ភ្នំពេញ: ក្រសួងកសិកម្ម រុក្ខប្រមាញ់ និង​នេសាទ​នៅ​ថ្ងៃទី​ ១៥ ​ខែតុលា​នេះ​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ (MoU) ​ជាមួយ​ក្រុមហ៊ុន​សមាគម​ឯកជន​នានា​យ៉ាងហោច​ណាស់​ ៦ ​លើ​ការអភិវឌ្ឍ​មជ្ឈមណ្ឌល​បន្លែ​សុវត្ថិភាព​គំរូ​ និង​ជំរុញ​ខ្សែចង្វាក់​តម្លៃ​បន្លែ​សុវត្ថិភាព​តាម​ស្តង់ដា​ការអនុវត្ត​កសិកម្ម​ល្អ​ (GAP) ​ដើម្បី​បំពេញ​តម្រូវការ​បន្លែ​ក្នុងស្រុក​ និង​ឆ្ពោះ​ទៅ​នាំចេញ​។

ការចុះ​អនុស្សរណៈ​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​រវាង​រដ្ឋ​ និង​ក្រុមហ៊ុន​ឯកជន ព្រមទាំង​ក្រុមហ៊ុន​ឯកជន​ជាមួយ​បណ្តា​សមាគម​ផ្សេងៗ​ដែល​ប្រើប្រាស់​បន្លែ ដូចជា សមាគម​ចុងភៅ​កម្ពុជា សមាគម​ភោជនីយដ្ឋាន​កម្ពុជា សហព័ន្ធ​ទេសចរណ៍​កម្ពុជា សមាគម​សណ្ឋាគារ​កម្ពុជា ព្រមទាំង​ក្រុមហ៊ុន​ភូមិ​កសិករ​ធម្មជាតិ​ដែល​ជា​ក្រុមហ៊ុន​ចែក​បន្លែ​សុវត្ថិភាព ក្រុមហ៊ុន Tropicam Irrigation Solutions Co. ដែលជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារ​កសិកម្ម​ទំនើប និង តំណាង​កសិករ​គំរូ​មកពី​បណ្តា​ខេត្ត​មួយចំនួន​ផងដែរ​។

លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​ថ្លែង​ក្នុង​ពិធី​ចុះ MoU កាលពី​ថ្ងៃ​ពុធ​ថា​នេះ​ជា​សមិទ្ធផល​ថ្មី​មួយទៀត​ដែលជា​កិច្ច​ខំប្រឹងប្រែង​របស់​អគ្គនាយកដ្ឋាន​កសិកម្ម​ក្នុង​ការឆ្លើយតប​ទៅនឹង​គោលនយោបាយ​កសិកម្ម​របស់​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​ការធ្វើ​ទំនើបកម្ម​កសិកម្ម​ និង​ការពង្រឹង​ខ្សែចង្វាក់​តម្លៃ​ដំណាំ​បន្លែ​របស់​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ការវិនិយោគ​ពី​វិស័យ​ឯកជន​ជា​កម្លាំងចលករ​មួយ​យ៉ាងសំខាន់​ក្នុង​ការចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការលើកកម្ពស់​គុណភាព និង​សុវត្ថិភាព​បន្លែ ព្រមទាំង​ការធ្វើ​ទំនើបកម្ម​កសិកម្ម​»​។

លោក ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន Tropicam Fruit and Vegetable Co., Ltd បាន​ថ្លែង​ក្នុង​ពិធី​នេះ​ថា ក្រុមហ៊ុន​បាន​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម​ក្នុង​ការអភិវឌ្ឍ​មជ្ឈមណ្ឌល​បន្លែ​សុវត្ថិភាព​នៅក្នុង​ស្ថានីយ​ពិសោធន៍​កសិកម្ម​បន្ទាយដែក​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ១ ​លើ​ផ្ទៃដី​ចំនួន​ ៦ ហិកតា​។

លោក​ជឿថា​មជ្ឈមណ្ឌល​នេះ​នឹង​ជួយ​ជំរុញ​ផលិតកម្ម​បន្លែ ស្លឹក ផ្លែឈើ មើម ប្រកបដោយ​សុវត្ថិភាព​តាម​ស្តង់ដា GAP ​ព្រមទាំង​គាំទ្រ​ដល់​ការប្រើប្រាស់​បច្ចេកវិទ្យា​កសិកម្ម​ទំនើប​បម្រើ​ឱ្យ​វិស័យ​បន្លែ​សុវត្ថិភាព​។

លោក​ថ្លែងថា​៖ «​ពិធី​ចុះហត្ថលេខា​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការលើកកម្ពស់​ការផ្សព្វផ្សាយ​ដល់​ភាគី​ពាក់ព័ន្ធ​នានា​ក្នុង​វិស័យ​បន្លែ​មក​ផ្តោត​ជា​សំខាន់​ការផលិត​បន្លែ​សុវត្ថិភាព​ដែល​មាន​ស្តង់ដា​ត្រឹមត្រូវ​រហូត​ដល់​មាន​ការបញ្ជាក់​ទទួល​ស្គាល់​ពី​ស្ថាប័ន​សាធារណៈ​»៕ LA