ភ្នំពេញៈ ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) កាលពី​ឆ្នាំ​២០១៧ បាន​ចាក់​បញ្ចូល​ប្រាក់​រៀល​ទៅ​ក្នុង​ទីផ្សារ​តាម​រយៈ​ការ​ទិញ​ចូល​ប្រាក់​ដុល្លារ​ដែល​មាន​តម្លៃ​សរុប ៩១៥ លាន​ដុល្លារ​ដើម្បី​រក្សា​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់​។ នេះ​បើ​យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់ NBC ដែល​ចេញ​ផ្សាយ​ កាលពី​ថ្ងៃ​ម្សិលមិញ​។

តាម​រយៈ​ការ​ទិញ​ចូល​ប្រាក់​ដុល្លារ​នេះ​គេ​អាច​ប៉ាន់​ស្មានថា NBC បាន​បញ្ចេញ​ប្រាក់រៀល​ទៅកាន់​ទីផ្សារ​ប្រមាណ ៣,៧ ពាន់​ពាន់​លាន​រៀល​នៅ​ឆ្នាំ​២០១៧​។

របាយការណ៍ NBC បង្ហាញថា NBC បានធ្វើ​អន្តរាគមន៍​យក​ប្រាក់​រៀល​ទិញ​ដុល្លារ​ចូល​ចំនួន ១២៥ លើក​ក្នុង​ឆ្នាំ​ ២០១៧ ដែល​ធ្វើ​ឲ្យ​អត្រា​ប្តូរ​ប្រាក់​រៀល​ធៀប​នឹង​ដុល្លារ​រក្សាបាន​ស្ថិរភាព​ដោយមាន​អត្រា​ជា​មធ្យម ៤ ០៥០ រៀល​ក្នុង ១ ដុល្លារ​អាមេរិក​។

លោក​ស្រី ជា សិរី អគ្គនាយិកា NBC បាន​លើក​ឡើង​ក្នុង​បទ​បង្ហាញ​ស្តីពី​របាយ​ការណ៍​បូក​សរុប​កា​ងារ​ប្រចាំ​ឆ្នាំ​ កាលពី​ម្សិលមិញ​ថា ទំហំ​ប្រាក់​រៀល​ដែល​ចាក់​បញ្ចូល​ទីផ្សារ​ដើម្បី​ទិញ​ចូល​ប្រាក់​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៧​ នេះ បាន​កើន​ឡើង ១១,៤ ភាគរយ​ធៀប​នឹង​ទឹក​ប្រាក់​កាលពី​ឆ្នាំ​២០១៦​។

លោក​ស្រី​ថ្លែង​ថា​៖ «​កំណើន​នេះ ឆ្លុះ​បញ្ចាំង​ពី​កំណើន​តម្រូវ​ការ​ប្រាក់​រៀល​ក្នុង​ពេល​ដែល​សកម្មភាព​សេដ្ឋកិច្ច​មាន​ការ​រីក​ចម្រើន និង​កំណើន​ជំនឿ​ទុក​ចិត្ត​របស់​សាធារណជន​មក​លើ​ប្រាក់​រៀល​»​។

យោង​តាម​របាយការណ៍​របស់ NBC កាល​ពី​ម្សិលមិញ ក្នុង​ចំណោម​ទឹក​ប្រាក់​សរុប ៣,៧ ពាន់​ពាន់​លាន​រៀល​នេះ ធនាគារ​ពាណិជ្ជ​នៅ​កម្ពុជា បាន​ស្រូប​យក​៥៤​ភាគរយ ខណៈ​ភាគរយ​ដែល​នៅ​សេសសល់​គឺជា​អាជីវករ​ប្តូរ​ប្រាក់​។

យោង​តាម​របាយការណ៍​ដដែល ធនាគារ​ជាតិ​បាន​បង្កើន​ទុន​បម្រុង​អន្តរជាតិ​ដុល​ដល់ ៨,៧​ ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​ ២០១៧ ដែល​អាច​ធានា​ការ​នាំចូល​ទំនិញ និង​សេវា​ប្រមាណ​រយៈពេល​៦​ខែ​។

