ភ្នំពេញៈ ក្រុមហ៊ុន Marvel Garment Co. ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Shenzhou International Group Holdings មានមូលដ្ឋានផលិតសម្លៀកបំពាក់ដ៏ធំនៅប្រទេសចិន នឹងគ្រោងចាប់ផ្តើមប្រតិបត្តិការផ្លូវការនៅដើមខែក្រោយក្នុងតំបន់សេដ្ឋកិច្ចពិសេសភុំ្នពេញ ទោះបីជាការរីករាលដាលជំងឺកូវីដ ១៩ នៅតែបន្តបំភ័យ។
តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញបានឲ្យដឹងកាលពីថ្ងៃចន្ទថា បន្ទាប់ពីការសាងសង់បាន ១ ឆ្នាំកន្លះ ក្រុមហ៊ុន Marvel Garment Co. បានបញ្ចប់គម្រោងសាងសង់រោងចក្រដំណាក់កាលទី ១ របស់ខ្លួននៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
ក្រុមហ៊ុន Marvel Garment Co. នឹងចាប់ផ្តើមជ្រើសរើសកម្មករនិយោជិតដើម្បីដំណើរការចង្វាក់ផលិតម៉ាស់មុខ ដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុន។
លោក YAN DELIN អគ្គនាយកក្រុមហ៊ុន Marvel Garment Co. បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ក្រុមហ៊ុននេះបានចាប់ផ្ដើមរៀបចំកន្លែងស្នាក់របស់កម្មករ និងអគារជុំវិញ ហើយលោករំពឹងថា គម្រោងនេះនឹងបង្កើតការងារក្នុងស្រុក ១៧ ០០០ នាក់។
លោកបានបញ្ជាក់ថា៖ «ទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាកនេះក៏ដោយ ក៏យើងបានសម្រេចចិត្តឈានទៅមុខ ដូច្នេះយើងអាចរៀបចំខ្លួនសម្រាប់ក្រោយពេលស្ថានភាពកូវីដ១៩។ ដោយធ្វើដូច្នេះ យើងនឹងបន្តបង្កើតឱកាសការងារបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា»។
ក្រុមហ៊ុន Marvel បានបន្តពង្រីកគម្រោងរបស់ខ្លួននៅក្នុង PPSEZ ហើយបច្ចុប្បន្នក្រុមហ៊ុននេះស្ថិតក្នុងដំណាក់កាលទី ៣ នៃការអភិវឌ្ឍ ដែលគ្របដណ្ដប់លើផ្ទៃដីទំហំ ៤៣ ហិកតា។
គម្រោងនេះត្រូវបានបង្កើតឡើងជាចង្កោមនៃរោងចក្រផលិតសម្លៀកបំពាក់ ដោយមានការកាត់ដេរ បោះពុម្ព ប៉ាក់ វេចខ្ចប់ និងឃ្លាំងសន្និធិទំនិញ។
ប្រតិបត្តិការនេះជាប់ទាក់ទងនឹងការជួលដីទំហំ ៦,៤ ហិកតា ហើយជានិមិត្តរូបមួយផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំង ២ ក្នុងការពង្រឹងកម្លាំងរួមការងារ និងសេដ្ឋកិច្ច។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) កាលពីខែមិថុនាបានឲ្យដឹងថា រោងចក្រសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ ប្រហែល ២៥០ បានផ្អាកប្រតិបត្តិការ ហើយកម្មករជាង ១៣០ ០០០ នាក់ នៅក្នុងវិស័យនេះ ភាគច្រើនជាស្ដ្រីបានបាត់បង់ការងាររបស់ពួកគេ ហើយចំនួននេះទំនងជានឹងកើនឡើងខ្លាំង។
លិខិតនោះបានបន្តថា កាលពីត្រីមាសទី ១ ឆ្នាំនេះ អ្នកទិញជាច្រើនបានលុបចោលការបញ្ជាទិញ បន្ទាប់ពីទំនិញទាំងនោះត្រូវបានបញ្ចប់ ឬកំពុងដំណើរការផលិត។ គេប៉ាន់ប្រមាណថា ការលក់សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើររបស់កម្ពុជានៅត្រីមាសទី ២ ឆ្នាំនេះទំនងជានឹងធ្លាក់ចុះមកនៅត្រឹមពី ៥០ ទៅ ៦០ ភាគរយប៉ុណ្ណោះប្រចាំឆ្នាំ។
លោក ហាក់ សេរី អ្នកគ្រប់គ្រងសេវាបម្រើអតិថិជននៅ PPSP ដែលជាក្រុមហ៊ុនគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) បានឲ្យដឹងថា PPSP មានក្រុមហ៊ុនសរុប ១០៨ កំពុងប្រតិបត្តិការនៅក្នុង PPSEZ។
PPSEZ បានឲ្យដឹងថា ខ្លួនទទួលបានទំហំពាណិជ្ជកម្ម ១,១៣៩ ពាន់លានដុល្លារ កាលពីឆ្នាំមុនកើនឡើង ១៤ ភាគរយ ធៀបនឹងឆ្នាំ ២០១៨។
ទិន្នន័យរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបង្ហាញថា ប្រទេសកម្ពុជា បាននាំចេញទំនិញមានតម្លៃ ២,៦៨៨ ពាន់លានដុល្លារ តាមរយៈតំបន់សេដ្ឋកិច្ចពិសេស (SEZs) កាលពីឆ្នាំមុន កើនឡើង ២៧ ភាគរយធៀបនឹងឆ្នាំ ២០១៨។
មានក្រុមហ៊ុនចំនួន ៤៦៥ កំពុងប្រតិបត្តិការនៅក្នុង SEZs ទាំង ៥៤ របស់ប្រទេសកម្ពុជា ដោយផ្ដល់ការងារដល់កម្មករជាង ១០០ ០០០ នាក់៕LA