
លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេស។ AFP
ក្រុងប៊ីអារីត្សៈ លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេសបានថ្លែងកាលពីថ្ងៃចន្ទថាលោក «មានសុទិដ្ឋិនិយមតិចតួចថែមទៀត» អំពីឱកាសសម្រេចបានកិច្ចព្រមព្រៀងមួយសម្រាប់ការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប (Brexit) បន្ទាប់ពីបានពិភាក្សា នៅឯកិច្ចប្រជុំ G7 ចុងសប្តាហ៍មុន។
ទោះបីជាយ៉ាងណាលោកបានទទួលស្គាល់ថា វានឹងមានការលំបាក។
បន្ទាប់ពីពិភាក្សាយ៉ាងតានតឹងអំពី Brexit នៅឯកិច្ចប្រជុំកំពុល G7 ជាមួយមេដឹកនាំផ្សេងទៀតលោក Johnson ថ្លែងថា៖ «ខ្ញុំមានសុទិដិ្ឋនិយមតិចតួចថែមទៀត»។
ប៉ុន្តែលោកបានបន្ថែមថា «វានឹងលំបាក។ មានការខ្វែងគំនិតគ្នាខ្លាំង» រវាងចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប។
លោក Johnson បានទទូចថាវាអាស្រ័យលើសហភាពអឺរ៉ុប ដើម្បីលើកកម្ពស់ឱកាសនៃការសម្រេចបានកិច្ចព្រមព្រៀងមួយ ប៉ុន្តែចាំបាច់ត្រូវមានការចរចាកិច្ចព្រមព្រៀងជាថ្មីមួយស្តីពីការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបដោយគ្មានបញ្ចូលបទប្បញ្ញត្តិ Back-stop សម្រាប់កោះអៀរឡង់។
បទប្បញ្ញត្តិ Backstop ដែលត្រូវបានជំទាស់យ៉ាងខ្លាំងដោយរដ្ឋាភិបាលរបស់លោក Johnson និងអ្នកគាំទ្រ Bre-xit មានន័យថា ច្បាប់នេះនឹងធានាថា ការត្រួតពិនិត្យការធ្វើដំណើរតាមច្រកព្រំដែនរវាងប្រទេសអៀរឡង់ដែលជាសមាជិករបស់សហភាពអឺរ៉ុប និងអៀរឡង់ខាងជើងដែលជាផ្នែកមួយរបស់ចក្រភពអង់គ្លេសនឹងកើតមានឡើងវិញ។
សហភាពអឺរ៉ុបរហូតមកដល់ពេលនេះបានច្រានចោលការចរចាកិច្ចព្រមព្រៀងថ្មីមួយ ខណៈដែលកិច្ចព្រមព្រៀងបច្ចុប្បន្នដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលរបស់អ្នកស្រី Theresa May អតីតនាយករដ្ឋមន្ត្រីអង់គ្លេសត្រូវបានច្រានចោលជាច្រើនដងដោយសភាអង់គ្លេស។
លោក Johnson បានមានប្រសាសន៍ថា៖ «ការប៉ាន់ប្រមាណស្ថិតិទាំងអស់ដែលខ្ញុំផ្តល់ជូនសម្រាប់កិច្ចព្រមព្រៀងមួយ ការប៉ាន់ប្រមាណទាំងនោះគឺអាស្រ័យទាំងស្រុងលើឆន្ទៈរបស់មិត្តយើង និងដៃគូរបស់យើង (នៅក្នុងសហភាពអឺរ៉ុប) ដើម្បីសម្របសម្រួលលើចំណុចសំខាន់នោះ និងបោះបង់ចោលបទប្បញ្ញត្តិ Backstop និងកិច្ចព្រមព្រៀងចាកចេញបច្ចុប្បន្ន»។
ដោយឆ្លើយតបទៅនឹងក្តីបារម្ភនានាដែលថាលោកបានត្រៀមខ្លួនមិនអើពើនឹងសភា ដើម្បីឲ្យចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបនៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៩ នេះលោក Johnson បានថ្លែងថាប្រជាជនហត់នឿយណាស់ទៅនឹងការអានព័ត៌មានអំពី Brexit នៅលើទំព័រមុខរបស់កាសែតពួកគេ៕ KC