ភ្នំពេញៈ ជាមួយកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍបរិយាប័ន្នហិរញ្ញវត្ថុ តាមរយៈបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ធនាគារជាតិនៃកម្ពុជា (NBC) បានរាយការណ៍កំណើនដ៏រឹងមាំនៃចំនួនគណនីកាបូបអេឡិចត្រូនិកកើនឡើង ៦៤ ភាគរយធៀបនឹងឆ្នាំ ២០១៨ ដល់ ៥,២២ លានដុល្លារកាលពីឆ្នាំ ២០១៩ ខណៈដែលចំនួនគណនីប្រាក់បញ្ញើកើនឡើង ៧,៦២ លានដុល្លារនៅក្នុងរយៈពេលដូចគ្នា។
យោងតាមរបាយការណ៍របស់ NBC ដែលចេញផ្សាយកាលពីថ្ងៃទី ១៧ ខែមិថុនា ការផ្ទេរប្រាក់ដោយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្ដល់សេវាទូទាត់ (PSIs) បានកើនឡើងដល់ ៥៧,៩៩ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៩ មាន ២១៣ ភាគរយនៃ GDP។
របាយការណ៍នេះបន្តថា នេះជាវិធានការមួយក្នុងចំណោមវិធានការដ៏មានប្រសិទ្ធភាពជាច្រើន ដើម្បីលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងធ្វើឲ្យសង្គមមួយមិនប្រើសាច់ប្រាក់ផ្ទាល់ ដែលប្រតិបត្តិការអាចត្រូវបានធ្វើឡើងតាមលក្ខណៈឌីជីថល ហើយការផ្ទេរប្រាក់ ធនាគារចល័តអាចប្រើប្រាស់បាន និងមានតម្លៃសមរម្យចំពោះពលរដ្ឋគ្រប់គ្នា។
NBC យល់ឃើញថា៖ «រហូតមកដល់ពេលនេះ ការលើកកម្ពស់នេះត្រូវធ្វើឡើងដោយវិស័យឯកជន ជាពិសេស PSIs ដែលខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការដាក់ដំណើរការនូវផលិតផលនវានុវត្តន៍ ដែលអាចបម្រើទីផ្សារទាំងមូលកាន់តែប្រសើរឡើងទៅកាន់ប្រជាជននៅតំបន់ជនបទ ព្រមទាំងអ្នកមានគណនីធនាគារ តាមរយៈការពង្រីកបណ្ដាញទូរស័ព្ទចល័ត និងភ្នាក់ងាររបស់ពួកគេ»។
NBC នឹងដំណើរការប្រព័ន្ធទូទាត់មួយតាមរយៈ Blockchain និងកម្មវិធីផ្ទេរប្រាក់ដែលមានឈ្មោះថា «គម្រោងបាគង» ដែលទទួលបានគាំទ្រដោយធនាគារ ១១ រួចហើយ ជាមួយនឹងការរំពឹងថានឹងមានធនាគារចូលរួមកាន់តែច្រើន។
លោកស្រី ជា សិរី អគ្គនាយិកា NBC បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីមុនថា ប្រព័ន្ធបាគងដែលជាទម្រង់ដូចគ្នាជាពិសេសនៃរូបិយប័ណ្ណឌីជីថលធនាគារកណ្ដាល (CBDC) ត្រូវបានដាក់ឲ្យដំណើរការសាកល្បងកាលពីខែកក្កដា ឆ្នាំ ២០១៩ ហើយវានឹងក្លាយជាប្រព័ន្ធ «ច្រកទូទាត់ជាតិសម្រាប់កម្ពុជា»។
