
ទិដ្ឋភាពចរាចរណ៍លើស្ពានអាកាសក្បាលថ្នល់នាពេលកន្លងមក។ គម្រោងថវិកាឆ្នាំ២០១៩ផ្តោតសំខាន់លើហេដ្ឋារចនាសម្ព័ន្ធ។ រូបថត ហុង មិនា
ភ្នំពេញៈ គម្រោងរដ្ឋាភិបាលកម្ពុជាសម្រាប់កម្ចីថ្មីដែលមានចំនួនអតិបរមាជិត ២ ពាន់លានដុល្លារ សម្រាប់ផែនការថវិកាជាតិឆ្នាំក្រោយ នឹងបង្កើនកម្រិតបំណុលកម្ពុជាដល់ ៣១,៥ ភាគរយ ធៀបនឹងទំហំសេដ្ឋកិច្ចកើននៅឆ្នាំ ២០១៩។ នេះបើតាមការបញ្ជាក់ពីអ្នកជំនាញនៃទីភ្នាក់ងារវាយតម្លៃហានិភ័យឥណទាន Moody ប្រចាំនៅសិង្ហបុរី។
កម្រិតបំណុលនេះត្រូវបានអ្នកជំនាញបញ្ជាក់ថា ជាកម្រិតទាបនៅឡើយធៀបនឹងកម្រិតបំណុលរបស់បណ្តាប្រទេសផ្សេងៗក្នុងពិភពលោក។
ប៉ុន្តែទន្ទឹមនេះ ខណៈកម្ពុជា ត្រូវបានព្រមានថាអាចនឹងបាត់បង់ការអនុគ្រោះពន្ធពីទីផ្សារសហភាពអឺរ៉ុប EBA អ្នកវិភាគរបស់ Moody បានបញ្ជាក់ថា ប្រសិនបើ EBA ពិតជាលែងបន្តមែន វានឹងជះឥទ្ធិពលអវិជ្ជមានដល់ស្ថានភាពវាយតម្លៃឥណទានរបស់កម្ពុជា និងបន្ថយការទទួលបានហិរញ្ញប្បទានសម្រាប់រដ្ឋាភិបាល និងការថមថយលំហូរចូលការវិនិយោគផ្ទាល់ពីបរទេស។
លោក Matthew Circosta អ្នកវិភាគនៅ Moody’s Investors Service បានប្រាប់ភ្នំពេញ ប៉ុស្ដិ៍តាមអីុមែលថា រដ្ឋាភិបាលកម្ពុជា ដែលជាធម្មតាទទួលកម្ចីមានលក្ខខណ្ឌសម្បទានខ្ពស់បានធ្វើឲ្យបន្ទុកចំណាយលើការប្រាក់ទាប និង អាចគាំទ្រដល់លទ្ធភាពទទួលបំណុលខ្ពស់។
ប៉ុន្តែលោកថ្លែងថា មានហានិភ័យនៃការផ្លាស់ប្តូរអវិជ្ជមាននៃទំនាក់ទំនងនយោបាយដែលអាចកើតឡើង ជាមួយដៃគូអភិវឌ្ឍន៍ទ្វេភាគី និងអន្តរជាតិ ដូចជា សហភាពអឺរ៉ុប និងអាមេរិក ដែលបណ្ដាលឲ្យមានការបាត់បង់លទ្ធភាពទទួលបានការអនុគ្រោះពន្ធពាណិជ្ជកម្ម អាចជាបញ្ហាប្រឈមមួយដែលអាចបណ្តាលឲ្យបន្ថយការទទួលបានហិរញ្ញប្បទានសម្រាប់រដ្ឋាភិបាល និងការថមថយលំហូរចូលការវិនិយោគផ្ទាល់ពីបរទេស។
លោកលើកឡើងថា៖ «តាមការយល់ឃើញរបស់យើង ប្រសិនបើការគំរាមនេះក្លាយជាពិត ហានិភ័យបែបនេះ នឹងមានផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ និងអាចបង្កើនសម្ពាធលើការផ្ដល់ហិរញ្ញប្បទានទៅលើឱនភាពគណនីចរន្ត»។
យោងតាមសេចក្ដីព្រាងថវិកាជាតិសម្រាប់ឆ្នាំ ២០១៩ ដែលបានរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋាភិបាលគ្រោងនឹងខ្ចី ១,៤ ពាន់លាន SDR បន្ថែមទៀត ឬជិត ២ ពាន់លានដុល្លារ ដើម្បីឆ្លើយតបនឹងថវិកាដែលគ្រោងទុករបស់ខ្លួនសម្រាប់ឆ្នាំ ២០១៩។
កំណើន ១,៤ ពាន់លាន SDR បានមកពីការអនុម័តគម្រោង ២៥ ដែលរដ្ឋាភិបាលខ្ចីពីធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម ប្រទេស ចិន ជប៉ុន កូរ៉េខាងត្បូង ថៃ និងប្រទេស ឥណ្ឌា។
គម្រោងនេះត្រូវជាប់ទាក់ទងសំខាន់ទៅនឹងការអភិវឌ្ឍវិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្ដ្ររបស់កម្ពុជា និងវិស័យអាទិភាពមួយចំនួនផ្សេងទៀត រួមមាន ការអប់រំ និងសុខាភិបាល។
ទិន្នន័យ MEF បង្ហាញថា បំណុលសាធារណៈរបស់កម្ពុជា កាលពីចុងខែកញ្ញាឆ្នាំនេះ មាន ៦,៨២ ពាន់លានដុល្លារ។ សេចក្ដីប្រកាសព័ត៌មានរបស់ MEF មិនបានផ្ដល់ព័ត៌មានលម្អិតពីអត្រាការប្រាក់លើកម្ចីនេះទេ ប៉ុន្តែបញ្ជាក់ថា រដ្ឋាភិបាលនឹងទទួលតែកម្ចីណាមានលក្ខខណ្ឌ សម្បទានខ្ពស់តែប៉ុណ្ណោះ។
លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយឲ្យដឹងថា កម្រិតបំណុលបច្ចុប្បន្នរបស់កម្ពុជា គឺអាចគ្រប់គ្រងបាន។
លោកបន្ថែមថា កម្ពុជាពិតជាត្រូវការផ្លូវថ្នល់ ស្ពាន និងប្រព័ន្ធធារាសាស្ដ្រ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងអាចខ្ចីបន្ថែមទៀតសម្រាប់តម្រូវការនេះ ប៉ុន្តែត្រូវធ្វើឲ្យប្រាកដថា កម្ចីត្រូវបានប្រើប្រាស់ដោយការទទួលខុសត្រូវ និងការសាងសង់ដោយមានគុណភាព។
លោកបានថ្លែងថា៖ «ខ្ញុំគាំទ្រដែលឃើញមានកញ្ចាប់ថវិកាច្រើនជាងមុនត្រូវបានវិនិយោគទៅហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍធនធានមនុស្ស ក្នុងថវិកា ឆ្នាំ ២០១៩ ខណៈកម្ពុជា ត្រូវការចាប់យក និងរៀបចំមូលដ្ឋានគ្រឹះសម្រាប់បដិវត្តន៍ឧស្សាហកម្មទី ៤»៕LA