ក្រុងហ្សឺណែវៈ អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​នៅ​ដើម​សប្តាហ៍​នេះ​ថា អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​ទូទាំង​ពិភពលោក​អាច​នឹង​ធ្លាក់​ចុះ​នៅ​ឆ្នាំ​ ២០១៨ បន្ទាប់ពី​កើនឡើង​បន្តិច​នៅ​ឆ្នាំ​ ២០១៧​។

ទន្ទឹម​នឹង​នោះ​ដែរ​អង្គការ​នេះ​ក៏​បាន​រំឭក​ផង​ដែរ​ថា​កម្មករ​ជាច្រើន​នៅ​តែ​រស់នៅ​ក្នុង​ភាព​ក្រីក្រ​ខ្លាំង​។

អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ដែល​ជា​ទីភ្នាក់ងារ​មួយ​របស់​អង្គការ​សហប្រជាជាតិ​បាន​ព្យាករ​ពី​អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​ទូទាំង​ពិភពលោក​ថា​មាន​អត្រា ៥,៥ ​ភាគរយ​នៅ​ឆ្នាំ​នេះ​ពោល​គឺជា​អត្រា​ដ៏ល្អ​ប្រសើរ​មួយ​ដោយសារ​កំណើន​សេដ្ឋកិច្ច​ទូលំទូលាយ បើ​ធៀប​នឹង​អត្រា​គ្មាន​ការងារ​ធ្វើ ៥,៦ ​ភាគរយ​ដែល​ត្រូវ​បាន​កត់ត្រា​ក្នុង​នៅ​ឆ្នាំ​ ២០១៧ និង​ត្រូវ​គ្នា​នឹង​អត្រា ៥,៥ ​ភាគរយ​នៅ​ឆ្នាំ​ ២០១៦​។

ប៉ុន្តែ​នៅ​ក្នុង​របាយការណ៍​ដែល​មាន​ចំណងជើង​ថា «​ការងារ​ពិភពលោក និង​ចក្ខុវិស័យ​សង្គម​» របស់​ខ្លួន​អង្គការ ILO ក៏​បាន​លើក​ឡើង​ផង​ដែរ​អំពី​សញ្ញា​ធ្ងន់ធ្ងរ​មួយ​ចំនួន​ទាក់ទង​នឹង​ស្ថានភាព​ទីផ្សារ​ពលកម្ម​ពិភពលោក​។

លោក Guy Ryder អគ្គនាយក​អង្គការ ILO បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​៖ «​បើ​ទោះ​ជា​អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​ទូទាំង​សកលលោក​មាន​ស្ថិរភាព​ក៏ដោយ ក៏​ឱនភាព​ការងារ​ក្នុង​កម្រិត​សមរម្យ​មួយ​នៅ​តែ​កើត​មាន​ដែល​នោះ​គឺ​សេដ្ឋកិច្ច​សកល​នៅ​តែ​មិន​ទាន់​អាច​បង្កើត​ការងារ​បាន​គ្រប់គ្រាន់​នៅ​ឡើយ​»​។

បញ្ហា​សំខាន់​មួយ​គឺ​សម្បូរ «​ការងារ​ដែល​ងាយ​រងគ្រោះ​» ដ៏ច្រើន​ពោល​គឺជា​ប្រភេទ​ការងារ​មួយ​ដែល​រួម​បញ្ចូល​ទាំង​ការងារ​ក្រៅ​ប្រព័ន្ធ​ដែល​មាន​ការ​គាំពារ​ដោយ​កិច្ចសន្យា និង​សង្គម​តិចតួច ឬ​គ្មាន​ការ​ការពារ​តែ​ម្តង​។

អង្គការ ILO បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​៖ «​វឌ្ឍនភាព​ដ៏សំខាន់​ដែល​សម្រេច​បាន​នាពេល​កន្លង​មក​ក្នុង​ការ​កាត់​បន្ថយ​ការងារ​ងាយ​រងគ្រោះ បាន​នៅ​ទ្រឹង​ចាប់​តាំង​ពី​ឆ្នាំ​ ២០១២ មក​»​។

របាយការណ៍​ដដែល​នេះ​បាន​បង្ហាញ​ទៀត​ថា​បញ្ហា​នេះ​គឺជា​បញ្ហា​ស្រួចស្រាល់​បំផុត​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​កម្មករ​ចំនួន​ ៣ ​នាក់​ក្នុង​ចំណោម​ ៤ ​នាក់​ធ្វើ​ការងារ «​ដែល​ងាយ​រងគ្រោះ​» នេះ​។

លោក Stephan Kuhn សេដ្ឋវិទូ​ប្រចាំ​អង្គការ ILO និង​ជា​អ្នក​រៀបចំ​របាយការណ៍​នៃ​ការ​សិក្សា​នេះ​បាន​លើក​ឡើង​ថា ៤០ ​ភាគរយ​នៃ​អ្នក​ដែល​មាន​ការងារ​ធ្វើ​ទាំងអស់​ក្នុង​ប្រទេស​កំពុង​កំពុង​អភិវឌ្ឍន៍​នេះ​នៅ​តែ​រស់នៅ​ក្នុង «​ភាព​ក្រីក្រ​ខ្លាំង​»​។

កំណើន​សេដ្ឋកិច្ច​ដែល​គ្មាន​តុល្យភាព និង​ការ​ក្តោប​ក្តាប់​ទ្រព្យ​សម្បត្តិ​ពិភពលោក​ដ៏ច្រើន​សន្ធឹកសន្ធាប់​ក្នុង​ដៃ​របស់​មនុស្ស​មួយ​ក្តាប់​តូច​រំពឹង​ថា​នឹង​ក្លាយ​ជា​ប្រធានបទ​សំខាន់​មួយ​នៅ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​ក្នុង​វេទិកា​សេដ្ឋកិច្ច​សកល​នាទី​ក្រុង​ដាវ៉ូស ប្រទេស​ស្វ៊ីស​ដែល​បាន​ចាប់​ផ្តើម​ដំណើរការ​កាលពី​ថ្ងៃ​អង្គារ សប្តាហ៍​នេះ​។

អង្គការ​សប្បុរសធម៌ Oxfam បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា​ទ្រព្យសម្បត្តិ​ចំនួន​ ៨២ ​ភាគរយ​នៃ​ទ្រព្យសម្បត្តិ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០១៧ ត្រូវ​បាន​គ្រប់គ្រង​ដោយ​មនុស្ស​ចំនួន​ ១ ​ភាគរយ​ដែល​ជា​អ្នក​មាន​ទ្រព្យសម្បត្តិ​ច្រើន​បំផុត​របស់​ពិភពលោក​។

ចំពោះ​លោក Guy Ryder ប្រធាន​អង្គការ ILO វិញ ការ​ពង្រីក​ការ​ចែក​រំលែក​អត្ថប្រយោជន៍​នៃ​កំណើន​សេដ្ឋកិច្ច​នៅ​តែ​កត្តា​ជា​អាទិភាព​ចម្បង​។

លោក​បាន​បន្ត​ថា​៖ «​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត ចាំបាច់​ត្រូវ​ដាក់​ដំណើរការ​ដើម្បី​ធានា​បាន​ថា​កំណើន​សេដ្ឋកិច្ច​ត្រូវ​បាន​ចែករំលែក​ដោយ​ស្មើភាព​»៕ BP