ក្រុង​ប៉ារីសៈ ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា ភាព​តានតឹង​ពាណិជ្ជកម្ម​ថ្មីៗ​នេះ​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស ​ចិន គឺ​ជា​ការ​គំរាម​​កំហែង​ដ៏​ធំ​ចំពោះ​សេដ្ឋកិច្ច​ពិភព​លោក។

លោក​ស្រី Christine Lagarde បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​សន្និសីទ​មួយ​ក្នុង​ទីក្រុង​ប៉ារីស​ថា៖ «ច្បាស់​ណាស់ ភាព​តានតឹង​រវាង​អាមេរិក និង​ចិន ​គឺ​ជា​ការ​គំរាម​កំហែង​សម្រាប់​សេដ្ឋកិច្ច​ពិភព​លោក»។ លោក​ស្រី​បន្ថែម​ថា «ពាក្យ​ចចាម​អារ៉ាម និង​ការ​សរសេរ​លើ​បណ្តាញ​​​សង្គម Twitter» ថ្មីៗ​នេះ បាន​ធ្វើ​ឲ្យ​កិច្ច​ព្រមព្រៀង​មួយ​រវាង​ប្រទេស​ទាំង​ ២ កាន់​តែ​ពិបាក​នឹង​សម្រេច​បាន។

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ​បាន​ធ្វើ​ឲ្យ​ភាគហ៊ុន​ក្នុង​ពិភព​លោក​​​ធ្លាក់​ថ្លៃ​ខ្លាំង​កាល​ពី​ថ្ងៃ​ចន្ទ​ ដោយសារ​ការ​គំរាម​នៅ​លើ​បណ្តាញ​សង្គម​ Twitter ថា ការ​ដក​​ហូត​ពន្ធ​ដែល​បាន​ធ្វើ​ឡើង​រួច​​ហើយ​​​លើ​ទំនិញ​ចិន​​​តម្លៃ ២០០ ពាន់​លាន​ដុល្លារ ​ដែល​នាំចូល​ទៅ​សហរដ្ឋ​អាមេរិក​នោះ​នឹង​កើន​ឡើង​ជាង​ទ្វេ​ដង​ដល់ ២៥ ភាគរយ​​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ​ពី​អត្រា​ ១០ ភាគរយ​​នៅ​ពេល​បច្ចុប្បន្ន។

ថ្លែង​ក្នុង​ព្រឹត្តិការណ៍​វេទិកា​ក្រុង​ប៉ារីស​នោះ​​ដែរ លោក Bruno Le Maire រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​បារាំង​បាន​ព្រមាន​​ពី​ផល​ប៉ះពាល់​ដែល​កើត​ចេញ​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ពិភព​លោក​ទាំង​ ២ ​នេះ។

លោក​ថ្លែង​ថា៖ «យើង​កំពុង​តាម​ដាន​​មើល​ការ​ចរចា​បច្ចុប្បន្ន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​រវាង​ប្រទេស ​ចិន និង​សហរដ្ឋ​អាមេរិក ហើយ​យើង​ចង់​ឲ្យ​ពួក​គេ​គោរព​គោលការណ៍​តម្លាភាព និង​ពហុភាគី​និយម»។

លោក​បាន​អំពាវនាវ​ឲ្យ​ភាគី​ទាំង ២ «ចៀសវាង​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​នឹង​គំរាម​ និង​នឹង​ប៉ះពាល់​ដល់​កំណើន​​សេដ្ឋកិច្ច​ពិភព​លោក​ក្នុង​ពេល​ខាង​មុខ»។

លោក​បន្ថែម​ថា៖ «ការ​ដំឡើង​ពន្ធ​គឺ​ជា​តែងតែ​ជា​ផ្លូវ​ទាល់​មួយ និង​ការ​សេចក្តី​សម្រេច​ចិត្ត​អវិជ្ជមាន​​សម្រាប់​ពិភព​លោក​ទាំង​មូល សម្រាប់​សហរដ្ឋ​​​អាមេរិក សម្រាប់​ប្រទេស ​ចិន សម្រាប់​តំបន់​អឺរ៉ូ សម្រាប់​តំបន់​អឺរ៉ុប និង​កំណើន​សេដ្ឋកិច្ច​ពិភព​លោក»។

ចិន​កាល​ពី​ថ្ងៃ​ម្សិលមិញ​​បាន​​ឲ្យ​ដឹង​ថា មេ​ដឹកនាំ​ចរចា​ជាន់​ខ្ពស់​របស់​ខ្លួន​​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​អាមេរិក​​សម្រាប់​​ការ​ចរចា​ជាមួយ​សមភាគី​អាមេរិក​នៅ​សប្តាហ៍​នេះ។

ប្រទេស​ទាំង ២ បាន​ជាប់​គាំង​ក្នុង ការ​ពិភាក្សារ​​​ដោះ​ស្រាយ​​ភាព​តានតឹង​ដែល​បាន​បណ្តាល​​ឲ្យ​ប្រទេស​ទាំង​ ​២​ដក​ហូត​ពន្ធ​លើ​ទំនិញ​របស់​ភាគី​​ទាំង​ ២ ក្នុង​តម្លៃ ៣៦០ ពាន់​លាន​ដុល្លារ៕ AFP/KC