ភ្នំពេញៈ ក្រុមហ៊ុននាំចេញអង្ករ Mekong Oryza Trading បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនបរទេសមកពីទីក្រុងហុងកុង និងអាហ្វ្រិក ដើម្បីពង្រីកការនាំចេញអង្ករពីកម្ពុជាទៅចិន អឺរ៉ុប និងអាហ្វ្រិកខាងត្បូងដែលទីផ្សារថ្មីរបស់កម្ពុជា។
ការចុះ MoU នេះ បានធ្វើឡើងរវាងក្រុមហ៊ុន Mekong Oryza Trade ជាមួយ Hong Kong-based Hong Kong Zhoghui Taifu International និងក្រុមហ៊ុន Gree Shield Africa Group នៅភ្នំពេញកាលពីថ្ងៃអង្គារដែលលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មជាសាក្សីក្នុងពិធីនេះ។
លោក វេង សាខុន ថ្លែងថា MoU នេះនឹងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកលើកកម្ពស់ការនាំចេញអង្ករកម្ពុជា។ លោកបន្តថា៖ «MoU បានឆ្លុះបញ្ចាំងពីសមិទ្ធផលថ្មីរបស់ក្រុមហ៊ុននាំចេញអង្ករក្នុងការរួមចំណែកលើកកម្ពស់ការនាំចេញអង្ករទៅកាន់ទីផ្សារប្រទេសចិន និងអឺរ៉ុប ជាពិសេសអាហ្វ្រិកខាងត្បូងដែលក្លាយជាទីផ្សារថ្មី។
លោក ហ៊ុន ឡាក់ ប្រធានក្រុមហ៊ុននាំចេញអង្ករ Mekong Oryaza Trade បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារថា ការចុះ MoUនេះ គឺមានរយៈពេល ៣ ឆ្នាំ ដែលក្រុមហ៊ុនលោកគ្រោងនឹងនាំចេញអង្ករសរុប ១០ ម៉ឺនតោននៅប្រទេសចិន អាហ្រ្វិកខាងត្បូង និងអឺរ៉ុប។
លោកបន្ថែមថា សម្រាប់ឆ្នាំដំបូងនឹងនាំចេញអង្ករចន្លោះពី ៣ ម៉ឺនតោន ទៅ ៥ ម៉ឺនតោនដែលគ្រោងនឹងនាំចេញនៅចុងខែធ្នូ ឆ្នាំ ២០១៩ នេះហើយជំហានទី ២ មានចំនួន ៧ ម៉ឺនតោន និងនៅសល់ប៉ុន្មាននឹងនាំចេញនៅជំហានចុងក្រោយ។ លោកថ្លែងថា៖ «យើងនឹងស្វែងរកទីផ្សារថ្មីៗបន្ថែមឲ្យបានច្រើន ក្រៅពីប្រទេសចិន ដើម្បីរក្សាភាពប្រកួតប្រជែងរបស់ខ្លួន»។
ការនាំចេញទៅទីផ្សារចិនកំពុងនាំមុខក្នុងចំណោមទីផ្សារអន្តរជាតិផ្សេងទៀត ចាប់តាំងពីសហភាពអឺរ៉ុបបានសម្រេចយកពន្ធនាំចូលអង្ករកម្ពុជាពីដើមឆ្នាំ ២០១៩ មក។
របាយការណ៍នាំចេញអង្កររបស់លេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករបានឲ្យដឹងថា ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០១៩ ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមាន ៣៩៨ ៥៨៦ តោនកើន ២,៣ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០១៨។ ការនាំចេញអង្ករទៅចិនកើន ៤៤ ភាគរយ ខណៈទៅ EU ធ្លាក់ជិត ៣០ ភាគរយ៕LA