ភ្នំពេញៈ វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា​​បាន​បង្ហាញ​ពី​ភាព​រឹងមាំ​​នៅ​​ឆ្នាំ ​២០១៨ តាម​រយៈ​កំណើន​ខ្លាំង​នៃ​​​ទំហំ​ប្រាក់​កម្ចី​ និង​​ប្រាក់បញ្ញើ​​ ស្រប​ពេល​កម្ចី​ដែល​​អតិថិជន​មិន​បាន​សង​ទាន់​​ពេល​ នៅ​រក្សា​បាន​អត្រា​ទាប​។​ នេះ​បើ​​តាម​​របាយការណ៍​​ឆ្នាំ​ ២០១៨​ របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​។

របាយ​ការណ៍​របស់​ NBC បង្ហាញ​ថា​ ទំហំ​កម្ចី​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា​ដែល​រួម​បញ្ចូល​ទាំង​កម្ចី​ពី​ធនាគារ និង​មីក្រូ​ហិរញ្ញវត្ថុ​ បូក​បញ្ចូល​គ្នា​មាន​ចំនួន​សរុប ​២៤,៥​ ពាន់​លាន​ដុល្លារ​នៅ​ត្រឹម​ដំណាច់​ឆ្នាំ ២០១៨ គឺ​កើន​ឡើង​ ១៩ ភាគរយ​ពី​ដំណាច់​ឆ្នាំ​ ២០១៧​។ ទំហំ​ប្រាក់​បញ្ញើ​ក្នុង​វិស័យ​នេះ​វិញ មាន​ចំនួន​សរុប​ ២២,១ ពាន់​លាន​ដុល្លារ​ គឺ​កើន​ឡើង​ ១៥,៣ ​ភាគរយ​។

គិត​ត្រឹម​ដំណាច់​ឆ្នាំ ២០១៨ វិស័យ​ហិរញ្ញវត្ថុ​ទាំង​មូល​មាន​ទ្រព្យ​សកម្ម​សរុប ៤០ ពាន់​លាន​ដុល្លារ​ គឺ​កើន​ឡើង​ ១៩,៤ ភាគរយ​ពី​កាល​ពី​ដំណាច់​ឆ្នាំ ​២០១៧។

របាយ​ការណ៍​របស់​ធនាគារ​ជាតិ​បាន​​បញ្ជាក់​ថា​ វិស័យ​ហិរញ្ញវត្ថុ​បាន​រក្សា​​កំណើន​រឹងមាំ​ និង​បាន​ពង្រីក​ប្រតិបត្តិការ​​ទូទាំង​ប្រទេស​ ដែល​បាន​រួម​ចំណែក​យ៉ាង​សកម្ម​ដល់​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច។

របាយការណ៍​បន្ត​​ថា​​៖​ «​វិស័យ​ធនាគារ​ត្រូវ​បាន​ធ្វើ​ទំនើបកម្ម​ ស្រប​តាម​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ ដោយ​បាន​លើក​កម្ពស់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ និង​សេវា​ទូទាត់​អេឡិច​ត្រូនិក។​ កត្តា​នេះ​បាន​កាត់​​​បន្ថយ​ចំណាយ​ និង​បង្កើន​ប្រសិទ្ធភាព​ប្រតិបត្តិ​ការ ​ដែល​​គាំទ្រ​ដល់​ការ​រីក​ចម្រើន​នៃ​សកម្មភាព​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ»។

របាយ​ការណ៍​​បង្ហាញ​ថា បច្ចុប្បន្ន​​ប្រទេស ​កម្ពុជា មាន​ធនាគារ​ពាណិជ្ជ ៤៣ ធនាគារ​ឯកទេស ១៤ គ្រឹះស្ថាន​​មីក្រូ​​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ ​៧ ​និង​គ្រឹះស្ថាន​មីក្រូ​​ហិរញ្ញវត្ថុ​ ៧៣​​។​

