ភ្នំពេញ៖ តំណាង IMF ប្រចាំ​ប្រទេស​កម្ពុជា លោក Yasuhisa Ojima មើល​ឃើញ​ថា ទោះបី​ជា​កម្ពុជា​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ជា​ពិសេស​ព្រឹត្តិការណ៍​ផ្ទុះ​សហគមន៍ ២០ កុម្ភៈ​ក្តី វិស័យ​ហិរញ្ញវត្ថុ​នៅ​តែ​មាន​ស្ថានភាព​រឹងមាំ និង​បន្ត​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឱ្យ​ឆាប់​ងើប​ឡើង​វិញ។

ប៉ុន្តែ​ព្រមាន​ថា ភាព​មិន​ប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​នៅ​តែ​មាន​ជាពិសេស​លើ​វិស័យ​ទេសចរណ៍ និង​អចលនទ្រព្យ និង​សំណង់។

ការ​ថ្លែង​របស់​លោក Yasuhisa Ojima នៅ​ក្នុង​វេទិកា​នៃ​ថ្នាក់​ដឹកនាំ​ធនាគារ (CEO Forum) លើក​ទី១ សម្រាប់​ឆ្នាំ ២០២១ ផ្តោត​លើ​ប្រធានបទ​ស្តីពី​ការ​ប្រមើលមើល​ពី​ការ​ងើប​ឡើង​វិញ នៃ​សេដ្ឋកិច្ច​ពី​ជំងឺ​កូវីដ ១៩ នៅ​កម្ពុជា និង​នៅ​តំបន់​អាស៊ាន។

វេទិកា​នេះ ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ រៀបចំ​ដោយ​សមាគម​ធនាគារ​នៅ​កម្ពុជា និង​មាន​ការ​សហការ​ជាមួយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ដែល​កម្មវិធី​នេះ​ ប្រព្រឹត្ត​ទៅ​តាម​ប្រព័ន្ធ​អនឡាញ (Zoom) និង​មាន​អ្នក​ចូលរួម​ប្រមាណ ៧០ នាក់ មក​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ និង​អ្នក​នៅ​ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ។

លោក Yasuhisa Ojima បាន​ថ្លែង​ថា IMF រំពឹង​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ឡើង ៤,២ ភាគរយ នៅ​ឆ្នាំ​នេះ និង ៦ ភាគរយ នៅ​ឆ្នាំ ២០២២ បន្ទាប់​ពី​ការ​ធ្លាក់​ចុះ ៣,៥ ភាគរយ នៅ​ឆ្នាំ ២០២០។ ការ​ព្យាករណ៍​អំពី​កំណើន​នឹង​ត្រូវ​បាន​ពិនិត្យ​ឡើង​វិញ ដោយ​ឆ្លុះ​បញ្ចាំង​ពី​ការ​កើន​ឡើង​នៃ​ការ​ឆ្លង​វីរុស​កូវីដ ១៩ នាពេល​ថ្មីៗ​នេះ ជា​ពិសេស​បន្ទាប់​ពី​មាន​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ។

លោក Ojima បាន​បន្ថែម​ទៀត​ថា៖ «វិស័យ​ហិរញ្ញវត្ថុ​មើល​ទៅ​មាន​ស្ថិរភាព​ដោយសារ​តែ​វិធានការណ៍​គោល​នយោបាយ​ជាមួយ​នឹង​ការ​បន្ធូរបន្ថយ​លក្ខខណ្ឌ​ហិរញ្ញវត្ថុ រួមមាន (LPCO, ទុន​បម្រុង​កាតព្វកិច្ច​ទាប) និង​អនុញ្ញាត​ឱ្យ​មាន​ការ​រៀបចំ​ឥណទាន​ឡើង​វិញ រហូត​ដល់​ដំណាច់​ឆ្នាំ ២០២១»។

ប៉ុន្តែ លោក​បាន​សង្កត់​ធ្ងន់​ថា ភាព​មិន​ច្បាស់​លាស់​នៅ​តែ​មាន​ចំពោះ​សេដ្ឋកិច្ច​ជាពិសេស​ឥណទាន​ទៅ​លើ​វិស័យ​អចលនទ្រព្យ និង​សំណង់ ដែល​ឥណទាន​ខ្លះ​មិន​ស្ថិត​នៅ​ក្នុង​ប្រព័ន្ធ​ធនាគារ និង​ភាព​មិន​ច្បាស់លាស់​នៃ​វិស័យ​ទេសចរណ៍។ ដរាបណា​ភាព​មិន​ប្រាកដប្រជា​នៅ​តែ​មាន គោល​នយោបាយ​កម្រិត​នៃ​ការ​រឹត​ត្បិត​នៃ​ការ​បែង​ចែក​ចាយ​ដើម​ទុន​នឹង​ត្រូវ​បាន​ធានា​ដោយ​ហេតុផល​ប្រុងប្រយ័ត្ន​បំផុត។

