ភ្នំពេញៈ សមាគមសហប្រតិបត្តិការសហគមន៍ជនបទរបស់កូរ៉េ (KRC) នឹងបង្កើតមជ្ឈមណ្ឌលតាំងបង្ហាញផលិតកម្មបន្លែនៅកម្ពុជាក្នុងខេត្តមណ្ឌលគិរី នៅឆ្នាំ ២០២០ ដើម្បីចូលរួមកាត់បន្ថយការនាំចូល។
លោក Park Kiwook នាយកគ្រប់គ្រងការិយាល័យអភិវឌ្ឍន៍កសិកម្មនៅបរទេសនៃក្រសួងកសិកម្មកូរ៉េ បានលើកឡើងពីគម្រោងនៃការបង្កើតមជ្ឈមណ្ឌលនេះក្នុងជំនួបជាមួយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅទីក្រុងភ្នំពេញកាលពីថ្ងៃចន្ទ។
លោក Park ឲ្យដឹងថា KRC មានចំណាប់អារម្មណ៍លើផលិតកម្មដំឡូងបារាំង និងប្រភេទបន្លែសំខាន់ៗដែលកសិករកំពុងផលិតនាពេលបច្ចុប្បន្ននៅខេត្តមណ្ឌលគិរីក្នុងឆ្នាំ ២០២០ នេះដោយយល់ឃើញថា ខេត្តមណ្ឌលគិរីមានសក្តានុពលល្អសម្រាប់ផលិតកម្មដំឡូងបារាំង។
លោកថ្លែងថា៖ «កម្ពុជាមានសក្តានុពល ប៉ុន្តែគ្រាន់តែថាផលិតផលនេះនៅមិនទាន់អនុវត្តបានពេញលេញ និងត្រឹមត្រូវលើខ្សែចង្វាក់ផលិតកម្ម និងទីផ្សារ»។ លោកបានបន្តថា៖ «ហេតុនេះនាពេលអនាគតគម្រោងនេះគ្រោងនឹងបង្កើនផលិតភាព ផលិតកម្មដំឡូងបារាំង និងបន្លែផ្សេងៗទៀតដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងឈានទៅធ្វើការកាត់បន្ថយបរិមាណនាំចូល ជាពិសេសចូលរួមបង្កើតការងារជូនប្រជាពលរដ្ឋដែលភាគច្រើនជាជនជាតិដើមភាគតិច»។
លោក វេង សាខុន បានស្វាគមន៍ចំពោះគម្រោងនេះ ហើយថានេះបង្ហាញពីកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងកសិកម្មកម្ពុជា និងក្រសួងកសិកម្មកូរ៉េ។
លោកថ្លែងថា៖ «វាជាការបើកផ្លូវឲ្យ KRC មកសិក្សាស្វែងយល់បន្ថែមអំពីសក្តានុពលដំណាំដំឡូងបារាំងនៅខេត្តមណ្ឌលគិរី និងបន្លែសំខាន់ផ្សេងៗទៀត ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ដំណាំនេះដែលបច្ចុប្បន្ន KRC បាននិងកំពុងសហការជាមួយអគ្គនាយកដ្ឋានកសិកម្មធ្វើការសិក្សាលម្អិតទៅលើស្ថានភាពទូទៅទាក់ទងគុណភាពដី ទឹក អាកាសធាតុ ផលិតកម្ម ពូជ ទីផ្សារ និងបច្ចេកទេស»។
លោក ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍កាលពីពេលថ្មីៗនេះថា ដើម្បីលើកកម្ពស់តម្លៃបន្លែក្នុងស្រុក ក្រសួងកំពុងជំរុញការផលិតបន្លែសុវត្ថិភាពតាមរយៈគោលការណ៍ GAP។
លោកបានថ្លែងថា៖ «ក្រសួងកំពុងជំរុញការផលិតបន្លែសុវត្ថិភាព ចងក្រងជាក្រុមកសិករ ឬសហគមន៍កសិកម្មដែលផលិតបន្លែតាមគោលការណ៍ GAP ភ្ជាប់ដោយផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយអ្នកប្រមូលទិញ ហើយផ្សព្វផ្សាយលក់ផលិតផលនេះឲ្យបានខ្លាំងទើបអាចប្រជែងទីផ្សារជាមួយផលិតផលបន្លែនាំចូលបាន»។
បច្ចុប្បន្នកម្ពុជាប្រើប្រាស់បន្លែប្រមាណ ៥០០ តោន ក្នុង ១ ថ្ងៃ ដែលមានតម្លៃចន្លោះពី ២០ ម៉ឺនទៅ ៣០ ម៉ឺនដុល្លារ។
ប្រទេស កម្ពុជា នាំចូលបន្លែ និងផ្លែឈើប្រហែល ៤០ ភាគរយ ក្នុងតម្លៃប្រហែល ២០០ លានដុល្លារ ក្នុង ១ ឆ្នាំ ជាពិសេសពីប្រទេសវៀតណាមដែលត្រូវបានគេនិយាយថា មានផ្ទុកសារធាតុគីមី និងថ្នាំសម្លាប់សត្វល្អិត៕