ភ្នំពេញៈ ទីភ្នាក់ងារ​អភិវឌ្ឍន៍​ជប៉ុន (JICA) កាលពី​ថ្ងៃ​ចន្ទ​បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ក្នុង​ការ​ផ្ដល់​ជំនួយ​ពង្រឹង​សមត្ថភាព​រដ្ឋបាល​ដល់​មន្ដ្រី​ក្រសួង​ក្នុង​គម្រោង​អភិវឌ្ឍន៍​ការផ្គត់ផ្គត់​ទឹក​នៅ​កម្ពុជា​។

កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ម្សិលមិញ​រវាង​លោក ឯក សុនចាន់ រដ្ឋលេខាធិការ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​លោក Yuichi Sugano តំណាង​ប្រធាន​របស់ JICA Cambodia​។

លោក ប្រាក់ ប្រាកដ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ស្អាត​នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម (GDPWS) ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា កិច្ចសហប្រតិបត្តិការ​ផ្នែក​បច្ចេកទេស​រវាង JICA និង​ក្រសួង​នឹង​ពង្រឹង​សមត្ថភាព​ដល់​មន្ដ្រី​នៅក្នុង​នាយកដ្ឋាន​របស់​លោក ដើម្បី​អភិវឌ្ឍ​ច្បាប់​ផ្គត់ផ្គង់​ទឹក និង​បទប្បញ្ញត្តិ​ជាប់​ទាក់ទង​ការលើក​កម្ពស់​សមត្ថភាព​របស់​មន្ដ្រី និង​បង្កើត​ប្រព័ន្ធ​ការអភិវឌ្ឍ​ធនធាន​មនុស្ស​នៅ GDPWS​។

លោក​ថ្លែង​ថា​៖ «​ក្រុម​អ្នក​ជំនាញ​ជប៉ុន​នឹង​ជួយ​ក្នុង​ការ​កែលម្អ​សមត្ថភាព​មន្ដ្រី​របស់​យើង​ខាង​ជំនាញ​បច្ចេកទេស​ជាច្រើន​ដែល​ធ្វើ​ការងារ​សម្រាប់​ការអភិវឌ្ឍ​ទឹក​ស្អាត​ដូចជា​ជំនាញ​រដ្ឋបាល គណនេយ្យ​ការ​គ្រប់គ្រង​ប្រព័ន្ធ​វិក្កយបត្រ និង​ជំនាញ​បច្ចេកទេស​ជាច្រើន​ផ្សេង​ទៀត​»​។

លោក​បាន​បន្ថែម​ទៀត​ថា​គម្រោង​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​ចាប់ផ្ដើម​ជា​ផ្លូវការ​ចាប់ពី​ពាក់កណ្ដាល​ឆ្នាំ​នេះ​ហើយ​នឹង​បន្ត​សម្រាប់​រយៈពេល​ ៤ ​ឆ្នាំ​ខាង​មុខ​ទៀត​។

កាលពី​ថ្ងៃ​សៅរ៍​ទី​ ៨ ខែ​មេសា​ក្រសួង​ឧស្សាហកម្ម​បាន​ចាប់ផ្ដើម​សាងសង់​រោងចក្រ​ទឹកស្អាត​នៅ​ក្នុង​ខេត្ត​កំពត​ដោយ​មាន​សមត្ថភាព​ផលិត​ទឹកស្អាត​បាន ២ ០០០ ម៉ែត្រគុប​ក្នុង​មួយ​ថ្ងៃ ដើម្បី​ផ្ដល់​ទឹកស្អាត​ដល់​គ្រួសារ​ប្រហែល ១០ ០០០ ដែល​រស់នៅ​ក្នុង​ឃុំ​ចំនួន ៥ នៅ​ខេត្ត​កំពត និង​ឃុំ​មួយ​នៅក្នុង​ខេត្ត​តាកែវ​។

វា​ជា​គម្រោង​ដែល​ត្រូវ​បាន​វិនិយោគ​ដោយ​សហគ្រាស​រដ្ឋ រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​ជាមួយ​ទុនវិនិយោគ ២ ​លាន​ដុល្លារ ហើយ​រំពឹង​ថា​នឹង​បញ្ចប់​ដើម្បី​ដាក់​ឲ្យ​ប្រតិបត្តិការ​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​៕ LA