ក្រុងវ៉ាស៊ីនតោនៈ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នឹងដោះស្រាយជាប្រព័ន្ធចំពោះអំពើពុករលួយ និងផលប៉ះពាល់របស់វាលើកំណើនសេដ្ឋកិច្ចជាមួយនឹងប្រទេសជាសមាជិករបស់ខ្លួនទាំងអស់ ស្ថិតក្រោមគោលការណ៍ណែនាំថ្មី ដែលបានដាក់ដំណើរការកាលពីថ្ងៃអាទិត្យ។
គោលនយោបាយថ្មីដែលមានលក្ខណៈកាន់តែរឹតត្បិតនេះក៏មានគោលបំណងដោះស្រាយរបៀបដែលក្រុមប្រទេសអ្នកមានចូលរួមចំណែកចំពោះអំពើពុករលួយក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដោយសារការបរាជ័យក្នុងការទប់ស្កាត់ការសូកប៉ាន់ និងការលាងប្រាក់កខ្វក់ ឬតាមរយៈការអនុញ្ញាតឲ្យមានកម្មសិទ្ធិសាជីវកម្មអនាមិក។
លោកស្រី Christine Lagarde ប្រធានមូលនិធិ IMF បានឲ្យដឹងក្នុងសេចក្តីប្រកាសមួយថា៖ «យើងដឹងថាអំពើពុករលួយធ្វើឲ្យប៉ះពាល់ប្រជាជនក្រីក្រ ប៉ះពាល់កាលានុវត្តភាពសេដ្ឋកិច្ច និងចលនាសង្គមបំផ្លាញទំនុកចិត្តក្នុងគ្រឹះស្ថានមួយចំនួន»។
លោកស្រីបានបន្តថា៖ «បច្ចុប្បន្នយើងបានអនុម័តនូវក្របខ័ណ្ឌការងារមួយសម្រាប់ការចូលរួមដែលត្រូវបានលើកកម្ពស់ស្តីពីអភិបាលកិច្ច និងអំពើពុករលួយដែលមានគោលបំណងសម្រេចបាននូវកិច្ចព្រមព្រៀងដែលមានលក្ខណៈជាប្រព័ន្ធកាន់តែខ្លាំង និងស្មើភាពប្រកបដោយប្រសិទ្ធភាព និងអាចអនុវត្តបានជាមួយប្រទេសជាសមាជិក»។
យោងតាមមូលនិធិ IMF បានឲ្យដឹងថាអំពើពុករលួយ និងអភិបាលកិច្ចមិនល្អ ធ្វើឲ្យប៉ះពាល់កំណើនសេដ្ឋកិច្ច និងជំរុញឲ្យមានវិសមភាព ហើយក្របខណ្ឌគោលនយោបាយថ្មីនេះមានបំណងធានាថាគ្រឹះស្ថាននេះនឹងប្រកាន់យកនូវស្តង់ដារដូចគ្នាចំពោះប្រទេសជាសមាជិកទាំងអស់ ពោលគឺជាអ្វីដែល IMF បានឲ្យដឹងថា ខ្លួនពុំដែលបានអនុវត្តពីមុនមក៕ BP