ភ្នំពេញៈ ខណៈ​កម្ពុជា​នៅ​ប្រឈម​នឹង​កង្វះ​ថាមពល​អគ្គិសនី​រដ្ឋាភិបាល​បាន​ស្វះស្វែងរក​ប្រភព​ផ្សេងៗ​ដើម្បី​បំពេញតម្រូវការ​ដែល​កំពុង​កើនឡើង​។ ការអភិវឌ្ឍ​វិស័យ​ថាមពល​កកើតឡើង​វិញ​បាន​ស្ថិតក្នុង​ជម្រើស​របស់​រដ្ឋាភិបាល ខណៈ​អគ្គិសនី​កម្ពុជា​បាន​អះអាង​ថា នឹង​ផ្តោត​ជាពិសេស​លើ​ថាមពល​កកើត​ឡើង​វិញ​ជាជាង​ប្រភព​ផ្សេងទៀត​។

ទាក់ទង​នឹង​ការអភិវឌ្ឍ​វិស័យ​ថាមពល ជាពិសេស​ថាមពល​កកើតឡើង​វិញ លោក Martin Klose គណៈប្រតិភូ​នៃ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​របស់​ប្រទេស​អាល្លឺម៉ង់​នៅ​មីយ៉ាន់ម៉ា​រៀបចំ​សន្និសីទ​នៅ​ថ្ងៃ​អង្គារ​នេះ​ស្ដីពី​ថាមពល​ពន្លឺព្រះអាទិត្យ (​សូឡា​) នៅ​កម្ពុជា​ដោយ​ប្រមូលផ្ដុំ​ក្រុមហ៊ុន​មកពី​ប្រទេស​អាល្លឺម៉ង់ និង​កម្ពុជា​ជាង​ ១០០ ក្រុមហ៊ុន ដើម្បី​ជួបជុំ​គ្នា​ក្នុងការ​ស្វែងរក​ឱកាស​សម្រាប់​ការវិនិយោគ​នេះ ។

ខាងក្រោម​នេះ​ជា​បទសម្ភាស​រវាង​អ្នក​យក​ព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍ ជាមួយ​លោក Martin Klose អំពី​ការអភិវឌ្ឍ​វិស័យ​ថាមពល​នៅ​កម្ពុជា​។

តើ​សន្និសីទ​នេះ​មានន័យ​ដូចម្ដេច​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ថាមពល​នៅ​ប្រទេស​កម្ពុជា​?

សន្និសីទ​នេះ​គឺ​និយាយ​អំពី​ឧស្សាហកម្ម​ថាមពល​សូឡា និង​ដំណោះស្រាយ​ពាណិជ្ជកម្ម ខណៈ​យើង​នឹង​នាំយក​កម្មវិធី​មួយ​ហៅថា « Mittelstand Global» ជា​ដំណោះស្រាយ​ថាមពល​មួយ​ដែល​បាន​ធ្វើឡើង​នៅ​ប្រទេស​អាល្លឺម៉ង់​។ កម្មវិធី​នេះ​ត្រូវ​បាន​ផ្ដល់​ហិរញ្ញប្បទាន​ដោយ​ក្រសួង​កិច្ចការ​សេដ្ឋកិច្ច និង​ថាមពល​អាល្លឺម៉ង់ ហើយ​យើង​បាន​នាំយក​ក្រុមហ៊ុន​ដ៏សកម្ម​របស់​ប្រទេស​អាល្លឺម៉ង់​នៅក្នុង​វិស័យ​នេះ​មក​ប្រទេស​កម្ពុជា​។

អត្ថប្រយោជន៍​សម្រាប់​កម្ពុជា​គឺថា​នឹង​មាន​ការផ្លាស់ប្តូរ​ទស្សន និង​ការយល់ដឹង​អំពី​ថាមពល ហើយ​សន្និសីទ​ដែល​យើង​រៀបចំ​នៅ​ថ្ងៃ​នេះ ដែល​មាន​សហគ្រាស​កម្ពុជា​ជាច្រើន​ក្នុង​វិស័យ​ចូលរួម​អាច​រៀនសូត្រ​ពី​បទពិសោធ ដែល​អាល្លឺម៉ង់​មាន​នៅពេល​និយាយ​អំពី​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ ជា​ប្រភព​ថាមពល​ដ៏សំខាន់ ហើយ​ពួកគេ​អាច​ប្រើប្រាស់ និង​គំនិត​ការយល់ដឹង និង​ឱកាស​អាជីវកម្ម​ពី​ក្រុមហ៊ុន​អាល្លឺម៉ង់​។

