ភ្នំពេញៈ ក្រុមហ៊ុនទូរស័ព្ទចល័ត Metfone គម្រោងដំណើរសាកល្បងបច្ចេកវិទ្យា 5G នៅក្នុងប្រទេស កម្ពុជា ក្នុងខែកក្កដានេះ បន្ទាប់ក្រុមហ៊ុន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា កាលពីថ្ងៃទី ៩ កក្កដា ស្តីពីការសាកល្បងបច្ចេកវិទ្យា 5G។ នេះបើតាមសារព័ត៌មាន Vietnam Express។
ការប្រកាសរបស់ Metfone ធ្វើឡើង ១ ថ្ងៃ បន្ទាប់ពី ក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត Smart Axiata កាលពីថ្ងៃចន្ទ បានសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក្នុងការតេស្តសាកល្បងលើបច្ចេកវិទ្យា 5G លើកដំបូងគេនៅកម្ពុជា ដោយក្រុមហ៊ុន Smart អះអាងថា បានត្រៀមទឹកប្រាក់វិនិយោគរាប់រយលានដុល្លារទៅលើបច្ចេកវិទ្យានេះ។
កាលពីឆ្នាំមុន ក្រុមហ៊ុនទូរស័ព្ទចល័ត Metfone បានផ្តល់ប្រព័ន្ធបច្ចេកវិទ្យា 4.5G LTE និងបានដំឡើងស្ថានីយ 4G ចំនួន ១០០ កន្លែងនៅតំបន់បឹងទន្លេសាប។ នេះបើយោងតាមសេចក្តីរាយការណ៍។
មិនអាចទាក់ទងមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជាជុំវិញកិច្ចព្រមព្រៀងនេះបានទេកាលពីថ្ងៃម្សិលមិញ។
បើទោះបីយ៉ាងនេះក្តី លោក ម៉ៅ ចរិយា នាយកបញ្ញត្តិករទូរគមនាគមន៍កម្ពុជា (TRC) បានឲ្យដឹងនៅសប្តាហ៍នេះ រហូតមកដល់ពេលនេះលោកមិនច្បាស់ថា 5G អាចនឹងត្រូវរដ្ឋាភិបាលអនុញ្ញាតឲ្យប្រើប្រាស់ជាផ្លូវការនៅពេលណានោះទេ ខណៈបច្ចុប្បន្នអាជ្ញាធរកំពុងពង្រឹងការគ្របដណ្តប់សេវា 4G ឲ្យបានទូលំទូលាយនៅទូទាំងប្រទេសជាមុនសិន។
សេចក្តីរាយការណ៍របស់ ភ្នំពេញ ប៉ុស្តិ៍កាលពីខែកុម្ភៈ ឲ្យដឹងថា ក្រុមហ៊ុនទូរគមនាគមន៍ដែលគ្រប់គ្រងដោយយោធារបស់វៀតណាមមួយនេះ បានបង្ហាញពីកំណើនប្រាក់ចំណូលជាង ២,២ ពាន់លានដុល្លារ ក្នុងរយៈពេល ១០ ឆ្នាំ នៃប្រតិបត្តិការរបស់ខ្លួននៅកម្ពុជាដែលទទួលបានប្រាក់ចំណេញជាង ៣០០ លានដុល្លារ៕LA