
ការិយាល័យកណ្តាលធនាគារជាតិនៃកម្ពុជា។ ផា លីណា
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) នៅថ្ងៃព្រហស្បត្តិ៍នេះ បានចេញផ្សាយសេចក្តីប្រកាសព័ត៌មានមួយដោយបញ្ជាក់ថា មានតែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ៧ ប៉ុណ្ណោះដែលបានទទួលអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើពី NBC ហើយអាចទទួលយកប្រាក់បញ្ញើពីសារធារណៈជនដោយស្របច្បាប់។
សេចក្តីបញ្ជាក់នេះធ្វើឡើងបន្ទាប់ពីមន្រ្តី NBC បានទទួលដំណឹងថា មានប្រតិបត្តករឥណទានជនបទមួយចំនួន ដែលទើបកម្លាយខ្លួនពីអង្គការមិនមែនរដ្ឋាភិបាល បានកំពុងអូសទាញប្រជាពលរដ្ឋតាមរយៈការប្រមូលប្រាក់បញ្ញើពីសាធារណៈជនក្រោមរូបភាពផ្សេងៗ ដោយសន្យាផ្តល់អត្រាចំណេញខ្ពស់។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖«[គ្រឹះស្ថានទាំងនោះ] កំពុងអូសទាញប្រជាពលរដ្ឋតាមរយៈការប្រមូលប្រាក់បញ្ញើពីសាធារណៈជនក្រោមរូបភាព កិច្ចសន្យាខ្ចីប្រាក់ និងការផ្តល់អត្រាការប្រាក់ខ្ពស់ ព្រមទាំងការផ្តល់ប្រាក់កម្ចីល្មើសច្បាប់`»។
NBC មិនបានបញ្ជាក់ពីអត្តសញ្ញាណគ្រឹះស្ថានទាំងនោះទេ ហើយបញ្ជាក់ថា គិតមកទល់ពេលនេះ មានតែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ៧ ប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតពី NBC ក្នុងការទទួលបានប្រាក់បញ្ញើស្របច្បាប់។
គ្រឹះស្ថានទាំងនោះរួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ វីសិនហ្វាន់ (ខេមបូឌា) ហត្ថាកសិករ អេអឹមខេ ក្រេឌីត អម្រឹត និង អិលអូអិលស៊ី។
ក្រៅពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំង៧ ខាងលើនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ [ផ្សេងៗ បើទោះបីជា] ស្ថិតក្រោមការត្រួតពិនិត្យរបស់ NBC [ក៏ដោយ] មិនត្រូវបានអនុញ្ញាតឲ្យទទួលប្រាក់បញ្ញើពីសាធារណៈជនឡើយ ទោះជាក្រោមរូបភាពណាក៏ដោយ»៕