ក្នុង​ចំណោម​កម្ចី​ និង​ប្រាក់​បញ្ញើ​សរុប នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ប្រទេស​នេះ ​កម្ចី​ពី​គ្រឹះស្ថាន​ធនាគារ​មាន​ចំនួន​សរុប​ ១៩,​៤ ​ពាន់​លាន​ដុល្លារ​កាល​ពី​ចុង​ឆ្នាំ ​២០១៨ ​កើន​ឡើង​ ២០ ភាគរយ​ធៀប​នឹង​ចុង​ឆ្នាំ ​២០១៧​ ខណៈ​ដែល​​​ប្រាក់​បញ្ញើ​ បាន​កើន​ឡើង​ ​១៤ ​ភាគរយ​ដល់​ ១៩,៨ ​ពាន់​លាន​ដុល្លារ។​

PAR ដែល​សំដៅ​ដល់​​កម្ចី​ដែល​អតិថិជន​មិន​បាន​សង​ត្រឡប់​ទាន់​ពេល​ ហើយ​អាច​ប្រឈម​នឹង​ការ​បាត់បង់ មាន​ចំនួន​ ២,៨ ភាគរយ​នៃ​កម្ចី​ក្នុង​វិស័យ​ធនាគារ​​នៅ​ត្រឹម​ដំណាច់​ឆ្នាំ ២០១៨។

របាយការណ៍​របស់ ​NBC ​បាន​បង្ហាញ​ថា កម្ចី​នៅ​ក្នុង​គ្រឹះស្ថាន​​មីក្រូ​ហិរញ្ញវត្ថុ​ បាន​កើន​ឡើង​ដល់​ចំនួន​សរុប ៥,​៤ ​ពាន់​លាន​ដុល្លារ​ កាល​ពី​ចុង​ឆ្នាំ ​២០១៨​ ខណៈ​ប្រាក់​បញ្ញើ​បាន​កើន​ឡើង​ដល់​ ២,​៥ ​ពាន់​លាន​ដុល្លារ​។ ​PAR នៅ​ក្នុង​ឧស្សាហកម្ម​មីក្រូ​​ហិរញ្ញវត្ថុ​​មាន​ចំនួន​ ១ ​ភាគរយ។​

លោក​ អ៊ិន ​ចាន់នី ​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ​បាន​​ឲ្យ​ដឹង​ថា ​អត្រា​កំណើន​​កម្ចី​នៅ​ក្នុង​វិស័យ​​ហិរញ្ញវត្ថុ ​នៅ​ចន្លោះ​ពី​ ១៥​ ភាគរយ​ទៅ ​២០ ​ភាគរយ​គឺ​ជា​អត្រា​កំណើន​ល្អ​ និង​អាច​គ្រប់គ្រង​បាន​។​

លោក​បាន​​បន្ត​ថា កម្ពុជា​​មាន​គោល​នយោបាយ​រូបិយវត្ថុ​ល្អ កំពុង​ដំណើរ​ការ​ ដើម្បី​គ្រប់គ្រង​ហានិភ័យ និង​ជំរុញ​កំណើន​​សេដ្ឋកិច្ច​ប្រកប​ដោយ​ស្ថិរភាព។ លោក​បន្ថែម​ថា ហានិភ័យ​គួរ​ឲ្យ​បារម្ភ​របស់​វិស័យ​ធនាគារ​​កម្ពុជា ត្រូវ​បាន​គ្រប់គ្រង​យ៉ាង​ល្អ​ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា។

លោក​បាន​​ថ្លែង​ថា​៖ «​ខ្ញុំគិត​ថា ធនាគារជាតិ មាន​បទប្បញ្ញត្តិ​ទាំង​អស់​​ដាក់​ឲ្យ​ដំណើរការ​ ដើម្បី​ការពារ​វិស័យ​ហិរញ្ញវត្ថុ និង​​ស្ថិត​ក្នុង​កម្រិត​ស្មើ​គ្នា ​នឹង​ធនាគារ​បុគ្គល​ និង​ស្ថាប័ន​ហិរញ្ញវត្ថុ ​គ្រប់​ពេល​វេលា​ ដោយ​អនុវត្ត​តាម​បទប្បញ្ញត្តិ​ទាំង​នោះ​យ៉ាង​តឹងរ៉ឹង​​៕LA