ភ្នំពេញៈ NagaCorp ជា​ប្រតិបត្តិករ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​កាស៊ីណូ​ដែល​ចុះបញ្ជី​នៅ​ផ្សារហ៊ុន​ហុងកុង​ជា​ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន​កាស៊ីណូ NagaWorld ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ភ្នំពេញ​បាន​ប្រកាសថា ខ្លួន​នឹង​បែងចែក​ភាគលាភ​ ១០០ ​ភាគរយ​នៃ​ប្រាក់ចំណេញ​សុទ្ធ​ដែល​រកបាន​នៅ​ឆមាស​ទី​២ ឆ្នាំ​ ២០២០ ​ដល់​ភាគទុនិក​ដែល​ស្មោះត្រង់​ក្នុងអំឡុងពេល​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។

ការបែងចែក​ភាគលាភ​សម្រាប់​ភាគទុនិក​គឺមាន​ចំនួន​ ១,៨៨ ​សេន​ដុល្លារ​ ក្នុង​ ១ ​ភាគហ៊ុន​ ដែល​តំណាង​ឱ្យ​អនុបាត​ការបែងចែក​ ១០០ ​ភាគរយ​ដោយ​ពឹង​ផ្អែកលើ​ប្រាក់ចំណេញ​សុទ្ធ​ដែល​រកបាន​អំឡុង​ឆមាស​ទី​២ ឆ្នាំ​ ២០២០​។

ក្រុមហ៊ុន​បានឱ្យដឹង​នៅក្នុង​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ៨ ខែមីនា​ថា​៖ «​ជា​ការផ្ដល់​រង្វាន់​ដល់​ភាគទុនិក​ដែល​ជឿជាក់​លើ​កំណើន​រយៈពេល​វែង​របស់​ក្រុមហ៊ុន​នេះ ទោះបី​ជា​ពេលវេលា​ដ៏ពិបាក​នៅថ្ងៃនេះ ក្រុមប្រឹក្សាភិបាល បាន​ផ្ដល់​អនុសាសន៍​ឱ្យ​បែងចែក​ភាគលាភ​ ១០០ ​ភាគរយ ​ដែល​មិន​ធ្លាប់មាន​នៃ​ប្រាក់ចំណេញ​សុទ្ធ ដែល​រកបាន​ក្នុង​អំឡុងពេល​ឆមាស​ទី២ ឆ្នាំ​ ២០២០ ជា​ភាគលាភ​ចុងក្រោយ​គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែ ធ្នូ ឆ្នាំ​ ២០២០»​។

ក្រុមហ៊ុន​បន្តថា ខ្លួន​នឹង​រៀបចំ​កិច្ចប្រជុំ​រៀងរាល់​ ៦ ​ខែម្តង ដើម្បី​ត្រួតពិនិត្យ​វាយតម្លៃ និង​ពេលវេលា​ដ៏សមរម្យ សម្រាប់​កែតម្រូវ​គោលនយោបាយ​ភាគលាភ​របស់ខ្លួន​ស្រប​ជាមួយ​ប្រាក់ចំណូល​ក្រុមហ៊ុន សេដ្ឋកិច្ច​ពិភពលោក ស្ថានភាព​ជំងឺ​កូវីដ​១៩​។

ដោយសារ​តែ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ​បាន​កំពុង​ប៉ះពាល់​ខ្លាំង​លើ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក​រួមទាំង​កម្ពុជា​បាន​បណ្ដាលឱ្យ​ក្រុមហ៊ុន Naga បិទទ្វារ​បណ្ដោះអាសន្ន​រយៈពេល​ ៣ ​ខែ​កាលពី​ឆ្នាំមុន តែ​ក្រុមហ៊ុន​បាន​អះអាងថា ចំនួន​ករណី​ឆ្លង​កូវីដ​ ១៩ ត្រូវបាន​ទប់ស្កាត់​បាន​ល្អប្រសើរ​នៅ​កម្ពុជា​។

ក្រុមហ៊ុន Naga បានឱ្យដឹងថា ចាប់តាំងពី​ការចាប់ផ្ដើម​បើក​ដំណើរការ​ជាថ្មី​នៃ​អាជីវកម្ម​កាស៊ីណូ​កាលពី​ថ្ងៃទី​ ៨ ខែ កក្កដា​ ឆ្នាំ​ ២០២០ ក្រុមហ៊ុន​មួយ​នេះ​បាន​កត់ត្រា​អត្រា​ការស្ទុះ​ងើបឡើង​វិញ​លើកដំបូង​ (​បើ​ធៀប​នឹង​អំឡុង​ពេលមុន​ការបិទ​ដំណើរការ​កាលពី​ត្រីមាស​ទី​១ ​ឆ្នាំ​ ២០២០) ប្រហែលជា​ ៩៥ ​ភាគរយ​នៃ​ផ្នែក​អតិថិជន​លេងល្បែង​ទូទៅ និង​ប្រហែល​ ៦៩ ​ភាគរយ​នៃ​អ្នកលេង​ល្បែង​វីអាយភី​។

ចាប់តាំងពី​ការចាប់ផ្ដើម​បើក​ដំណើរការ​ជាថ្មី​នៃ​អាជីវកម្ម​កាស៊ីណូ​កាលពី​ថ្ងៃទី​ ៨ ខែ កក្កដា ​ឆ្នាំ​ ២០២០ រហូតដល់​ថ្ងៃទី​ ៣១ ​ខែ ធ្នូ ឆ្នាំ ​២០២០ ក្រុមហ៊ុន​នេះ​បាន​កត់ត្រា​កម្រិត​ប្រកប​ដោយ​ចីរភាព​នៃ​ការស្ទុះ​ងើបឡើង​វិញ​ទំហំ​អាជីវកម្ម​»៕ LA