ភ្នំពេញ: លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានស្នើឱ្យរោងចក្រ MEDTECS Cambodia បង្កើនបរិមាណផលិតសម្ភារបរិក្ខារការពារផ្ទាល់ខ្លួន (PPE) ដើម្បីចូលរួមចំណែកក្នុងការផ្គត់ផ្គង់លើទីផ្សារក្នុងការការពាររោគឆ្លង Covid-19 នៅកម្ពុជា។
ការស្នើសុំរបស់រដ្ឋមន្ត្រីរូបនេះធ្វើឡើងក្នុងជំនួបជាមួយលោក Clement Yang ប្រធានក្រុមហ៊ុនរោងចក្រ MEDTECS Cambodia ដែលមានមូលដ្ឋានខេត្តកំពង់ចាម និងជាអ្នកវិនិយោគតំបន់សេដ្ឋកិច្ចពិសេសមេនហាតថេន(Manhattan ) ក្រុងបាវិត ខេត្តស្វាយរៀងនៅទីស្តីការក្រសួងកាលពីថ្ងៃសុក្រកន្លងមក។
លោក ចម ប្រសិទ្ធ បានចាត់ទុកលោក Clement Yang គឺជាអ្នកវិនិយោគទុនមានភាពជោគជ័យមួយនៅកម្ពុជាមានរយ:ពេល ២១ ឆ្នាំមកហើយ ដោយបានរួមចំណែកផងដែរក្នុងចំណែកសេដ្ឋកិច្ច ទីផ្សារការងារ និងការទទួលខុសត្រូវសង្គមនៅកម្ពុជា។
ជាពិសេសនៅពេលពិភពលោកក៏ដូចជាកម្ពុជាកំពុងរងគ្រោះ និងផលប៉ះពាល់ពីមេរោគ Covid-19 ក្រុមហ៊ុនរោងចក្រ MEDTECS របស់លោក Yang ដែលមានមូលដ្ឋាននៅខេត្តកំពង់ចាមបានបង្កើនការផលិតរបស់ខ្លួនដោយផ្តោតជាសំខាន់ទៅលើសម្ភារបរិក្ខារការពារផ្ទាល់ខ្លួន (PPE) ហើយក៏បានធ្វើការឧបត្ថម្ភជាម៉ាស់ និងសម្លៀកបំពាក់ពេទ្យ សម្រាប់ការពាររោគឆ្លង Covid-19 ដល់តម្រូវការរបស់កម្ពុជា រួមទាំងប្រទេសមួយចំនួនទៀតផងដែរ។
លោកបានថ្លែងយ៉ាងដូច្នេះថា៖ «ក្រុមហ៊ុនរោងចក្រគួរបង្កើនការផលិតសម្ភារបរិក្ខារការពារCovid-19 ឱ្យបានកាន់តែច្រើន សម្រាប់ផ្គត់ផ្គង់ឱ្យគ្រប់តម្រូវការទីផ្សារ ពីព្រោះមេរោគនៅគំរាមកំហែងពិភពលោកនៅឡើយ» ។
លោក Clement Yang បានថ្លែងថា លោកពេញចិត្តចំពោះការវិនិយោគវិស័យរោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ទោះបីមានឧបសគ្គបន្តិចបន្តួចក៏ដោយ ប៉ុន្តែកម្ពុជាជាទីតាំងវិនិយោគដ៏មានសក្តានុពល ដែលបច្ចុប្បន្នលោកកំពុងមានបំណងពង្រីកដើមទុនក្នុងរោងចក្រ និងតំបន់សេដ្ឋកិច្ចរបស់លោក ពីព្រោះព្រំដែនកម្ពុជា-វៀតណាម ជាច្រករបៀងសេដ្ឋកិច្ចដ៏សំខាន់។
គិតត្រឹមថ្ងៃអាទិត្យទី ១៨ ខែតុលា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២៨៣ ករណី ដោយក្នុងនោះចំនួន ២៧៨ នាក់បានជាសះស្បើយ និងគ្មានករណីស្លាប់ឡើយ។
យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការនាំចេញសម្ភារពេទ្យ (PPE) របស់កម្ពុជាមានតម្លៃសរុប ១៩១,៣ លានដុល្លារ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំនេះកើនឡើង ១៣០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានចំនួន ៨៣,៣៦ លានដុល្លារ។ ទិន្នន័យនេះបង្ហាញទៀតថា នៅក្នុងរយៈពេលនេះ ការនាំចេញម៉ាស់ពីកម្ពុជាសម្រេចបានចំនួន ២,៥៣ លានដុល្លារ។ កាលពីឆ្នាំ ២០១៩ ពុំមានទិន្នន័យនាំចេញផលិតផលម៉ាស់នោះទេ។
បើយោងតាមទិន្នន័យរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ បច្ចុប្បន្នមានរោងចក្រចំនួន ៧ និងសិប្បកម្មចំនួន ៧ មូលដ្ឋាន ដោយមួយចំនួនក្នុងចំណោមនេះកំពុងផលិតសម្ភារបរិក្ខារការពារជំងឺឆ្លងរួចស្រេចទៅ ហើយនិងមួយចំនួនទៀតបានសុំចុះបញ្ជីផលិតម៉ាស់ និងសម្លៀកបំពាក់ពេទ្យ។
ទិន្នន័យនេះបង្ហាញថា ប្រសិនបើរោងចក្រនឹងសិប្បកម្មទាំងនោះដំណើរការផលិតពេញលេញ កម្ពុជានឹងមានសមត្ថភាពផលិតម៉ាស់ប្រមាណ ១៣៨ លាន សម្លៀកបំពាក់ពេទ្យប្រមាណ ២០,៧ លាន និងមួកពេទ្យប្រមាណ ៩,៦ លានក្នុង ១ ខែ។
ទិន្នន័យដដែលនេះបានបន្តឱ្យដឹងទៀតថា ប្រទេសកម្ពុជាបានធ្វើការនាំចេញម៉ាស់ និងសម្ភារពេទ្យទៅកាន់ទីផ្សារប្រទេសចិន ជប៉ុន អាមេរិក និង អឺរ៉ុប។
គួររំឭកថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមេសា បានថ្លែងថា រដ្ឋាភិបាលត្រូវការម៉ាស់ក្នុងស្តុកយ៉ាងតិចចំនួន ១០ លានម៉ាស់ សម្លៀកបំពាក់ពេទ្យយ៉ាងតិច ៥ ០០០ សម្រាប់។
បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ការនាំចេញសម្ភារពេទ្យរបស់កម្ពុជាមានចំនួនប្រមាណ ១៩០,៩៨ លានដុល្លារ កាលពីឆ្នាំ ២០១៩៕ LA