​បាន​កម្ចី​វិនិយោគ​លើ​វិស័យ​កសិកម្ម​ដែល​ផ្តោត​លើ​កសិករ​ខ្នាត​តូច​នៅ​ទី​ជនបទ​របស់​កម្ពុជា​។

លោក​បញ្ជាក់​ថា​៖ «​ប្រទេស ​កម្ពុជា ​មាន​កំណើន​សេដ្ឋកិច្ច​ក្នុង​​រង្វង់ ​៧ ​ភាគរយ ​ជា​ច្រើន​ឆ្នាំ​មក​​ហើយ​​ ខ្ញុំ​មិន​ទាន់​​ឃើញ​មាន​​ប្រទេស​ជា​ច្រើន​លើ​ពិភព​លោក​មាន​កំណើន​ដូច​នេះ​ទេ​»​។

លោក​បន្ថែម​ថា​ គម្រោង​ SAAMBAT បាន​ផ្តោត​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ ​រួម​មាន​ផ្លូវ​ថ្នល់ ​ប្រព័ន្ធ​​ធារាសាស្ត្រ ​និង​ការ​ផ្តល់​បណ្តុះបណ្តាល​ បច្ចេកវិទ្យា​ និង​​ទីផ្សារ​ដល់​កសិករ​ខ្នាត​តូច​នៅ​ជន​បទ​។ លោក​បាន​បន្ត​ថា៖​ «​គម្រោង​​នេះ​សម្រាប់​អភិវឌ្ឍ​នៅ​ជន​​បទ ជា​រួម​សម្របសម្រួល​​ដោយ​ស្ថាប័ន​រដ្ឋ​ដែល​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជនបទ​ ដែល​ភ្ជាប់​ជាមួយ​អ្នក​ផលិត​ទៅ​នឹង​ទីផ្សារ​​​»។

លោក ​ហ៊ាន ​វណ្ណ​ហន​ រដ្ឋ​លេខាធិការ​ក្រសួង​កសិកម្ម​ រុក្ខា​​ប្រមាញ់​ និង​នេសាទ​ ដែល​អម​ដំណើរ​ទស្សនកិច្ច​ប្រធាន ​Ifad នៅ​ស្រុក​ស្អាង​កាល​ពី​ថ្ងៃ​សៅរ៍​​ សង្ឃឹម​ថា​ មូលនិធិ​អន្តរជាតិ​សម្រាប់​ការ​អភិវឌ្ឍ​កសិកម្ម​នឹង​បន្ត​​ជួយ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​​កម្ពុជា​តាមរយៈ​គម្រោង​នានា​​។

លោក​ថ្លែង​ថា​៖​ «​ប្រធាន​Ifad មាន​ការ​ពេញ​ចិត្ត​គម្រោង​របស់​កសិករ​បង្កើត​ជា​ក្រុម​ផលិត​បន្លែ​សុវត្ថិភាព​នៅ​ស្រុក​ស្អាង​ ខេត្ត​កណ្តាល​​។ ​Ifad ជា​មូលនិធិ​​អន្តរជាតិ​ធំ​បំផុត​​ក្នុង​វិស័យ​កសិកម្ម ​យើង​សង្ឃឹម​ថា​ យើង​ទទួល​បាន​គម្រោង​បន្ថែម​ទៀត​ ទោះ​ជា​គម្រោង​នោះ​បាន​ផ្ទាល់​មក​ពី​ស្ថាប័ន​រដ្ឋ​ ឬ​តាម​អង្គការ​សង្គម​ស៊ីវិល​ក៏​ដោយ»។

លោក Kuashik Barua​ អ្នក​គ្រប់គ្រង​កម្មវិធី​ប្រចំា​ប្រទេស​​​នៃ​ Ifad បាន​ឲ្យ​ដឹង​តាម​អ៊ីមែល​ថា​ គម្រោង​​នេះ​នឹង​​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​នៅ​​ជនបទ​ជាង ​២០ ម៉ឺន គ្រួសារ​​ ​នៅ​ក្នុង ​២៤ ​ខេត្ត ​ក្នុង​នោះ​ ​៥០ ​គ្រួសារ​នៅ​ស្រុក​ស្អាង​។​ លោក​បន្តថា​៖ ​«គម្រោង​នេះ​ក៏​ត្រូវ​​បង្កើត​ឡើង​ទៅ​លើ​សេចក្តី​ព្រាង​​ផែនការ​មេ​ក្នុង​វិស័យ​កសិកម្ម​ ក្នុង​គោល​បំណង​កែលម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ​កាន់​តែ​ល្អ​ប្រសើរ​ផង​ដែរ​»។

បើ​តាម​ Houngbo ជំនួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​ផ្តល់​​សារៈសំខាន់​សម្រាប់​ធ្វើ​ឲ្យ​ប្រាកដ​ថា ​គម្រោង​របស់​ Ifad ​បាន​ដើរ​ស្រប​គ្នា​នឹង​ទស្សន​វិស័យ ​និង​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​វិស័យ​កសិកម្ម​​។​

លោក​បញ្ជាក់​ថា​៖​ «​យើង​ចង់​​ឲ្យ​​ប្រាកដ​ថា ​រដ្ឋាភិបាល​ស្ថិត​​នៅ​លើ​ផ្លូវ​ត្រូវ​ពាក់ព័ន្ធ​នឹង​គម្រោង​​​នេះ​ ក៏​ដូច​ជា​បញ្ហា​ប្រឈម​​​ដែល​រដ្ឋាភិបាល​កំពុង​ជួប​​ប្រទះ​ក្នុង​វិស័យ​កសិកម្ម​ ដើម្បី​ផ្តល់​ជា​យុទ្ធសាស្ត្រ​ សម្រាប់​កសិករ​ខ្នាត​តូច​អាច​ក្លាយ​ជា​សហគ្រិន​ខ្នាត​តូច​»​។​

បើ​តាម​ IFAD ​នៅ​កម្ពុជា​ភាព​ក្រីក្រ​បាន​បន្ត​ប៉ះពាល់​ខ្លាំង​ដល់​គ្រួសារ​នៅ​តាម​ជនបទ​ដោយ ២ ​ភាគ​ ៣ នៃ​ប្រជាជន​ ១,​៦​​ លាន​គ្រួសារ​ កំពុង​ប្រឈម​កង្វះ​អាហារ​តាម​រដូវ​កាល​​៕ LA