
ការដ្ឋានសាងសង់សំណង់ខ្ពស់ៗ នៅឯសង្កាត់ ទន្លេបាសាក់។ ហេង ជីវ័ន
ភ្នំពេញៈ សេដ្ឋកិច្ចកម្ពុជានឹងរក្សាបានភាពធន់ និងរឹងមាំជាមួយនឹងអត្រាកំណើនខ្ពស់នៅឆ្នាំ ២០១៩ នេះ បើទោះបីជាអាចប្រឈមនឹងកត្តាខាងក្រៅមួយចំនួនក៏ដោយ។ នេះបើយោងតាមការព្យាកររបស់ធនាគារជាតិនៃកម្ពុជា (NBC)។
យោងតាមរបាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ ២០១៨ និងទស្សនវិស័យឆ្នាំ ២០១៩ របស់ NBC សេដ្ឋកិច្ចកម្ពុជារំពឹងថា បន្តមានកំណើនក្នុងរង្វង់ ៧ ភាគរយ ហើយអត្រាអតិផរណាបន្តស្ថិតក្នុងកម្រិតទាប គឺត្រឹម ២,៦ ភាគរយ ជាមួយនឹងស្ថិរភាពនៃអត្រាប្តូរប្រាក់ ៤ ០៥០ រៀលក្នុង ១ ដុលា្លរអាមេរិក។
ទុនបម្រុងអន្តរជាតិរំពឹងថា នឹងបន្តកើនឡើងដល់ ១១,៣ ពាន់លានដុល្លារអាមេរិក ដែលអាចធានាការនាំចូលទំនិញ និងសេវាបានប្រមាណ ៥ ខែ។
របាយការណ៍ NBC ឲ្យដឹងថា៖ «ឥណទានវិស័យធនាគាររំពឹងថា នឹងបន្តកើនឡើងក្នុងល្បឿន ១៧,១ ភាគរយ និងបរិយាប័ន្នហិរញ្ញវត្ថុនឹងបន្តកើនឡើងជាលំដាប់ដែលកត្តាទាំងនេះនឹងបន្តចូលរួមចំណែកជំរុញការរីកចម្រើនសកម្មភាពសេដ្ឋកិច្ច និងកាត់បន្ថយភាព ក្រីក្របន្ថែមទៀត»។
លំហូរចូលនៃវិនិយោគផ្ទាល់បរទេសបន្តកើនឡើងក្នុងអត្រាខ្ពស់ គឺក្នុងអត្រា ១២ ភាគរយកាលពីឆ្នាំ ២០១៨ ពិសេសទៅកាន់វិស័យធនាគារ អចលនទ្រព្យ និងកាត់ដេរ។ នេះបើតាមរបាយការណ៍។
ទន្ទឹមនឹងទស្សនៈវិស័យវិជ្ជមាន NBC ក៏បានលើកឡើងដែរថា សេដ្ឋកិច្ចកម្ពុជាអាចមានបញ្ហាប្រឈមមួយចំនួនផងដែរ ដែលបណ្ដាលមកពីទាំងកត្តាខាងក្រៅ និងខាងក្នុង។ ភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិក និងចិន និងឥទ្ធិពលនៃប្រក្រតិកម្មគោលនយោបាយរូបិយវត្ថុក្នុងប្រទេស អភិវឌ្ឍន៍ អាចផ្ដល់ទាំងការប្រឈម និងឱកាសដល់សេដ្ឋកិច្ចកម្ពុជា។
របាយការណ៍បន្តថា ភាពតានតឹងពាណិជ្ជកម្មកំពុងនាំឲ្យមានបំផ្លាស់ទីនៃការវិនិយោគ និងកំណើននៃការនាំចេញក្នុងតំបន់។ កម្ពុជាអាចទទួលបានកំណើនវិនិយោគក្នុងវិស័យកម្មន្តសាល និងកសិកម្ម ដោយសារកម្ពុជាអាចផលិត និងនាំចេញទំនិញមួយចំនួនក្នុងវិស័យទាំងនេះ ដែលមិនស្ថិតក្នុងគោលដៅដែលត្រូវដំឡើងពន្ធទាំងនៅអាមេរិក និងចិន។
យ៉ាងណាក៏ដោយ ធនាគារកណ្ដាលនៃប្រទេសអភិវឌ្ឍន៍មួយចំនួន ជាពិសេសអាមេរិកបន្តដំឡើងអត្រាការប្រាក់គោល។ ការដំឡើងនេះបាននិងកំពុងធ្វើឲ្យមូលធនហូរទៅរកប្រទេសទាំងនេះវិញ ដែលបានធ្វើឲ្យប្រភពទុនលើទីផ្សារហិរញ្ញវត្ថុអន្តរជាតិ និងតំបន់ថយចុះ និងជាកត្តាធ្វើឲ្យអត្រាការប្រាក់កម្ចីក្នុងតំបន់អាចកើនឡើង។ បញ្ហានេះអាចនឹងបង្កើនថ្លៃដើមនៃកម្ចីពីក្រៅប្រទេស របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុកម្ពុជា ដែលពឹងផ្អែកលើប្រភពទុនពីខាងក្រៅ។
