ភ្នំពេញៈ ក្រុមហ៊ុន Join.In Hospitality Management (JHM) មាន​មូលដ្ឋាន​នៅ​ទីក្រុង​ស៊ាងហៃ​បាន​បង្ហាញ​ពី​ផែនការ​បើក​សណ្ឋាគារ Tonino Lamborghini Hotels & Resorts នៅក្នុង​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា​ដែល​វា​នឹង​ក្លាយ​ជា​សណ្ឋាគារ​លើក​ដំបូង​របស់​ក្រុមហ៊ុន​នេះ​នៅ​ក្រៅ​ប្រទេស​ចិន​ដីគោក​។

យោង​តាម PR Newswire ជា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​មួយ​បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន JHM បាន​ប្រកាស​កាលពី​ដើម​សប្ដាហ៍​នេះ​ថា ខ្លួន​បាន​ចូល​ក្នុង​កិច្ចព្រមព្រៀង​មួយ​ជាមួយ Shimao International Development ជា​ក្រុមហ៊ុន​វិនិយោគ​អចលនទ្រព្យ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​សម្រាប់​ការអភិវឌ្ឍ​សណ្ឋាគារ និង​រមណីយដ្ឋាន​នៅក្នុង​ក្រុង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​។

លោក Roberto Simone ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន JHM បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​ថា ការ​អភិវឌ្ឍ​អចលនទ្រព្យ​នៅ​កម្ពុជា​គឺជា​បញ្ហា​សំខាន់​ផ្សេង​ទៀត​បន្ថែម​លើ​ការអភិវឌ្ឍ​ប្រកប​ដោយ​ជោគជ័យ​របស់ Tonino Lamborghini Hotels & Resorts នៅក្នុង​ប្រទេស​ចិន​។

លោក​បាន​ថ្លែង​ថា​៖ «​ការអភិវឌ្ឍ​អចលនទ្រព្យ​ ២ ​នៅក្នុង​ទីក្រុង​ប្រវត្តិសាស្ដ្រ សៀមរាប ប្រទេស​កម្ពុជា គឺជា​ជំហាន​ដំបូង​ក្នុង​ការ​ពង្រីក​របស់​យើង​នៅ​ក្រៅ និង​ហួស​ពី​ព្រំដែន​របស់​ប្រទេស​ចិន​»​។

មិន​មាន​ព័ត៌មាន​លម្អិត ទាក់ទង​នឹង​ទុនវិនិយោគ និង​ពេលវេលា​ជាក់លាក់​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​នេះ​ថា​នឹង​ត្រូវ​សាងសង់​នៅ​កម្ពុជា​នោះ​ទេ​។

ការចាប់​អារម្មណ៍​របស់​វិនិយោគិន​ចិន​មក​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​មាន​ការ​កើនឡើង​ជា​បន្តបន្ទាប់​ចាប់​តាំងពី​ភ្ញៀវទេសចរ​ចិន​បាន​ចូល​មក​កម្ពុជា​កាន់តែ​ច្រើន​ឡើងៗ ជាពិសេស​នៅ​ខេត្ត​ឆ្នេរ​ដ៏ល្បីល្បាញ​របស់​កម្ពុជា​ដែល​ពេល​នេះ​ពោរពេញ​ដោយ​ជនជាតិ​ចិន​។

ភ្ញៀវទេសចរ​ចិន​មក​ទស្សនា​កម្ពុជា​មាន​ចំនួន ១,២ ​លាន​នាក់​កាលពី​ឆ្នាំ​មុន ដែល​ស្មើនឹង​ជាង ២១ ភាគរយ​នៃ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​សរុប ៥,៦ ​លាន​នាក់​។ ចំនួន​នេះ​ធ្វើឲ្យ​ភ្ញៀវទេសចរ​ចិន​ដែល​មក​ទស្សនា​កម្ពុជា​បាន​កើនឡើង​ ៤៦ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៦​។

លោក ហូ វណ្ឌី អគ្គលេខាធិការ​សម្ព័ន្ធ​ទេសចរណ៍​ជាតិ​កម្ពុជា​បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា ប្រតិបត្តិការ​ចង្វាក់​សណ្ឋាគារ​ប្រណីត ដូចជា Tonino Lamborghini Hotels & Resorts នឹង​រួមចំណែក​កែលម្អ​មុខមាត់​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ ហើយ​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​មក​កម្ពុជា​។

លោក​បាន​បន្ថែម​ថា​ក្រុមហ៊ុន​នេះ​នឹង​ប្រើប្រាស់​បណ្ដាញ​ដ៏រឹងមាំ​របស់​ខ្លួន​ក្នុង​ការ​បញ្ជូន​ភ្ញៀវ​របស់​ពួកគេ​ចូល​មក ឬ​ ធ្វើការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​ពួកគេ​ដល់​ភ្ញៀវទេសចរ​មាន​សក្ដានុពល​ឲ្យ​មក​សណ្ឋាគារ​របស់​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​ថ្លែង​ថា​៖ «​វា​នឹង​ជួយ​លើក​កម្ពស់​សក្ដានុពល​របស់​យើង និង​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​កាន់តែ​ច្រើន​»៕LA