លោក អ៊ិនចាន់នី ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា ពេលវេលា​នៃ​ការ​ពិភាក្សា​នេះ គឺ​ចំពេល​បំផុត​នៃ​វិបត្តិ​សេដ្ឋកិច្ច ខណៈ​ពេល​ដែល​ធនាគារ​ជាតិ​នៃ​កម្ពុជា​ទើប​តែ​បាន​ពន្យារ​លើ​យន្តការ​នៃ​ការ​ធ្វើ​ឥណទាន​រៀបចំ​ឡើង​វិញ​របស់​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​រហូត​ដល់​ចុង​ឆ្នាំ ២០២១ នេះ​ ដូច្នេះ​ហើយ ស្ថាប័ន​ហិរញ្ញវត្ថុ​ទាំង​អស់​នៅ​តែ​ចាំបាច់​នូវ​ការ​យល់​ថា តើ​សេដ្ឋកិច្ច​កម្ពុជា​នឹង​វិវត្ត​យ៉ាង​ដូច​ម្តេច​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ។

លោក​បាន​បន្ថែម​ថា៖“ ដោយសារ​តែ​អតិថិជន​នៃ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ជា​ច្រើន​ជួប​ប្រទះ​ការ​លំបាក​ក្នុង​ការ​ទូទាត់​សង​ប្រាក់​កម្ចី​ហើយ​ប្រហែល ១២ ភាគរយ នៃ​ឥណទាន​ទាំង​អស់​ត្រូវ​បាន​ស្នើសុំ​រៀបចំ​ឡើង​វិញ ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច គឺ​មាន​សារៈសំខាន់​បំផុត​សម្រាប់​អតិថិជន​ដែល​ទទួល​កម្ចី​ពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ក៏​ដូចជា​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ដូច​គ្នា»។

លោក​បាន​បន្ថែម​ថា៖« ការ​យល់ដឹង​ និង​ការ​ព្យាករណ៍​របស់ IMF ពិត​ជា​នឹង​ជួយ​ស្ថាប័ន​របស់​យើង​ក្នុង​ការ​រៀបចំ​ និង​ធានា​ឱ្យ​មាន​ស្ថិរភាព​ និង​វិបុលភាព​រយៈពេល​វែង​នៃ​វិស័យ​របស់​យើង»។

កាល​ពី​ថ្ងៃទី ២៥ ខែ​ឧសភា ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) បាន​បន្ត​ដាក់​ចេញ​នូវ​វិធាន​ការ​អនុគ្រោះ​ដំណាក់កាល​ទី៣ ក្នុង​ការ​ជួយ​សម្រួល​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដើម្បី​ជា​ការ​បើក​លទ្ធភាព​បន្ថែម​ដល់​ស្ថាប័ន​ទាំង​អស់​ឱ្យ​បញ្ចេញ​ប្រាក់​កម្ចី​ចូល​ក្នុង​ចរន្ត​សេដ្ឋកិច្ច។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា៖ ធនាគារជាតិ​នៃ​កម្ពុជា​សម្រេច​បន្ត​វិធានការ​អនុគ្រោះ​ដំណាក់កាល​ទី៣ ដូចជា​រក្សា​ការ​អនុវត្ត​ប្រាក់​បម្រុង​កាតព្វកិច្ច​តាម​អត្រា ៧% ដដែល​រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ជា​ថ្មី, អនុញ្ញាត​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​បន្ត​ធ្វើ​ឥណទាន​រៀបចំ​ឡើង​វិញ​រហូត​ដល់​ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១។

NBC បញ្ជាក់​ថា៖ «ចំពោះ​អតិថិជន​ដែល​រស់នៅ​ទីតាំង​តំបន់​បិទខ្ទប់​តាម​ការ​កំណត់​របស់​រដ្ឋាភិបាល ឬអាជ្ញាធរ​ពាក់ព័ន្ធ គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ អាច​ធ្វើ​ឥណទាន​រៀបចំ​ឡើង​វិញ​លើស​ពី ៣ ដង ក្នុង​អំឡុង​ពេល​អនុគ្រោះ​នេះ និង​បន្ត​លើក​ទឹក​ចិត្ត​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ពិនិត្យ​លទ្ធភាព​អនុគ្រោះ បន្ធូរបន្ថយ ឬ​លើកលែង​ការ​យក​សោហ៊ុយ ឬ​ការ​ពិន័យ​ផ្សេងៗ​តាម​ស្ថានភាព​ជាក់​ស្តែង​របស់​អតិថិជន»៕