មាន​ក្រុមហ៊ុន​របស់​អាល្លឺម៉ង់​ឈានមុខ​គេ​នៅក្នុង​តំបន់​មួយ​ចំនួន​ដែល​នឹងចូលរួម​នៅក្នុង​សន្និសីទ​នេះ​។ ក្រុមហ៊ុន​ទាំងនោះ​គឺជា​សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​មាន​បទពិសោធ​ខ្ពស់បំផុត និង​ការយល់ដឹង​ពី​ដំណោះស្រាយ ការផលិត និង​សេវា​ដែល​ពួកគេ​ផ្ដល់​។

តើ​អ្នក​យល់​យ៉ាងណាដែរ​ចំពោះ​ការអភិវឌ្ឍ​វិស័យ​ថាមពល​នៅ​កម្ពុជា​?

ជាការពិត​ខ្ញុំ​មើលឃើញ​ថា​វា​មាន​លក្ខខណ្ឌ​ទាក់ទាញ​សម្រាប់​ក្រុមហ៊ុន​បរទេស ពិសេស​សម្រាប់​ក្រុមហ៊ុន​អាល្លឺម៉ង់​ដែល​មាន​ចំណាប់​អារម្មណ៍​កាន់តែ​ខ្លាំង​លើ​គំនិត​ផ្តួចផ្ដើម​ស្ដីពី​ការធ្វើ​ទំនើបកម្ម និង​ក្របខ័ណ្ឌ​ការងារ​នៅទីនេះ​។ ដូច្នេះ​ខ្ញុំ​សង្ឃឹមថា នេះ​នឹង​ជួយ​នាំយក​ក្រុមហ៊ុន​បរទេស​កាន់តែច្រើន និង​ជាពិសេស​ការវិនិយោគ និង​អ្នកជំនាញ​របស់​ប្រទេស​អាល្លឺម៉ង់​ចូលមក​ប្រទេស​កម្ពុជា​។

តម្លៃ​ថាមពល​នៅ​កម្ពុជា​ខ្ពស់​ជាង​ប្រទេស​ក្នុង​តំបន់ ប៉ុន្តែ​យើង​នៅតែ​មិនមាន​ភាព​ទាក់ទាញ​គ្រប់គ្រាន់​សម្រាប់​ការវិនិយោគ​ក្នុង​វិស័យនេះ​ទេ តើ​អ្វី​ជាការ​ចាប់​យក​របស់​អ្នក​នៅក្នុង​វិស័យនេះ​?

ពិត​ហើយ តម្លៃ​ថាមពល​គឺ​ខ្ពស់​ខ្លាំង ធៀប​នឹង​ប្រទេស ​ឡាវ ថៃ និង​មីយ៉ាន់ម៉ា​។ លក្ខខណ្ឌ​ក្នុង​ការនាំ​យក​ក្រុមហ៊ុន​បរទេស​ក្នុង​វិស័យនេះ ដែល​ខ្ញុំ​ជឿជាក់ថា មាន​តម្លាភាព ក្របខ័ណ្ឌ​បទប្បញ្ញត្តិ​ដែល​វា​អាច​ផ្ដល់​ហិរញ្ញប្បទាន និង​ការវិនិយោគ​។ មាន​ន័យ​ថា ត្រូវតែ​មាន​តម្លៃ​គួរ​ឲ្យ​ទាក់ទាញ​ដែល​ថាមពល​អាច​លក់បាន ហើយ​ត្រូវតែ​មាន​ការធានាថា វា​នឹង​ត្រូវ​បានទទួល​យក​តាម​របៀប​ត្រឹមត្រូវ​។ បើ​យ៉ាងនោះ ខ្ញុំ​ជឿជាក់​ថា​ក្រុមហ៊ុន​បរទេស​នឹង​ចូលរួម​កាន់តែ​ខ្លាំង​ក្នុង​ការចូលរួម​ការអភិវឌ្ឍ​វិស័យ​ថាមពល​នៅទីនេះ​។

រដ្ឋាភិបាល​បានកំណត់​បង្កើន​ថាមពល​សូឡា​ឲ្យ​បាន​ ១៥ ​ភាគរយ​ ក្នុង​រយៈពេល​ ២-៣ ​ឆ្នាំក្រោយ តើ​អ្នក​គិត​ថា​កម្ពុជា​គឺជា​កន្លែង​ដ៏ល្អ​សម្រាប់​ការអភិវឌ្ឍ​លើ​ថាមពល​នេះ​ដែរ​ឬ​ទេ​? ហេតុ​អ្វី​?