លោកស្រីបន្ត៖ «ប្រព័ន្ធបាគងនឹងដើរតួនាទីដ៏សំខាន់ក្នុងការនាំយកធនាគារទាំងអស់ចូលក្នុងប្រព័ន្ធទូទាត់នេះនៅកម្ពុជា ស្ថិតក្រោមកម្មវិធីតែមួយដែលធ្វើឲ្យមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងការផ្ទេរប្រាក់ឲ្យគ្នាទៅវិញទៅមក ដោយមិនគិតពីគ្រឹះស្ថានធនាគារមួយណារបស់ពួកគេនោះទេ»។
លោកស្រីបន្ថែមថា៖ «យើងសង្ឃឹមថានឹងអាចឲ្យមានការទូទាត់ឆ្លងកាត់ព្រំដែនតាមរយៈប្រព័ន្ធបាគងនេះផងដែរ»។
ប្រព័ន្ធបាគងនឹងមានសក្ដានុពលក្នុងការនាំយកប្រជាជនដែលមិនមានគណនីធនាគារទាំងនោះចូលក្នុងវិស័យហិរញ្ញវត្ថុផ្លូវការ។ វាត្រូវបានបង្កើតឡើងជាមួយនឹងលក្ខណពិសេសដែលអាចឲ្យមានការផ្ទេរមូលនិធិបានភ្លាមៗ និងប្រតិបត្តិការទូទាត់ភ្លាមៗ និងអន្តរទំនាក់ទំនង និងអន្តរប្រតិបត្តិការក្នុងចំណោមក្រុមហ៊ុនផ្ដល់សេវាទូទាត់ផ្សេងៗ និងការទូទាត់តាម QR កូដ។
លោក Shin Chang Moo ប្រធានធនាគារ Phnom Penh Commercial Bank (PPCBank) ដែលបានភ្ជាប់ប្រព័ន្ធបាគងបានប្រាប់ភ្នំពេញ-ប៉ុស្ដិ៍ថា សេវាទូទាត់កាបូបអេឡិចត្រូនិកតាមរយៈទូរស័ព្ទចល័ត ឬឧបករណ៍ផ្សេងទៀតគឺងាយស្រួលក្នុងការចំណាយជាងការប្រើកាតទៅទៀត។
លោកថ្លែងថា៖ «ប្រព័ន្ធបាគងនឹងរួមចំណែកដល់បរិយាប័ន្នហិរញ្ញវត្ថុដោយមិនប្រើក្រដាសប្រាក់ និងថែមទាំងការធ្វើបដិដុល្លារូបនីយកម្មរបស់ប្រទេសនេះ។ ប្រព័ន្ធបាគងកំពុងស្ថិតក្នុងដំណាក់កាលដំបូង និងមានឱកាសជាច្រើនក្នុងការអភិវឌ្ឍ និងកែលម្អ ប៉ុន្តែយើងអាចរំពឹងថា តួនាទីរបស់បាគងនឹងត្រូវពង្រីកទៅជាប្រព័ន្ធទូទាត់ជាតិ។ លើសពីនេះកម្ពុជាជាប្រទេសអធិបតេយ្យភាពមួយ គួរតែមានហេដ្ឋារចនាសម្ព័ន្ធទូទាត់ឯករាជ្យមួយដែលបានតភ្ជាប់រួចហើយជាមួយបណ្ដាប្រទេសផ្សេងទៀតលើពិភពលោក»។
លោក សាយ សូនី នាយកប្រតិបត្តិការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា គ្រឹះស្ថានរបស់លោកបានតភ្ជាប់ជាមួយប្រព័ន្ធបាគងតាំងពីខែតុលាឆ្នាំមុនមកម្ល៉េះ។ លោកថា៖ «ប្រព័ន្ធបាគង គឺជាគម្រោងមួយក្នុងចំណោមគម្រោងវេរប្រាក់ជាច្រើនដែលប្រាសាក់បានសហការជាមួយ NBC ដើម្បីធ្វើឲ្យប្រសើរឡើងប្រព័ន្ធទូទាត់ ដូចជា ប្រព័ន្ធ Fast Service និងប្រព័ន្ធកណ្ដាលសម្រាប់ភ្ជាប់បណ្ដាញម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ (Cambodian Shared Switch)»។
ទិន្នន័យ NBC បង្ហាញថា ការទូទាត់ចល័ត PSI មានចំនួន ២២,៩ ភាគរយនៃ (GDP) កាលពីឆ្នាំ ២០១៩។ ទោះបីជាយ៉ាងណាក៏ការអភិវឌ្ឍសេវាទូទាត់នៅក្នុងប្រទេសកម្ពុជានៅតែប្រឈមនឹងបញ្ហាធំៗផងដែរ៕LA