ភ្នំពេញៈ ក្រុមហ៊ុនរុករកប្រេង និងឧស្ម័នរបស់ប្រទេសសិង្ហបុរី KrisEnergy ដែលកំពុងអភិវឌ្ឍអណ្ដូងប្រេងក្នុងសមុទ្រនៅក្នុងប្លុក A ក្នុងប្រទេសកម្ពុជា បានឲ្យដឹងថា ការកសាងផ្លាតហ្វមក្បាលអណ្ដូងផលិតកម្មសម្រាប់ការអភិវឌ្ឍអណ្ដូងប្រេងកាតអប្សរាក្នុងប្លុក A បានបញ្ចប់ជាស្ថាពរហើយ ដែលជាជំហានវិជ្ជមានមួយឆ្ពោះទៅទិសដៅរបស់ក្រុមហ៊ុនក្នុងការទាញយកប្រេងនៅឆ្នាំនេះ។
សេចក្ដីប្រកាសរបស់ក្រុមហ៊ុនផ្សព្វផ្សាយកាលពីថ្ងៃទី ២៦ ខែសីហា បានឲ្យដឹងថា ការកសាងផ្លាតហ្វមក្បាលអណ្ដូងផលិតកម្មប្រេងត្រូវបានបញ្ចប់ជាស្ថាពរ ហើយផ្នែកខាងលើ និងជើងទម្រផ្លាតហ្វមខ្នាតតូចនេះកំពុងត្រូវបានដឹកជញ្ជូនទៅកាន់ដែនទឹកនៃប្រទេសកម្ពុជាដែលស្ថិតក្នុងឈូងសមុទ្រថៃ។
ក្រុមហ៊ុននេះបានបន្តថា ការកសាងផ្លាតហ្វមខ្នាតតូចសម្រាប់ការអភិវឌ្ឍអណ្ដូងប្រេងកាតដំបូងគេបង្អស់នៃប្រទេសកម្ពុជាបានចាប់ផ្ដើមកាលពីដើមខែធ្នូឆ្នាំ ២០១៩ នៅឯរោងចក្ររបស់ក្រុមហ៊ុន NOV''s PT Profab1 ស្ថិតនៅកោះបាតាម ប្រទេសឥណ្ឌូនេស៊ី។ ការលើកដាក់ និងការដឹកចេញផ្លាតហ្វម ខ្នាតតូចនេះបានចប់សព្វគ្រប់នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០។
លោក Kelvin Tang នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន KrisEnergy ប្រចាំកម្ពុជាបានឲ្យដឹងថា គិតចាប់ពីការរៀបចំកាត់ដែកដំបូងរហូតដល់ការដឹកចេញផ្លាតហ្វមខ្នាតតូចនេះគឺមានរយៈពេល ៩ ខែ ហើយសមិទ្ធផលនេះរឹតតែវិសេសវិសាលថែមទៀត បើទោះបីជាមានការពិបាក និងបម្រាមនានាដែលក្រុមការងារ និងសហការីនៅឯ NOV Profab បានប្រឈមតាំងពីដើមឆ្នាំ ២០២០ ដោយសារការរាតត្បាតមេរោគកូរ៉ូណា។
លោកថ្លែងថា៖ «សូមថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងដ៏ធំធេងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមទាំងអ្នកផ្គត់ផ្គង់ និងអ្នកម៉ៅការដែលបានជម្នះរាល់ឧបសគ្គផ្នែកភ័ស្ដុភារទាំងឡាយធ្វើយ៉ាងណាដើម្បីរក្សាការប្រគល់នូវឧបករណ៍ និងសម្ភារនានាពីគ្រប់ទីកន្លែងលើសកលលោកមកឲ្យរោងចក្រនៅ បាតាម បានទាន់ពេលវេលាតាមកាលកំណត់ ដើម្បីឈានទៅរកគោលដៅនៃការផលិតប្រេងអប្សរាដំបូងឲ្យបានមុនដំណាច់ឆ្នាំនេះ»។
លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដា្ឋនប្រេងកាតនៃក្រសួងរ៉ែ និងថាមពលបានប្រាប់ភ្នំពេញ ប៉ុស្ដិ៍កាលពីថ្ងៃពុធថា បច្ចុប្បន្នផ្លាតហ្វមនោះកំពុងត្រូវបានដឹកជញ្ជូនទៅកាន់ទីតាំងអភិវឌ្ឍន៍ ហើយរំពឹងថាវានឹងមកដល់ក្នុងរយៈពេល ៥ ថ្ងៃ។
លោកបន្តថា៖ «យើងពេញចិត្តនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនសម្រាប់ការអភិវឌ្ឍគម្រោងនេះ ដើម្បីសម្រេចបានតាមទិសដៅ ទោះបីជាការរំខានដោយសារតែការរីករាលដាលជំងឺកូវីដ ១៩ ក៏ដោយ»។
លោកលើកឡើងថា៖ «បើមិនមានអាកាសធាតុអាក្រក់ទេនោះការដំឡើងផ្លាតហ្វមក្បាលអណ្ដូងផលិតកម្មនេះត្រូវការរយៈពេល ១២ ថ្ងៃទៀត។ ផ្លាតហ្វមក្បាលអណ្ដូងផលិតកម្មនេះនឹងត្រូវប្រើប្រាស់ក្នុងការខួងអណ្ដូងប្រេង និងទាញយកប្រេង ខណៈដែលនាវាផលិតនឹងត្រូវដឹកជញ្ជូននៅពេលបន្ទាប់»។
លោក Kim Lamb នាយកគ្រប់គ្រងក្រុមហ៊ុនបានឲ្យដឹងថា វាជាការរួមចំណែកដ៏សំខាន់នៅក្នុងគម្រោងដំបូងគេមួយនេះសម្រាប់ប្រទេសកម្ពុជា។
លោកបញ្ជាក់ថា៖ «ទាំងក្រុមការងាររបស់ NOV និង KrisEnergy សុទ្ធតែបានធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដោយប្រើប្រាស់វិធីសាស្ដ្រធ្វើការរួមគ្នាជាក្រុមដ៏ពេញលេញមួយ ដើម្បីផលិតផ្លាតហ្វមមានគុណភាព ហើយនេះជាសក្ខីភាពពិតនៃការប្តេជ្ញាចិត្តរបស់អ្នកពាក់ព័ន្ធទាំងអស់»។
យោងតាមក្រុមហ៊ុន KrisEnergy តំបន់ប្រេងអប្សរានៅក្នុងប្លុក A កម្ពុជា លាតសន្ធឹងនៅលើបាសាំងខ្មែរ ដែលជាបាសាំងភូគព្ភសាស្ដ្រមិនទាន់ត្រូវបានផលិតស្ថិតក្នុងដែនសមុទ្រកម្ពុជាឈូងសមុទ្រថៃ។ ដោយសារភាពមិនច្បាស់លាស់នៃសមត្ថភាពផលិតកម្មរបស់បាសាំងនេះ ការអភិវឌ្ឍតំបន់ប្រេងអប្សរានឹងត្រូវធ្វើឡើងជាច្រើនដំណាក់កាល ដើម្បីកាត់បន្ថយហានិភ័យ និងផ្ដល់ពេលវេលាសម្រាប់ការប្រមូល និងវិភាគលើទិន្នន័យសំខាន់ៗ ដើម្បីអនុវត្តក្នុងដំណាក់កាលនាពេលអនាគត។
ក្រុមហ៊ុនបានបន្តថា ដំណាក់កាលអភិវឌ្ឍន៍ត្រូវបានរំពឹងថា នឹងឈានដល់អត្រាផលិតកម្មខ្ពស់បំផុត ៧ ៥០០ បារ៉ែល ក្នុង ១ ថ្ងៃ៕ LA