ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា (NBC) កាលពីថ្ងៃព្រហស្បតិ៍បានជូនដំណឹងដល់សាធារណជនថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចប្រភេទ ១ ដុល្លារ ៥ ដុល្លារ និង ១០ ដុល្លារនៅតែធ្វើការចរាចរជាធម្មតានៅលើទីផ្សារទូទាំងព្រះរាជាណាចក្រកម្ពុជា។
ការអះអាងរបស់មន្ត្រី NBC នេះដើម្បីបញ្ជាក់ដល់សាធារណជនពាក់ព័ន្ធទៅនឹងផ្សារទំនើបអ៊ីអនដែលបានជូនដំណឹងដល់អតិថិជនខ្លួនថាចាប់ពីថ្ងៃទី ១ ខែសីហាតទៅ ផ្សារទំនើបអ៊ីអននឹងផ្អាកផ្គត់ផ្គង់ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចៗដូចជា $១, $៥ និង $១០ សម្រាប់អាប់ត្រឡប់ដល់អតិថិជន ដោយជំនួសជាប្រាក់រៀលវិញ។
សេចក្ដីប្រកាសនោះបញ្ជាក់ថា៖ «ផ្សារទំនើបយើងខ្ញុំនៅតែបន្តទទួលក្រដាសប្រាក់ដុល្លារពីអតិថិជនសម្រាប់ការជាវទំនិញនៅផ្សារយើងខ្ញុំរហូតដល់មានការជូនដំណឹងជាថ្មី»។
លោកស្រី ជា សិរី បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកស្រីកាលពីថ្ងៃព្រហស្បតិ៍ថា ចំពោះសេចក្ដីប្រកាសដែលបានធ្វើឡើងដោយផ្សារទំនើបអ៊ីអននោះ ពួកគេនៅតែទទួលយកក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូច ប៉ុន្តែពួកគេមិនមានក្រដាសប្រាក់ដុល្លារប្រភេទតូចសម្រាប់អាប់ឲ្យអតិថិជន។
លោកស្រីបានសរសេរថា៖ «ចំពោះការប្រកាសរបស់ផ្សារទំនើបអ៊ីអន គាត់នៅតែទទួលក្រដាសប្រាក់ដុល្លារប្រភេទតូច ប៉ុន្តែប្រសិនបើគាត់មិនមានក្រដាសប្រាក់ដុល្លារទាំងនេះសម្រាប់អាប់ក៏យើងមិនអាចបង្ខំឲ្យអាប់ក្រដាសប្រាក់ទាំងនេះបានដែរ។ សំខាន់គាត់អាចអាប់ក្រដាសប្រាក់ណាដែលគាត់មាន។ យើងទាំងអស់គ្នាគួរបន្តគាំទ្រការប្រើប្រាស់ប្រាក់រៀលឲ្យបានទូលំទូលាយ»។
លោកស្រីលើកឡើងថា នៅក្នុងមាត្រាទី ៦៤ នៃច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃធនាគារជាតិកម្ពុជាចុះថ្ងៃទី ២៦ ខែមករា ឆ្នាំ ១៩៩៦ ដែលចែងថា៖ «ជនណាពុំព្រមទូទាត់រូបិយវត្ថុដែលមានតម្លៃនីត្យានុកូល និងមានតេជានុភាពធ្វើសេរីកាលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ជននោះនឹងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ស្មើនឹង ១០០ ដងនៃទឹកប្រាក់ដែលពុំទូទាត់នោះ»។
កាលពីថ្ងៃទី ៨ ខែឧសភា NBC បានកំណត់ពេលវេលារយៈពេល ៣ ខែសម្រាប់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដោយចាប់ផ្ដើមពីថ្ងៃទី ១ ខែមិថុនារហូតដល់ថ្ងៃទី ៣១ ខែសីហា ត្រូវទទួលយកក្រដាសប្រាក់អាមេរិកប្រភេទតូច $១, $២, $៥ សម្រាប់ការដឹកជញ្ជូនទៅបរទេស ដោយមិនគិតតម្លៃសេវា។
ក្រោយចន្លោះពេលនេះ NBC នឹងគិតតម្លៃសេវា ប្រសិនបើពួកគេយកក្រដាសប្រាក់អាមេរិកប្រភេទតូចទាំងនោះ។
ដើម្បីរម្ងាប់ក្តីព្រួយបារម្ភរបស់ប្រជាជនទូទៅ ២ ថ្ងៃក្រោយសេចក្តីជូនដំណឹងនោះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានអះអាងពីការចរាចរក្រដាសប្រាក់ទាំងនោះជាធម្មតា។
លោកបានបញ្ជាក់ថា ក្រដាសប្រាក់អាមេរិកប្រភេទតូច ១ ដុល្លារ ២ ដុល្លារ និង ៥ ដុល្លារគឺនៅតែប្រើប្រាស់ និងទទួលយកទូទាំងប្រទេសកម្ពុជា។
លោក សាយ សូនី នាយកប្រតិបត្តិរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់បានឲ្យដឹងថា គ្រឹះស្ថានរបស់លោកនៅតែទទួលយកក្រដាសប្រាក់អាមេរិកប្រភេទតូចធម្មតា។
ទោះយ៉ាងណាលោកបានកត់សម្គាល់ថា ការទូទាត់ក្រដាសប្រាក់ទាំងនេះពីអតិថិជនកំពុងមាននិន្នាការធ្លាក់ចុះ។ លោកបន្តថាចាប់ពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២០ ប្រាសាក់ប្រមូលបានប្រហែល ១,២ លានដុល្លារ ប៉ុន្តែនៅថ្ងៃទី ២៤ ខែកក្កដា លោកប្រមូលបាន ២៧២ ០០០ ដុល្លារប៉ុណ្ណោះ។
លោកលើកឡើងថា៖ «យើងនៅតែបន្តទទួលយកក្រដាសប្រាក់អាមេរិកប្រភេទតូចទាំងនេះ។ យើងមិនបានមើលឃើញថាមានបញ្ហាណាមួយនោះទេ ទាក់ទងនឹងការប្រមូលនេះ ដោយសារតែយើងអាចជំនួសក្រដាសប្រាក់រៀលរបស់យើងសម្រាប់ការអាប់ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចទាំងនេះ។ អ្វីដែលបានកើតឡើងនេះគឺជាការវិវិត្តទៅរកការធ្វើបដិដុល្លារូបនីយកម្ម»៕LA
វីដេអូ៖