លោក​ស្រី សិរី មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បន្ថែម​បាន​ទេ​កាលពី​ម្សិលមិញ តែ​លោក​ស្រី​បាន​បញ្ជាក់​ កាល​ពី​ខែ​កក្កដា ឆ្នាំ​មុន​ថា ចំណែក​ប្រាក់​រៀល​ដែល​ចរាចរណ៍​ក្នុង​សេដ្ឋកិច្ច​ទាំង​មូល​នៅ​តែ​តូច​នៅ​ឡើយ​បើ​ធៀប​នឹង​ប្រាក់​ដុល្លារ ដែល​តាម​ការ​ប៉ាន់ស្មាន ការ​ចរាចរ​ប្រាក់​ដុល្លារ​មាន​រហូត​ដល់​ទៅ ៨៣ ភាគរយ​នៃ​ទំហំ​សេដ្ឋកិច្ច​សរុប​។

លោក ស៊ាន ធនិន សាស្ដ្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច​នៅ​សាកល​វិទ្យាល័យ​កម្ពុជា និង​ជា​អ្នក​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា កំណើន​តម្រូវ​ការ​ប្រាក់​រៀល អាចជា​ការ​រួម​ចំណែក​ដ៏​សំខាន់​ពី​ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​ពន្ធដារ​កាលពី​ចុង​ឆ្នាំ​២០១៥ ដែលជា​លទ្ធផល​ធ្វើ​ឲ្យ​ប្រាក់​ចំណូល​ពន្ធ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង ហើយ​អ្នក​ជាប់​ពន្ធ​ចាំបាច់​ត្រូវ​បំពេញ​កាតព្វ​កិច្ច​បង់​ពន្ធ​របស់​ពួក​គេ​ជា​រូបិយប័ណ្ណ​ក្នុង​ស្រុក​។

លោក​បន្ត​ថា​៖ «​វា​ជា​សញ្ញា​ដ៏​ល្អ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ប្រតិបត្តិ​ការ​ល្អ​មួយ​របស់​ធនាគារ​កណ្ដាល​»​។ យ៉ាង​ណា​ក៏​ដោយ ខណៈ​កម្ពុជា​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ពឹង​ផ្អែក​លើ​ប្រាក់​ដុល្លារ លោក ធនិន បាន​បញ្ជាក់​ថា ធនាគារ​កណ្ដាល​កម្ពុជា នៅ​មិន​ទាន់​មាន​ជម្រើស​ច្រើន​ក្នុង​ការ​ដាក់​ចេញ​នូវ​នយោបាយ​រូបិយវត្ថុ​ឲ្យ​សម្បូរ​បែប​ដូច​ប្រទេស​ផ្សេងៗ​នៅ​ឡើយ​ទេ​។

លោក​បន្ត​ថា ធនាគារ​ជាតិ​នៅ​មាន​ជម្រើស​តិចតួច​ក្នុង​ការធ្វើ​គោលនយោបាយ​រូបិយវត្ថុ​របស់​ខ្លួន ហើយ​កន្លង​មក​ការ​ទិញ​ប្រាក់​ដុល្លារ​ដើម្បី​រក្សា​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់​គឺជា​ភារកិច្ច​ដ៏​សំខាន់​មួយ​របស់​ធនាគារ​កណ្ដាល​ដើម្បី​រក្សា​ស្ថិរភាព​អត្រា​ប្តូរប្រាក់ និង​អតិផរណា​។

យោង​តាម​លោក ធនិន រដ្ឋាភិបាល​គួរ​ធ្វើ​អន្តរាគមន៍​ជា​ប្រព័ន្ធ ដើម្បី​ពង្រីក​ការ​ចរាចរ​ប្រាក់​រៀល​ក្នុង​សេដ្ឋកិច្ច ដូចជា​ការ​តម្រូវ​ឲ្យ​ទូទាត់​ពន្ធ ការ​បង់​ថ្លៃ​ទឹក​ភ្លើង​ជា​ប្រាក់​រៀល ឬ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ត្រូវ​ដាក់​ស្លាក​តម្លៃ​ជា​ប្រាក់​រៀល​ជាដើម​ដើម្បី​បង្កើន​ល្បឿន​ប្រើប្រាស់​រូបិយប័ណ្ណ​ក្នុង​ស្រុក​។

