ភ្នំពេញៈ ចំណូលបានពីពន្ធអចលនទ្រព្យរបស់ប្រទេសកម្ពុជាមានអត្រាត្រឹម ០,១ ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលជាចំនួនទាបបំផុតបើធៀបនឹងបណ្ដាប្រទេសនៅក្នុងតំបន់នេះ។ នេះបើយោងតាមឯកសារសិក្សាស្រាវជ្រាវរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។
ឯកសារសិក្សាស្រាវជ្រាវរបស់ IMF ២៦ ទំព័រ ដែលពណ៌នាការស្រាវជ្រាវនៅក្នុងការរីកចម្រើនរបស់កម្ពុជាទទួលបានការផ្តល់អនុសាសន៍ និងការពិភាក្សាជាមួយបុគ្គលិកធនាគារជាតិនៃកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិទ្យាស្ថានជាតិស្ថិតិកម្ពុជា។
ឯកសារដែលត្រូវបានចេញផ្សាយនៅខែកញ្ញានេះបង្ហាញថា ប្រាក់ចំណូលពន្ធនៅកម្ពុជាពឹងផ្អែកបនិ្ដចបន្តួចលើប្រភពប្រាក់ចំណូលដូចជាពន្ធប្រាក់ចំណូលបុគ្គល (PIT) ពន្ធទៅលើកំណើនប្រាក់ចំណូល និងមូលធន ឬពន្ធលើអចលនទ្រព្យ។ ឯកសារនេះឲ្យដឹងថា៖ «ទោះបីនេះគឺជាទម្រង់រីកចម្រើននៃការយកពន្ធលើអចលនទ្រព្យដែលត្រូវបានយកពន្ធភាគច្រើនលើគ្រួសារអ្នកមានទ្រព្យច្រើននៅតំបន់ទីក្រុងក៏ដោយ»។
លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអ៊ែតវ៉ានស៍ រៀលអ៊ីស្ទេត បានយល់ស្របចំពោះរបាយការណ៍នេះថា ចំណូលពន្ធពីវិស័យអចលនទ្រព្យពិតជាមានកម្រិតទាបជាងគេក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់។ លោកបន្ថែមថា ការកំណត់តម្លៃដីមិនស្របទៅតាមទីផ្សារជាក់ស្តែងអាចជាកត្តាមួយនាំឲ្យការយកពន្ធក្នុងវិស័យនេះ មានអត្រាទាប។
លោកថ្លែងថា៖ «តាមគោលការណ៍ពន្ធលើអចលនទ្រព្យ រដ្ឋមិនយកពន្ធលើដីស្រែទេ ប៉ុន្តែពេលនេះដីទាំងនោះភាគច្រើនក្លាយជាដីពាណិជ្ជកម្មដែលពេលនេះមិនទាន់ធ្វើបច្ចុប្បន្នភាព [ដូច្នេះ] រដ្ឋត្រូវធ្វើបច្ចុប្បន្នភាពតម្លៃឲ្យស្របទៅតាមទីផ្សារ»។
ការកៀរគរប្រាក់ចំណូលរបស់ប្រទេសកម្ពុជាបានកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ កាលពីឆ្នាំ ២០១៧ ប្រាក់ចំណូលពន្ធមានចំនួនតិចជាង ១០ ភាគរយនៃ GDP ខណៈកាលពីឆ្នាំ ២០១៧ បានកើនឡើងដល់ប្រហែល ១៧ ភាគរយដែលស្ថិតក្នុងកម្រិតខ្ពស់បំផុតនៅក្នុងអាស៊ាន។
ក្នុងចំណោមប្រាក់ចំណូលពន្ធសរុបដែលមានចំនួន ១៦,៩ ភាគរយ នៃ GDP គឺ ៦១ ភាគរយ នៃប្រាក់ចំណូលពន្ធបានមកពីអាករលើតម្លៃបន្ថែម (VAT)។ នេះជាចំណែកខ្ពស់បើប្រៀបធៀបនឹងប្រទេសជាដៃគូក្នុងតំបន់ដូចជាឡាវ និងហ្វីលីពីន។ នេះបើយោងតាមឯកសារ។ ប្រាក់ចំណូលបានពីពន្ធលើប្រាក់ចំណូលបុគ្គល និងប្រាក់ចំណូលមូលធន និងកំណើនមូលធនមាន ៤,២ ភាគរយប៉ុណ្ណោះនៃ GDP ដែលជាកម្រិតទាបបំផុតក្នុងចំណោមប្រទេសជាដៃគូ។
ទោះបីយ៉ាងនេះក្តី រដ្ឋាភិបាលបានធ្វើការកែប្រែតម្លៃដីសម្រាប់មូលដ្ឋានគិតពន្ធប្រថាប់ត្រាដែលបានអនុវត្តចាប់តាំងពីថ្ងៃទី ១ កក្កដា ឆ្នាំនេះ។ ក្នុងនោះអត្រាពន្ធនៅតំបន់សំខាន់ៗក្នុងខណ្ឌទាំង ៤ នៅកណ្តាលរាជធានីភ្នំពេញបានកើនឡើងជាង ៣០ ភាគរយ ក្នុង ១ ម៉ែត្រការ៉េ បើធៀបនឹងតម្លៃដែលកំពុងអនុវត្តពេលបច្ចុប្បន្ន។
លោក កែន សម្បត្តិ អគ្គនាយករងអគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងនៅក្នុងសិក្ខាសាលាមួយកាលពីខែមេសាថា រដ្ឋាភិបាលកាលពីឆ្នាំ ២០១៨ ទទួលបានប្រាក់ចំណូលពន្ធចុះបញ្ជី ៩៧ លានដុល្លារ ពីការផ្ទេរសិទ្ធិកាន់កាប់ និងសិទ្ធិអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ។ លោក កែន សម្បត្តិ ឲ្យដឹងថានៅក្នុងរយៈពេល ៣ ខែដំបូងឆ្នាំនេះ ការប្រមូលប្រាក់ចំណូលពន្ធនេះមានចំនួន ២៤ លានដុល្លារ។
មិនអាចទាក់ទងលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានទេកាលពីថ្ងៃម្សិលមិញ។
ក្នុងរយៈពេល ៧ ខែនៃឆ្នាំ ២០១៩ នេះការប្រមូលពន្ធដារសម្រេចបានជាង ១,៧ ពាន់លានដុល្លារ កើនជាង ២៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៨។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ៕ LA