មិនត្រឹមតែប៉ុណ្ណោះ បញ្ហាប្រឈមទល់នឹងការដកប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗគ្រប់យ៉ាងលើកលែងអាវុធ» (EBA) របស់សហភាពអឺរ៉ុបពីកម្ពុជា ក៏ត្រូវបានបញ្ជាក់ក្នុងរបាយការណ៍របស់ NBC ថាអាចជាកត្តាប្រឈមដល់សេដ្ឋកិច្ចកម្ពុជា។ ទាក់ទងកត្តាប្រឈមខាងក្នុង កំណើនឥណទានទៅកាន់វិស័យសំណង់ និងអចលនទ្រព្យបន្តមានកម្រិតខ្ពស់នៅឡើយក្នុងអត្រា ៣១ ភាគរយ។ ការកើនលឿននៃវិស័យសំណង់ និងអចលនទ្រព្យ អាចធ្វើឲ្យតម្លៃអចលនទ្រព្យកើនឡើងហួសពីតម្រូវការជាក់ស្ដែង និងអាចជាហានិភ័យសម្រាប់វិស័យធនាគារ និងជំនឿទុកចិត្តវិនិយោគិនផងដែរ។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានមើលឃើញថាបានធ្វើពិពិធកម្មហួសពីសម្លៀកបំពាក់ និងស្បែកជើង រហូតដល់កាបូប គ្រឿងអេឡិចត្រូនិករថយន្ត គ្រឿងបន្លាស់រថយន្ត និងពិពិធកម្មក្នុងវិស័យសេវា ហើយការផ្លាស់ប្តូរទាំងនេះបាននាំឲ្យមានទំនុកចិត្តកាន់តែរឹងមាំសម្រាប់ការព្យាករកំណើនសេដ្ឋកិច្ច។
លោក អ៊ិន ចាន់នី បានឲ្យដឹងថា កម្ពុជាមានគោលនយោបាយរូបិយវត្ថុល្អ ដែលគាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាពក្នុងរយៈពេល ២ ទសវត្សរ៍រួចហើយ ជាមួយនឹងអត្រាកំណើនជាមធ្យម ៧,៦ ភាគរយ។
លោកថ្លែងថា៖ «ប្រទេស កម្ពុជា ទើបទទួលបានការវាយតម្លៃល្អជាងមុនមួយចំណាត់ថ្នាក់ ទាក់ទងនឹងចំណាត់ថ្នាក់បំណុលដោយសារតែកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព»។ លោកបន្តថា៖ «ការធ្វើឲ្យប្រសើរចំណាត់ថ្នាក់បំណុលរបស់ប្រទេសនេះ នឹងផ្ដល់ទំនុកចិត្តកាន់តែខ្លាំងសម្រាប់ក្រុមវិនិយោគិនក្នុងការវិនិយោគ ទាំងសម្រាប់ទីផ្សារបំណុល និងការវិនិយោគមូលធននៅក្នុងទីផ្សារកម្ពុជា»។
លោក សាយ សូនី អនុប្រធានជាន់ខ្ពស់នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ បានឲ្យដឹងថា វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ត្រូវបានរំពឹងថា នឹងរក្សាកំណើនល្អប្រសើរក្នុងឆ្នាំ ២០១៩ ស្របនឹងកំណើនសេដ្ឋកិច្ច ដែលព្យាករក្នុងរង្វង់ ៧ ភាគរយនៅឆ្នាំនេះ។
ខណៈមានការលើកឡើងពីហានិភ័យដែលទាក់ទងនឹងលទ្ធភាពនៃការដក EBA និងសមត្ថភាពកាន់តែទាបនៃការខ្ចីមូលនិធិពីបរទេសលោក សូនី ឲ្យដឹងថា វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងអាចគ្រប់គ្រងបានដោយសារប្រតិបត្តិករមានបទពិសោធ នឹងធ្លាប់ឆ្លងកាត់ពេលវេលាលំបាកជាច្រើន ដូចជាក្នុងអំឡុងពេលនៃការធ្លាក់ចុះសេដ្ឋកិច្ច និងវិបត្តិហិរញ្ញវត្ថុកាលពីឆ្នាំ ២០០៨ ផងដែរ។
លោកបានថ្លែងថា៖ «អ្នកផ្តល់កម្ចី [បរទេស] ដែលមានស្រាប់បានប្ដេជ្ញាចិត្តរួចហើយ ក្នុងការបន្តជាថ្មី និងតៀមខ្លួនដើម្បីផ្ដល់កម្ចីថ្មីៗដល់ពួកយើង ចាប់តាំងពីឆ្នាំមុន។ អ្នកដាក់ប្រាក់បញ្ញើរបស់យើង មានក្ដីរីករាយក្នុងការដាក់ប្រាក់របស់ពួកគេជាមួយពួកយើងដោយសារតែប្រាក់ចំណេញខ្ពស់ និងទំនុកចិត្ត»។
លោកបានបន្ថែមទៀតថា កំណើនឥណទានរបស់ប្រាសាក់ នៅឆ្នាំនេះត្រូវបានរំពឹងថា នឹងមានប្រហែល ២០ ភាគរយ។
ភាពធន់នៃសេដ្ឋកិច្ច នឹងក្លាយជាមូលដ្ឋានដ៏សំខាន់ក្នុងការជំរុញកំណើនវិស័យហិរញ្ញវត្ថុប្រកបដោយសុខុមាលភាពផងដែរ។ នេះបើយោងតាមការព្យាកររបស់ NBC៕LA