លោក​ថ្លែង​ថា​៖«​នៅ​ពេល​ការ​ចរាចរ​ប្រាក់​រៀល​របស់​យើង​ក្នុង​សេដ្ឋកិច្ច​មាន​ចំណែក​កាន់តែ​ធំ នៅ​ពេល​នោះ ធនាគារ​កណ្ដាល​នឹង​អាច​អនុវត្ត​គោល​នយោបាយ​រូបិយវត្ថុ​បាន​ពេញ​លេញ និង​កាន់​តែ​មាន​ប្រសិទ្ធភាព​»​។

លោក​ស្រី សូ ផនណារី អនុប្រធាន​ធនាគារ​អេស៊ីលីដា កាលពី​ម្សិលមិញ ​បាន​ព្យាករ​ថា ការ​ចរាចរ​ប្រាក់​រៀល​ក្នុង​សេដ្ឋកិច្ច​នឹង​កើន​ឡើង​ខ្លាំង​ក្នុង​រយៈពេល​ ២-៣ ​ឆ្នាំ​ខាង​មុខ​នេះ ដោយ​សារ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំង​អស់​ចាំបាច់​ត្រូវ​គោរព​តាម​បទ​ប្បញ្ញត្តិ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ដែល​តម្រូវ​ឲ្យ​គ្រឹះស្ថាន​ទាំង​អស់​ត្រូវ​មាន​ទុន​កម្ចី​ជា​ប្រាក់​រៀល​យ៉ាង​ហោច​ណាស់ ១០​ភាគរយ​នៃ​កម្ចី​សរុប​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០១៩​។

លោក​ស្រី​បាន​ថ្លែង​ថា​៖ «​ឥឡូវ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​កាន់​តែ​ច្រើន​ឡើងៗ​កំពុង​ពង្រីក​កម្ចី​ជា​ប្រាក់​រៀល​របស់​ពួក​គេ​ដើម្បី​គោរព​តាម​បទ​ប្បញ្ញត្តិ​របស់ NBC»​។

លោក​ស្រី​បញ្ជាក់​ថា គិត​មក​ទល់​ពេល​នេះ អេស៊ីលីដា​ មាន​កម្ចី​ជា​ប្រាក់​រៀល ៥​ភាគរយ​ប៉ុណ្ណោះ​ក្នុង​ចំណោម​កម្ចី​សរុប​របស់​ធនាគារ ដែល​កត្តា​នេះ​ឆ្លុះ​បញ្ចាំង​ថា ការ​ផ្តល់​កម្ចី​ជា​រៀល​នឹង​កើន​ឡើង ហើយ​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល​ក្នុង​សេដ្ឋកិច្ច​នឹង​មាន​ចំណែក​កាន់តែ​ធំ​។

យោង​តាម​ការ​ព្យាករ​របស់ NBC ផ្អែក​លើ​និន្នាការ និង​តម្រូវការ​ទីផ្សារ​នៅ​ឆ្នាំ ​២០១៧ តម្រូវ​ការ​ប្រាក់​រៀល​ពី​សំណាក់​គ្រឹះស្ថាន​ធនាគារ និង​អាជីវករ​ប្តូរ​ប្រាក់​នឹង​កើន​ឡើង ១២ ​ភាគរយ​នៅ​ឆ្នាំ​ ២០១៨​ នេះ ហើយ​អាច​ឲ្យ NBC ចាក់​បញ្ចូល​ប្រាក់​រៀល​ទៅ​កាន់​ទីផ្សារ​តាមរយៈ​ការ​ទិញ​ចូល​ប្រាក់​ដុល្លារ​ដោយ​មាន​តម្លៃ​សរុប ១,០២​ ពាន់​លាន​ដុល្លារ​ដើម្បី​រក្សា​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់​៕ LA