ភ្នំពេញៈ ក្រុមហ៊ុនកាស៊ីណូ Naga World បានបង្ហាញពីប្រាក់ចំណេញសុទ្ធកើនឡើងយ៉ាងខ្លាំងកាលពីឆ្នាំមុន គឺចំណេញបន្ទាប់ពីបង់ពន្ធរួចមានរហូត ៣៩០,៦ លានដុល្លារកាលពីឆ្នាំ ២០១៨ ស្ទើរតែប្រហាក់ប្រហែលនឹងប្រាក់ចំណេញ ១ ឆ្នាំពេញរបស់គ្រឹះស្ថានធនាគារពាណិជ្ជនៅកម្ពុជាទាំងអស់បូកបញ្ចូលគ្នា។
ក្រុមហ៊ុន NagaCorp ជាក្រុមហ៊ុនមេរបស់កាស៊ីណូ Naga World បានចុះបញ្ជីនៅផ្សារហ៊ុនហុងកុង ហើយបានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ខ្លួនសម្រាប់ឆ្នាំ ២០១៨ ដោយបានបង្ហាញថា Naga World ទទួលបានប្រាក់ចំណេញសុទ្ធកើនឡើង ៥៣ ភាគរយនៅឆ្នាំ ២០១៨ ដែលមានរហូតដល់ទៅ ៣៩០,៦ លានដុល្លារ។
ក្រុមហ៊ុនដែលទទួលបានសិទិ្ធវិនិយោគលើអាជីវកម្មកាស៊ីណូផ្តាច់មុខតែ ១ គត់នៅទីក្រុងភ្នំពេញមួយនេះក៏ទទួល បានប្រាក់ចំណូលពីការលេងល្បែងដុល (GGR) រហូតដល់ទៅ ១,៤ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៨ កើនឡើង ៥៥ ភាគរយធៀបឆ្នាំ ២០១៧។
របាយការណ៍បង្ហាញថា កាស៊ីណូ NagaCorp បានរាយការណ៍ពីការបង់ពន្ធលើប្រាក់ចំណូល ៨,៨១ លានដុល្លារកាលពីឆ្នាំមុន។
លោក ម៉ី វ៉ាន អគ្គនាយកអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា តួលេខរបស់កាស៊ីណូ NagaWorld នៅក្នុងឯកសារនេះ គឺជារបាយការណ៍មិនទាន់ធ្វើសវនកម្ម ខណៈការប្រមូលពន្ធពីអាជីវកម្មនេះរបស់រដ្ឋាភិបាលពឹងផ្អែកលើរបាយការណ៍ដែលធ្វើសវនកម្មរួច។
លោករំពឹងថា ចំណូលពន្ធនឹងមានច្រើនជាង ៨,៨១ លានដុល្លារ ដោយសារថា ក្រុមហ៊ុននេះនឹងចាំបាច់ត្រូវបង់ពន្ធលើប្រាក់ចំណេញពីប្រតិបត្តិការមិនមែនល្បែងទៀតដែលសំដៅដល់ប្រាក់ចំណូលបានមកពីថ្លៃបន្ទប់សណ្ឋាគារ ចំណូលពីប្រតិបត្តិការភោជនីយដ្ឋាន និងចំណូលពីសេវាផ្សេងៗទៀត។
លោកពន្យល់ថា គ្រាន់តែនៅក្នុងឆ្នាំ ២០១៣ និងឆ្នាំ ២០១៤ ដែលពេលនោះប្រាក់ចំណូលរបស់កាស៊ីណូ Naga World ទាបជាងឆ្នាំ ២០១៨ ផង រដ្ឋាភិបាលបានប្រមូលពន្ធដល់ទៅជាង ២០ លានដុល្លាររួចទៅហើយ។
លោក វ៉ាន់ បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃអាទិត្យថា៖ «យើងមិនទាន់បានបញ្ចប់ដំណើរការសវនកម្មនៅឡើយទេ។ ចាំមើលសិន នៅពេលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពន្ធដារ បញ្ចប់របាយការណ៍ដែលធ្វើសវនកម្មរួច ចំាមើលក្រុមហ៊ុននេះនឹងកែតម្រូវរបាយការណ៍របស់ខ្លួននៅផ្សារហ៊ុនយ៉ាងម៉េច»។
លោកបន្តថា៖ «ចំណូលពន្ធជាក់ស្ដែង ដែលក្រុមហ៊ុននេះបង់ដល់ពួកយើង គឺនឹងច្រើនជាងចំនួនដែលគាត់ចេញផ្សាយនៅផ្សារហ៊ុន»។
តាមលោក វ៉ាន់ សេចក្ដីព្រាងច្បាប់ស្តីពីអាជីវកម្មកាស៊ីណូ បានធ្វើសេចក្តីព្រាងរួចហើយ និងកំពុងរង់ចាំការអនុម័តពីរដ្ឋាភិបាល និងរដ្ឋសភា។
