ប៉េកាំងៈ ​​នៅ​ពេល​​ក្រុមហ៊ុន​ Starbucks បាន​ចូល​ទៅ​ប្រទេស​ ចិន ​២ ទសវត្សរ៍​កន្លង​មក​ ​ក្រុមហ៊ុន​នេះ​អះអាង​ថា​​ នឹង​​បើក​ហាង​​ថ្មី​រៀងរាល់​​ ១៥ ​ម៉ោង​ តែ​នៅ​ពេល​នេះ​ក្រុមហ៊ុន​​ Luckin Coffee ​ជា​ដៃគូ​ប្រកួត​ប្រជែង​បង្កើត​ឡើង​​​ក្នុង​ស្រុក​ គ្រោង​នឹង​បង្កើត​ហាង​​​ដែល​ជំរុញ​ដោយ​បចេ្ចក​វិទ្យា​ខ្ពស់​ រៀងរាល់​ ៣ ​ម៉ោង​កន្លះ​ម្ដង​ ដើម្បី​​ទម្លាក់​​តំណែង​​ក្រុមហ៊ុន​យក្ស​របស់​អាមេរិក​​មួយ​នេះ។​

ក្រុមហ៊ុន​បង្កើត​ថ្មី​របស់​ប្រទេស​ ចិន ​មួយ​នេះ​ កំពុង​ចំណាយ​ប្រាក់​រាប់​រយ​លាន​ដុល្លារ​ដើម្បី​ទាក់ទាញ​អតិថិជន​ ជា​​​មួយ​នឹង​ការ​បញ្ចុះ​តម្លៃ​យ៉ាង​ច្រើន​ ដែល​​​ប្រកួត​ប្រជែង​នឹង​ឥទ្ធិ​​ពល​របស់​ក្រុមហ៊ុន​ Starbucks ដោយ​ការ​កំណត់​​ទិស​ដៅ​បុគ្គលិក​​ការិយា​ល័យ ​និង​សិស្ស​ ដោយ​ដឹក​ជញ្ជូន​ទៅ​ដល់​មាត់​ទ្វារ​របស់​ពួក​គេ​តែ​ម្តង​។​

ខណៈ​ក្រុមហ៊ុន​ Starbucks ​និង​ Costa Coffee ជា​ដៃ​គូ​ប្រកួត​​ប្រជែង​ចក្រភព​អង់គ្លេស​ ផ្ដល់​ទីតាំង​អង្គុយ​សម្រាប់​មនុស្ស​​ដើម្បី​ធ្វើ​ការងារ​ ឬ​ជួប​ជុំ​មិត្ត​ភកិ្ដ​ ​​ភាគ​ច្រើន​នៃ​ហាង​លក់​របស់​ហាង​​ Luckin គឺ​មាន​លក្ខណៈ​ដូច​ជា «​ការ​ដឹក​ជញ្ជូន​នៅ​ផ្ទះ​បាយ​»។​

ហាង​នេះ​​មិន​ធំជាង​បន្ទប់​ស្ទូឌីយោ​មួយ​នោះ​ទេ ​មិន​មាន​តុ ​បញ្ជរ​តាំង​បង្ហាញ​ ឬ​សូម្បី​តែ​ការ​កត់​ត្រា​សាច់​ប្រាក់​ ដោយ​សារ​តែ​​ការ​ទូទាត់​ទាំង​អស់​ត្រូវ​បាន​ធ្វើ​ឡើង​ ដោយ​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​។​

ដំណោះ​ស្រាយ​ដោយ​មិន​មាន​​ភាព​ចាំបាច់​របស់​ហាង Luckin មាន​ន័យ​ថា អតិថិជន​​ចំណាយ​​​ប្រហែល​ ១ ​ភាគ​ ៣ ​​កាន់​តែ​តិច​ សម្រាប់​កាហ្វេ​ ១ ​ពែង​ ធៀប​នឹង​យីហោ​ពិភព​លោក​ផ្សេង​ទៀត​។​ កាហ្វេ ឡាតេ ទំហំ​កែវ​ខ្ពស់​ តម្លៃ​ ៣១ យន់​ (​ប្រហែល​ ៥ ដុល្លារ) នៅ​ក្នុង​ហាង​ Starbucks ប៉ុន្តែ​ នៅ​ហាង Luckin តែ​ ២៤ ​យន់​ប៉ុណ្ណោះ​​ ។​

