ភ្នំពេញៈ ធនាគារ J Trust ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឈាន​មុខ​គេ​របស់​ប្រទេស​ជប៉ុន និង​ជា​ភាគទុនិក​ភាគច្រើន​របស់​ធនាគារ ANZ Royal Bank នៅក្នុង​ប្រទេស​កម្ពុជា​នឹង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន (MPWT) ដើម្បី​ជួយ​សម្រួល​ការទូទាត់​តម្លៃ​ប្រតិបត្តិការ​នានា​សម្រាប់​ប្រជាជន​។

ក្រុម​គណៈប្រតិភូ​ដែល​ដឹកនាំ​ដោយ​លោកស្រី Hang Chuon Narita ប្រធាន​ផ្នែក​សាជីវកម្ម​ធនាគារ​នៅ​ធនាគារ J Trust Royal Bank បាន​ជួប និង​បង្ហាញ​ផែនការ​នេះ​ដល់​លោក​ ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កាលពី​ថ្ងៃ​សុក្រ ស្រប​ពេល​ដែល​ធនាគារ​នេះ​ខិតខំ​ប្រឹងប្រែង​ដើម្បី​រួមចំណែក​ជួយ​សម្រួល​ដល់​ការទូទាត់​របស់​ក្រសួង​នេះ​។

លោក ស៊ុន ចាន់ថុល បាន​ស្វាគមន៍​កិច្ចសហប្រតិបត្តិការ​នេះ ខណៈ​បច្ចុប្បន្ន​ក្រសួង​កំពុង​សហប្រតិបត្តិការ​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ចំនួន​ក្នុង​ការផ្ដល់​តម្លៃ​សេវាសាធារណៈ​ដែល​កំពុង​ពេញនិយម​នេះ​។

លោក​ថ្លែងថា​៖ «​យើង​បើកចំហ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ណាមួយ​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​ការផ្ដល់​ជម្រើស​សេវា​កាន់តែ​ប្រសើរ ដល់​ប្រជាជន​សម្រាប់​ការទូទាត់​តម្លៃ​សេវាសាធារណៈ ខណៈ​វា​អាច​សន្សំ​ពេលវេលា និង​កាត់បន្ថយ​ការចំណាយ​មិនចាំបាច់​សម្រាប់​ប្រជាជន​»​។

លោក​បាន​ជំរុញ​ឲ្យ​ធនាគារ​សហការ​ជាមួយ​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទូរគមនាគមន៍ (ICT) និង​នាយកដ្ឋាន​ទំនាក់ទំនង​សាធារណៈ ដើម្បី​បង្កើនល្បឿន​បន្ថែម​ទៀត​ដល់​ការងារ​នេះ ជុំវិញ​កិច្ចសហប្រតិបត្តិការ និង​ការតភ្ជាប់​បណ្ដាញ​រវាង​ធនាគារ និង​ក្រសួង​៕LA