ប្រាក់ចំណេញសុទ្ធរបស់កាស៊ីណូ Naga World កាលពីឆ្នាំ ២០១៨ ដែលទើបចេញផ្សាយ គឺស្មើប្រមាណ ៩០ ភាគរយ នៃប្រាក់ចំណេញសុទ្ធកាលពីឆ្នាំ ២០១៧ របស់គ្រឹះស្ថានធនាគារពាណិជ្ជនៅកម្ពុជាទាំងអស់ បូកបញ្ចូលគ្នា។ វាក៏ស្មើនឹងជិត៣ ដងនៃប្រាក់ចំណេញសុទ្ធរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ (MFI) នៅកម្ពុជាបូកបញ្ចូលគ្នា។
របាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា (NBC) បង្ហាញថា ធនាគារពាណិជ្ជទាំង ៣៩ នៅកម្ពុជាបូកបញ្ចូលគ្នា រកប្រាក់ចំណេញសុទ្ធបាន ៤៣៥,៧ លានដុល្លារកាលពីឆ្នាំ ២០១៧ ខណៈ MFI រកបាន ១៣៧,៥ លានដុល្លារ។ របាយការណ៍ត្រួតពិនិត្យរបស់ NBC សម្រាប់ឆ្នាំ ២០១៨ មិនទាន់ចេញផ្សាយនៅឡើយទេ។
លោក Timothy Patrick McNally ប្រធាន NagaCorp បានឲ្យដឹងនៅក្នុងឯកសារនេះថា ការមើលឃើញភាពជោគជ័យ និងកំណើនដ៏រហ័សរបស់ Naga2 ក្រុមហ៊ុននេះកំពុងស្ថិតក្នុងដំណាក់កាលរៀបចំផែនការសម្រាប់ការអភិវឌ្ឍ Naga3។
លោកបន្ថែមថា កំណើនភ្ញៀវទេសចរក្រៅស្រុក ជាពិសេសមកពីប្រទេស ចិន និងបរិយាកាសនយោបាយប្រកបដោយស្ថិរភាព ជាមូលហេតុដ៏សំខាន់ផ្សេងទៀត ក្នុងការជំរុញការវិនិយោគកាន់តែច្រើនថែមទៀត។
លោក សន ជ័យ ប្រធានសម្ព័ន្ធគណនេយ្យភាពសង្គម បានឲ្យដឹងថា កំណើនចំនួនកាស៊ីណូ និងប្រាក់ចំណូលរបស់កាស៊ីណូ ជានិន្នាការគួរឲ្យបារម្ភមួយ ដោយសារតែកត្តាហានិភ័យសង្គម ខណៈលោកបានឲ្យដឹងថា មានផលប៉ះពាល់អវិជ្ជមានជាច្រើន ដោយសារកំណើនចំនួនអ្នកលេងល្បែង។
លោកថ្លែងថា៖ «កម្ពុជាមិនទាន់មានការអនុវត្តច្បាប់លើអាជីវកម្មកាស៊ីណូទាំងស្រុងនៅឡើយទេ។ ខ្ញុំតែងតែបារម្ភថា នៅពីក្រោយកំណើនប្រាក់ចំណេញដ៏ច្រើនរបស់ប្រតិបត្តិករកាស៊ីណូនេះ តើអ្វីជាផលប៉ះពាល់នៅពីក្រោយនេះ។
លោកបញ្ជាក់ថា៖ «កម្ពុជាចាំាបាច់ត្រូវបង្កើនល្បឿនបញ្ចេញច្បាប់កាស៊ីណូ ដើម្បីប្រមូលពន្ធកាន់តែច្រើន ដើម្បីប៉ះប៉ូវផលប៉ះពាល់អវិជ្ជមានដ៏ធំដោយសារតែអាជីវកម្មលេងល្បែង»។ លោកបន្តថា៖ «រហូតមកដល់ពេលនេះ ខ្ញុំមិនទាន់ជឿជាក់ថា ប្រាក់ចំណូលពន្ធបានពីក្រុមហ៊ុនកាស៊ីណូកំពុងរួមចំណែកដល់ដំណោះស្រាយរបស់បញ្ហានេះនោះទេ»។
តាមរបាយការណ៍ពីខាងអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជានិយតករអាជីវកម្មកាស៊ីណូ រដ្ឋាភិបាលបានផ្តល់អាជ្ញាប័ណ្ណអាជីវកម្មកាស៊ីណូ ៥២ ក្រុមហ៊ុនកាលពីឆ្នាំ ២០១៨ ដែលធ្វើឲ្យចំនួនកាស៊ីណូនៅកម្ពុជាកើនឡើងដល់ចំនួនសរុប ១៥០ គិតត្រឹមដំណាច់ឆ្នាំ ២០១៨។ គ្រាន់តែខេត្តព្រះសីហនុមួយ មានទីតាំងអាជីវកម្មកាស៊ីណូស្របច្បាប់ ៨៨ ទីតាំង៕ LA