អតិថិជន​ដែល​ដើរ​ចូល​​ក្នុង​ ហាង​ខៀវ-ស ​របស់​ក្រុមហ៊ុន​​ Luckin ត្រូវ​ការ​ចំណាយ​ពេល​វេលា​ ២-៣ នាទី​ប៉ុណ្ណោះ​នៅ​ទី​នោះ​ ដើម្បី​ស្កេន​កូដ និង​បង់​ប្រាក់​សម្រាប់​កាហ្វេ​របស់​ពួក​គេ ដែល​បាន​បញ្ជា​ទិញ​ជា​មុន តាម​រយៈ​​កម្មវិធី​ទូរស័ព្ទ​ស្មាត​​ហ្វូន​របស់​ក្រុមហ៊ុន​។​

លោក Yu Qian អ្នក​វិភាគ​ហិរញ្ញវត្ថុ​នៅ​ទីក្រុង​ប៉េកាំង​​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​ចូល​​ចិត្តភាព​ងាយ​ស្រួល ​មិន​មាន​ការ​តម្រង់​ជួរ​ដ៏​វែង​ ឬ​​ការ​អង្គុយ​ម្នាក់​ឯង​ ខណៈ​​កាហ្វេ​របស់​អ្នក​ត្រូវ​បាន​ឆុង»។ លោក​បន្ត​ថា៖ «​កាហ្វេ​​​គឺ​​ផ្អែម​បន្តិច​ ​ដូច​នឹង​តែ​ទឹក​ដោះ​គោ​ផ្អែម​ ដែល​ពេញ​និយម​នៅ​ក្នុង​ប្រទេស​ ចិន​»​។​

យុទ្ធសាស្ដ្រ​ដ៏​​ខ្លាំង​ក្លា​របស់​​ក្រុមហ៊ុន Luckin ​ឆ្លុះ​បញ្ចាំង​ពី​យុទ្ធសាស្ដ្រ​ ដែល​ប្រើប្រាស់​ដោយ​​ក្រុមហ៊ុន​បង្កើត​ថ្មី​របស់​ប្រទេស​ ចិន ​ផ្សេង​ទៀត​ ដែល​បាន​បណ្ដេញ​យីហោ​របស់​ប្រទេស​លោក​ខាង​លិច​ចេញ​ពី​ទីផ្សារ​អតិថិជន​ឈាន​មុខ​គេ​របស់​ពិភព​លោក​មួយ​នេះ​។​

លោក ​Reinout ​Schakel ​ប្រធាន​ផ្នែក​យុទ្ធសាស្ដ្រ​របស់​ក្រុមហ៊ុន​ Luckin បាន​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន​ AFP ថា​៖ «​អត្ថ​ប្រយោជន៍​ដ៏​ធំ​សម្រាប់​ពួក​យើង​នៃ​ការ​ជ្រើសរើស​​​ហាង​ធៀប​នឹង​ហាង​ធំ​ៗ​ គឺ​ថា ទាក់ទង​​នឹង​តម្លៃ​ជួល ​យើង​ចំណាយ​តិច​ខ្លាំង​ជាង​ដៃ​គូ​ប្រកួត​ប្រជែង​​របស់​យើង​»។​

បន្ទាប់​ពី​ចូល​ក្នុង​អាជីវកម្ម​នេះ​រយៈ​ពេល​ ១ ​ឆ្នាំ​ប៉ុណ្ណោះ ​ក្រុមហ៊ុន​នេះ​បាន​ប្រកាស​ផែនការ​កាល​ពី​ដើម​ខែ​នេះ​ថា ​នឹង​បើក​ហាង​សរុប​​ឲ្យ​បាន​ចំនួន ២ ៥០០ ត្រឹម​ចុង​ឆ្នាំ​នេះ​ ហើយ​ដែល​នឹង​ជំរុញ​ភាព​ខ្លាំង​នៃ​ហាង​សរុប​របស់​ខ្លួន​ដល់​ចំនួន​សរុប ៤ ​៥០​០ ហើយ​​ក្រុមហ៊ុន Starbucks មាន​ហាង​ប្រហែល​ ៣ ៦០០ ​នៅ​ទូទាំង​ប្រទេស​នេះ​៕​ AFP​/LA