
ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ខ្នាតតូចមួយនៅខណ្ឌពោធិ៍សែនជ័យ កំពុងដាក់ចំណីមាន់ នាពេលកន្លងមក។ ហុង មិនា
ភ្នំពេញៈ Leong Hup ជាក្រុមហ៊ុនចិញ្ចឹម និងផ្គត់ង់មាន់ទា មានមូលដ្ឋាននៅម៉ាឡេស៊ី បានបង្ហាញផែនការក្នុងការបង្កើតប្រតិបត្តិការនៅក្នុងប្រទេស កម្ពុជា បន្ទាប់ពីបានប្រមូលមូលនិធិ ២៤៧ លានដុល្លារ ប្រកបដោយជោគជ័យពីការបោះផ្សាយមូលបត្រសាធារណៈលើកដំបូង (IPO)។
ក្រុមហ៊ុនបច្ចុប្បន្នបាន និងកំពុងនាំចូលចំណីសត្វ និងកូនមាន់មកលក់ក្នុងទីផ្សារប្រទេស កម្ពុជា រួចហើយ។
របាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters ក្រុមហ៊ុន Leong Hup International ដែលបានឡើងផ្សារហ៊ុន Bursa Securities កាលពីសប្ដាហ៍មុន លោក Chew Eng Loke អគ្គនាយកក្រុមហ៊ុនបានឲ្យដឹងថា ការលក់ចំណីសត្វ និងកូនមាន់នៅកម្ពុជា កំពុងទទួលបានជោគជ័យ ហើយឃ្លាំងស្តុកមួយស្ថិតក្រោមការសាងសង់ ដើម្បីជំរុញកំណើន។
លោកថ្លែងថា៖ «នៅពេលទំហំលក់កូនមាន់អាយុ ១ ថ្ងៃបានកើនឡើងនៅពេលនោះយើងនឹងបង្កើតក្រុមហ៊ុនផលិតចំណីសត្វ ដើម្បីផ្គត់ផ្គង់ទីផ្សារនេះ ជំនួសការនាំចេញពីប្រទេស វៀតណាម»។
ការចិញ្ចឹមមាន់ភាគច្រើននៅកម្ពុជា ជាលក្ខណៈគ្រួសារ។ សម្រាប់ប្រតិបត្តិការពាណិជ្ជកម្ម ក្រុមហ៊ុន CP របស់ថៃ កំពុងប្រតិបត្តិការនៅក្នុងប្រទេស កម្ពុជា។ ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីឆ្នាំ ២០១៧ ក្រុមហ៊ុន CP Cambodia បញ្ជាក់ថា មាន់រាប់លានក្បាល និងពង ត្រូវបានចិញ្ចឹមប្រចាំឆ្នាំ ជាប្រភពមួយនៃអាហារនៅកម្ពុជា។
លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា លោកមិនបានឮសំណើជាផ្លូវការពីក្រុមហ៊ុន Leong Hup នៅឡើយទេ អំពីផែនការរបស់ខ្លួនសម្រាប់ការវិនិយោគនៅកម្ពុជា ប៉ុន្តែបានឲ្យដឹងថា ក្រសួងកសិកម្ម នឹងស្វាគមន៍ក្រុមហ៊ុនថ្មីនេះ ដោយលើកឡើងថា កម្ពុជាត្រូវការក្រុមហ៊ុនផ្គត់ផ្គង់មាន់ក្នុងស្រុកកាន់តែច្រើន ដើម្បីបំពេញតម្រូវការ។
លោក ផាន់ណារ៉ា ឲ្យដឹងថា ៨១ ភាគរយប៉ុណ្ណោះ នៃតម្រូវការមាន់សរុបនៅក្នុងប្រទេសនេះ ត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុនផលិតមាន់ទាក្នុងស្រុក ខណៈចំនួននៅសល់ ត្រូវនាំចូលពីប្រទេសជិតខាង ដូចជាវៀតណាម និងថៃ។
លោកបានថ្លែងថា៖ «យើងនៅតែមានកង្វះការផ្គត់ផ្គង់ ខណៈយើងនាំចូលមាន់ប្រហែលពី ១០ ០០០ ក្បាល ទៅ ១៥ ០០០ ក្បាល ក្នុង ១ ថ្ងៃ ពីប្រទេសជិតខាង ដើម្បីបំពេញតម្រូវការក្នុងស្រុក»។ លោកបន្ថែមថា វាជាឱកាសដ៏ល្អ សម្រាប់ក្រុមហ៊ុនផលិតថ្មីៗ ក្នុងការចាប់យកសក្ដានុពលក្នុងទីផ្សារកម្ពុជា និងសង្ឃឹមថា ការប្រកួតប្រជែងកាន់តែច្រើននឹងផ្ដល់អត្ថប្រយោជន៍សម្រាប់អ្នកប្រើប្រាស់ជាក់ស្ដែង។
លោក ផាន់ណារ៉ា បានឲ្យដឹងថា បញ្ហាប្រឈមសំខាន់សម្រាប់ក្រុមហ៊ុនចិញ្ចឹមមាន់នៅក្នុងប្រទេស កម្ពុជា គឺទាក់ទងជាមួយតម្លៃចំណីសត្វ ដោយសារតែកង្វះវត្ថុធាតុដើម និងតម្លៃអគ្គិសនីខ្ពស់។
លោកបន្តថា៖ «បើក្រុមហ៊ុនផលិតអាចស្វែងរកតម្លៃចំណីសត្វកាន់តែទាប ចំពោះប្រតិបត្តិការរបស់ពួកគេនៅក្នុងប្រទេស កម្ពុជា ខ្ញុំគិតថា ពួកគេនឹងទទួលបានជោគជ័យ និងប្រាក់ចំណេញនៅក្នុងទីផ្សារនេះ»៕LA