ច្បាស់​ណាស់ កម្ពុជា គឺជា​កន្លែង​ដ៏ល្អ​សម្រាប់​ការអភិវឌ្ឍ​ថាមពល​សូឡា ហើយ​នៅ​ទីនេះ​អ្នក​មាន​ពន្លឺព្រះអាទិត្យ​គ្រប់​ពេលវេលា​។

បច្ចុប្បន្ន​តម្លៃ​លើ​ការវិនិយោគ​ក្នុង​ការបង្កើត​រោងចក្រ​បន្ទះ​សូឡា​ធៀប​នឹង​ថាមពល​ផ្សេងទៀត មិន​ខ្ពស់​ទៀត​ទេ​។ ដូច្នេះ​ជា​ឧទាហរណ៍​ប្រសិន​បើ​អ្នក​សម្លឹងមើល​តម្លៃ​ប្រតិបត្តិការ​នៅក្នុង​តំបន់​ដាច់ស្រយាល​ក្នុង​ការប្រតិបត្តិការ​ដោយ​ម៉ាស៊ីន​ភ្លើង​ប្រើ​ម៉ាស៊ូត​ក្នុង​រយៈពេល​ ២-៣ ​ឆ្នាំ​គឺ​ខ្ពស់​ខ្លាំង​ជាង​ការវិនិយោគ​លើ​ថាមពល​សូឡា​។

ដោយសារ​កម្ពុជា​កំពុង​ប្រឈម​នឹង​កង្វះ​ថាមពល តើ​អ្នកនឹង​អំពាវនាវ​ឲ្យ​ក្រុម​វិនិយោគិន​អាល្លឺម៉ង់​វិនិយោគ​នៅក្នុង​វិស័យនេះ​ទេ​? តើ​មាន​ក្រុមហ៊ុន​អាល្លឺម៉ង់​ណាមួយ​វិនិយោគ​នៅ​កម្ពុជា​ហើយ​ឬ​នៅ​នៅពេល​នេះ​?

ច្បាស់​ណាស់ យើង​កំពុង​ជំរុញ​ក្រុម​វិនិយោគិន​អាល្លឺម៉ង់ ឲ្យ​វិនិយោគ​លើ​វិស័យ​ថាមពល​សូឡា​នៅ​កម្ពុជា​។ យើង​ជឿជាក់​ថា មាន​ឱកាស​ដ៏ល្អ​មួយ​ដែល​ក្រសួង​សេដ្ឋកិច្ច​អាល្លឺម៉ង់​កំពុង​គិត​ដូច​នោះ ដូច្នេះ​នេះ​ជា​មូលហេតុ​ដែល​យើង​សម្រេចចិត្ត​ក្នុង​ការនាំ​យក​ក្រុមហ៊ុន​អាល្លឺម៉ង់​មក​ទីនេះ​ដើម្បី​ពិនិត្យមើល​ទីផ្សារ​ដោយផ្ទាល់ ខណៈ​ពួកគេ​មាន​ឱកាស​ជាច្រើន​នៅក្នុង​សន្និសីទ​នៅ​ថ្ងៃ​នេះ ក្នុង​ការភ្ជាប់​ទំនាក់ទំនង និង​ស្វែងរក​ឱកាស​អាជីវកម្ម​។

ខ្ញុំ​គិតថា មាន​ក្រុមហ៊ុន​អាល្លឺម៉ង់​មួយចំនួន​ដែល​ពួកគេ​កំពុង​សម្លឹង​មើល​យ៉ាងសកម្ម​នៅក្នុង​ទីផ្សារ​នេះ និង​មាន​ក្រុមហ៊ុន​មួយ​ដំណើរការ​រួចហើយ​នៅ​កម្ពុជា​។

ប្រទេស​កម្ពុជា​មាន​កំណើន​ថេរ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ ដូច្នេះ​មាន​ប្រតិបត្តិការ​ឧស្សាហកម្ម​កាន់តែ​ច្រើន​ឡើងៗ​នៅក្នុង​ប្រទេស​នេះ ហើយ​ប្រជាជន​កម្ពុជា​កំពុង​ប្រើប្រាស់​ថាមពល​កាន់តែ​ច្រើន ដូច្នេះ​យើង​ជឿជាក់​ថា វា​ជា​ពេលវេលា​ត្រឹមត្រូវ​សម្រាប់​ក្រុមហ៊ុន​អាល្លឺម៉ង់​ក្នុង​ការវិនិយោគ​នៅពេល​នេះ​៕LA