ក្រុង​វ៉ាស៊ីនតោនៈ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​​​រំឭក​កាល​ពី​ថ្ងៃ​ពុធ​ថា ក្រុមហ៊ុន​នាំចូល និង​អ្នក​ប្រើប្រាស់​អាមេរិក កំពុង​ទទួល​រងការ​ចំណាយ​ដែល​កើត​ចេញ​ពី​ពន្ធ​គយ​របស់​រដ្ឋាភិបាល​អាមេរិក​​បាន​​ដក​ហូត​លើ​ទំនិញ​របស់​ចិន និង​ថា ពន្ធ​គយ​ទាំង​នេះ​នឹង​មិន​ដោះស្រាយ​អតុល្យភាព​​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ​២ ឡើយ។

នៅ​ក្នុង​សារ​មួយ​ដែល​មាន​ចំណង​ជើង​ថា «ការ​គ្រប់គ្រង​ការ​ឡើង​ថ្លៃ​រូបិយប័ណ្ណ (Taming the Currency Hype)» សហ​អ្នក​និពន្ធ​លោក Gustavo Adler លោក Luis Cubeddu និង​អ្នកស្រី Gita Gopinath បាន​លើក​ឡើង​ថា ការ​ដក​ហូត​ពន្ធ​គឺ​ជា​គោល​នយោបាយ​ប្រឆាំង​ផលិតភាព​មួយ ដើម្បី​ដោះស្រាយ​ការ​ឡើង​ថ្លៃ​ខ្លាំង​រូបិយប័ណ្ណ ពី​ព្រោះ «ពន្ធគយ និង​អត្រា​ប្តូរ​ប្រាក់​ធ្វើ​ការងារ​ផ្សេង​ពី​គ្នា»។

លោក Gustavo Adler បច្ចុប្បន្ន​ជា​អនុប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​របស់ IMF លោក Luis Cubeddu គឺ​ជា​ប្រធាន​ផ្នែក​សេដ្ឋកិច្ច​បើក​ចំហ​ក្នុង​​នាយកដ្ឋាន​នេះ ហើយ​​​​អ្នកស្រី Gita Gopinath ជា​ប្រធាន​សេដ្ឋវិទូ​របស់ ​IMF។

អ្នក​ទាំង ​៣ បាន​ឲ្យ​ដឹង​ថា៖ «ពន្ធគយ​ ១០ ភាគរយ មិន​អាច​ជួយ​ប៉ះប៉ូវ​អត្រា​ប្តូរ​ប្រាក់​ដែល​ឡើង​ថ្លៃ​ខ្លាំង​ជាង ១០ ភាគរយ​នោះ​ទេ»។

ពួក​គេ​​បន្ត​​ថា ពន្ធ​អាមេរិកជា​មធ្យម​លើ​ទំនិញ​​​​នាំចូល​ពី​ចិន​បាន​កើន​​​​ប្រហែល ១០ ភាគរយ​ ​គិត​ចាប់​​​ពី​ដើម​ឆ្នាំ ២០១៨ ហើយ​វា​នឹង​កើន​ឡើង​​ ៥ ពិន្ទុ​ភាគរយ​​ទៀត ​បើ​ផែនការ​ដែល​ត្រូវ​បាន​ប្រកាស​ថ្មីៗ​នេះ​ដើម្បី​ដក​​ហូត​ពន្ធ​បន្ថែម ត្រូវ​បាន​អនុវត្ត​នោះ៕ People''s Daily/KC