ភ្នំពេញៈ ក្រុមហ៊ុន Marvel Garment ដែលជា​ក្រុមហ៊ុន​ផលិត​ខោអាវ​ចាក់​មកពី​ប្រទេស​ចិន​បាន​ចុះកិច្ចសន្យា​ជួល​ដី​ទំហំ​ជាង​ ៦ ​ហិកតា​ទៀត ​ពី​ក្រុមហ៊ុន​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ (PPSP) ​ដែលជា​ក្រុមហ៊ុន​គ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​ប៉ោយប៉ែត​ព្រមទាំង​បាន​ចុះបញ្ជី​ក្នុង​ផ្សារហ៊ុន​នៅ​កម្ពុជា​កាលពី​ឆ្នាំ​ ២០១៦​។

លោក Tan Kak Khun ប្រធាន​ក្រុមហ៊ុន PPSP បាន​ចុះហត្ថលេខា​ជាមួយ​លោក Yan Delin អ្នកគ្រប់គ្រង​ទូទៅ​នៅ​ក្រុមហ៊ុន Marvel Garment Co., Ltd. (Marvel Garment) ​កាលពី​ថ្ងៃទី​ ២៨ ខែឧសភា ដោយ​ភាគី​ទាំង​ ២ ​បង្ហាញ​ពី​សុទិដ្ឋិនិយម​ចំពោះ​ការអភិវឌ្ឍ​អាជីវកម្ម​។

លោក Tan Kak Khun បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ថា PPSP ​កំពុង​ពង្រីក​គម្រោង​របស់ខ្លួន​ជា​បន្ត​នៅ PPSEZ ដោយ​ក្រុមហ៊ុន​កំពុង​អនុវត្ត​គម្រោង​ក្នុង​ដំណាក់កាល​ទី​ ៣ ដែល​បានចាប់ផ្ដើម​តាំងពី​ខែ​មីនា ឆ្នាំ​ ២០១៩ ​គ្របដណ្ដប់​លើ​ផ្ទៃដី​ទំហំ​ ៤៣ ​ហិកតា​។

លោក​បាន​បញ្ជាក់ថា ក្នុង​គម្រោង​ដំណាក់កាល​ទី​ ៣ ​នេះ​ក្រុមហ៊ុន​បាន​ផ្តោតលើ​ការអភិវឌ្ឍ​បណ្ដុំ​រោងចក្រ​ផលិត​សម្លៀកបំពាក់ រួមមាន ការកាត់ដេរ ការដេរប៉ាក់ ការវេចខ្ចប់ ឃ្លាំង​ស្ដុក​សម្ភារ ការបោះពុម្ព និង​ការប៉ាក់​។

ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹងថា តាមរយៈ​កិច្ចព្រមព្រៀង​នេះ PPSP យល់ព្រម​ជួល​ដី​ទំហំ​ ៦,៤ ​ហិកតា​ ឲ្យ Marvel Garment និង​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ​រវាង​ក្រុមហ៊ុន​ទាំង​ ២ ​ក្នុងន័យ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។

លោក Yan Delin អ្នក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Marvel Garment បាន​ថ្លែងថា ដោយ​ការពិចារណា​លើ​ការ​ស្នាក់នៅ និង​ការធ្វើដំណើរ​របស់​កម្មករ​ចំនួន​ច្រើន ក្រុមហ៊ុន​នេះ​បានចាប់ផ្ដើម​រៀបចំ​កន្លែង​ស្នាក់នៅ​របស់​កម្មករ និង​អគារ​ជុំវិញ​។ លោក​រំពឹងថា គម្រោង​នេះ​នឹង​រួមចំណែក​បង្កើត​ការងារ​ក្នុងស្រុក​ ១៧ ០០០ ​កន្លែង​។

លោក Yan Delin ថ្លែងថា​៖ «​ខណៈ​ដែល​ការបង្កើត​តំបន់​ផលិត យើង​ត្រូវតែ​រៀបចំ​អគារ​ស្នាក់នៅ​ជាមុន សម្រាប់​កម្មករ​នៅពេល​អនាគត​»​។

លោក ហាក់ សេរី ប្រធាន​ផ្នែក​បម្រើ​អតិថិជន នៅ PPSP បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃអាទិត្យ​ថា កិច្ចព្រមព្រៀង​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​ការអភិវឌ្ឍ​នៅក្នុង​ក្រុមហ៊ុន​របស់លោក​។ បច្ចុប្បន្ននេះ​មាន​ក្រុមហ៊ុន​សរុប​ ១០៨ ​កំពុង​ប្រតិបត្តិការ​នៅក្នុង​តំបន់​ PPSEZ​។

លោក​លើកឡើង​ថា​៖ «​បច្ចុប្បន្ន​គម្រោង​នេះ​ពេញ​អស់​ហើយ ហើយ​យើង​គ្រោង​នឹង​ពង្រីក​ទៅ​តំបន់​ផ្សេងទៀត​»​។

PPSEZ ​បានបង្ហាញ​ទំហំ​ជួញដូរ​ ១,១៣៩ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​កើនឡើង​ ១៤ ​ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០១៨​។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ធ្លាប់​បង្ហាញថា ការនាំ​ចេញពី​តំបន់​ពិសេស​នេះ​បាន​កើនឡើង​ប្រហែល​ ២៧ ​ភាគរយ​ ជាមួយ​នឹង​តម្លៃ​សរុប​នៃ​ការនាំចេញ​បាន​កើនឡើង​ដល់​ ២,៦៨៨ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​។ ​LA