ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ (MPTC) និង​ក្រុមហ៊ុន Huawei នៅ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​គម្រោង​ជំនួយ​ជា​ឧបករណ៍​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា (ICT) និង​កម្មវិធី​បណ្តុះបណ្តាល​ស្តីពី​បច្ចេកវិទ្យា​ 5G ​ដល់​កម្ពុជា​ដើម្បី​រួមចំណែក​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​ដែល​ជា​គោលដៅ​របស់​រដ្ឋាភិបាល​ក្នុងពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ​។

ការចុះហត្ថលេខា​ត្រូវ​បាន​ធ្វើឡើង​រវាង លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​លោក Yao Yuya នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​ កម្ពុជា ​ក្រោម​អធិបតីភាព​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​លោក Wang Wentian ឯកអគ្គ​រដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា​។

លោក ត្រាំ អ៊ីវតឹក បាន​ថ្លែងថា ខណៈ​ដែល​ប្រទេស​ កម្ពុជា​ ទទួលបាន​នូវ​កំណើន​រឹងមាំ និង​មាន​ស្ថិរភាព​ក្នុង​រយៈពេល​ ២ ​ទសវត្សរ៍​ចុងក្រោយ​នេះ​ជាមួយ​នឹង​ការលេចចេញ​នូវ​សេដ្ឋកិច្ច​ឌីជីថល និង​បដិវត្ត​ឧស្សាហកម្ម​ជំនាន់​ទី​ ៤ ហើយ​ប្រទេស​កម្ពុជា​ត្រូវតែ​ពន្លឿន​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​របស់​ខ្លួន ដើម្បី​ទ្រទ្រង់​កំណើន​ដ៏ខ្ពស់ និង​រឹងមាំ​ជាមួយ​ចក្ខុវិស័យ​យូរអង្វែង​។

លោក ត្រាំ អ៊ីវតឹក បាន​ឱ្យ​ដឹង​ទៀតថា​៖ «​ក្រសួង​ប្រៃសណីយ៍​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការគាំទ្រ​ដល់​រដ្ឋាភិបាល​ដើម្បី​សម្រេច​បាន​នូវ​ចក្ខុវិស័យ​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ​ដើម្បី​ទទួល​បាន​នូវ​សេដ្ឋកិច្ច​ឌីជីថល ក៏ដូចជា​ត្រៀមខ្លួន​ដើម្បី​ឆ្ពោះ​ទៅ​កាន់​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​ ៤»​។

លោក​បន្ថែមថា «​ផលិតផល និង​សេវាកម្ម​ដែល​ប្រគល់​ជូន​ក្រសួង​ប្រៃសណីយ៍ ថ្ងៃនេះ​នឹង​ត្រូវ​បាន​ប្រើប្រាស់ ដើម្បី​សម្រេច​បាន​នូវ​សមិទ្ធផល​ជា​អតិបរមា​ប្រកប​ដោយ​ប្រសិទ្ធភាព ហើយ​លោក​សង្ឃឹមថា កិច្ចសហប្រតិបត្តិការ​រវាង​ក្រសួង​ប្រៃសណីយ៍ និង Huawei នឹង​រីកចម្រើន​កាន់តែ​ខ្លាំង​ឡើងៗ​ថែម​ទៀត​»​។

លោក Yao បាន​ឲ្យ​ដឹង​ដែរ​ថា​ក្នុង​នាម​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ICT ឈានមុខ​គេ​លើ​ពិភពលោក និង​ជា​អ្នកទទួល​ខុសត្រូវ​សង្គម​នៅ​កម្ពុជា Huawei បាន​ឆ្លើយតប​យ៉ាងសកម្ម​ទៅតាម​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ជ្រោមជ្រែង​ដល់​យុទ្ធសាស្ត្រ​ឌីជីថល​កម្ពុជា និង​ចក្ខុវិស័យ​វែងឆ្ងាយ​សម្រាប់​ការបណ្តុះបណ្តាល ទេពកោសល្យ​ឌីជីថល​។

លោក Yao បាន​បន្ថែម​ទៀត​ថា​៖ «​ផ្អែកលើ​កិច្ចព្រមព្រៀង​ពី​មុន​រវាង​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន Huawei ក្រុមហ៊ុន Huawei មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការគាំទ្រ​ដល់​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​ដោយ​ផ្តល់​សម្ភារបរិក្ខារ និង​សេវាកម្ម​សម្រាប់​មជ្ឈមណ្ឌល​ទិន្នន័យ​ខា្នតតូច ប្រព័ន្ធ​វីដេអូ​នៃ​សន្និសីទ និង​កុំព្យូទ័រ​យួរដៃ​ម៉ាក Huawei សម្រាប់​ការិយាល័យ​រដ្ឋាភិបាល​ថ្នាក់កណ្តាល និង​ខេត្ត​»​។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​នៅក្នុង​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​ស្តីពី​សេដ្ឋកិច្ច​ឌីជីថល​នៅ​ថ្ងៃទី​ ១១ ខែមីនា​ ឆ្នាំមុន​ថា បច្ចេកវិទ្យា​ឌីជីថល​នឹង​ផ្តល់​ឱកាស​ដល់​ប្រទេស ​កម្ពុជា​ ដើម្បី​ឈាន​ដល់​ដំណាក់កាល​ឈាន​ទៅ​មុខ​នៃ​ការអភិវឌ្ឍ ប៉ុន្តែ​កម្ពុជា​ត្រូវការ​ពេល​យ៉ាងហោច​ណាស់ ១០ ឆ្នាំ​ដើម្បី​ធ្វើឲ្យ​ការផ្លាស់ប្តូរ​ទៅជា​សេដ្ឋកិច្ច​ឌីជីថល​ពេញលេញ​។

កាលពី​ឆ្នាំ​មុន​រដ្ឋាភិបាល​បានផ្តល់​ថវិកា​ ៥ ​លាន​ដុល្លារ​ ដើម្បី​ជំរុញ​ការចាប់ផ្តើម​ឌីជីថល​សម្រាប់​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​ដែល​រំពឹងថា​នឹងមាន​កត្តា​ជំរុញ​ថ្មី​សម្រាប់​កំណើន​រយៈពេល​វែង​៕