ភ្នំពេញៈ ធនា​គារ​ជាតិ​នៃ​កម្ពុជា (NBC) បាន​សម្រេច​បញ្ឈប់​ការ​ផ្តល់​អត្រា​ការ​ប្រាក់​សម្រាប់​ការ​តម្កល់​ទុន​បម្រុង​កា​តព្វ​កិច្ច​សម្រាប់​​​ប្រាក់​បញ្ញើ និង​​កម្ចី​​​ជា​រូបិយ​ប័ណ្ណ​បរ​ទេស​របស់​​គ្រឹះ​ស្ថាន​ធនា​គារ​ពាណិជ្ជ​។ នេះ​បើ​​​តាម​សេច​ក្តី​ជូន​ដំ​ណឹង​របស់ NBC ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហ​ស្បតិ៍។ ​

​ខណៈ​ដែល​ការ​សម្រេច​នេះ​អាច​ធ្វើ​ឲ្យ​ធនា​គារ​ពាណិ​ជ្ជ​លែង​ទទួល​បាន​ចំ​ណូល​​​ពី​ការ​តម្កល់​ទុន​បម្រុង​កា​តព្វ​កិច្ច​ត​​ទៀត​ ប្រ​តិ​បត្តិ​ករ​ក្នុង​វិ​ស័យ​ហិរញ្ញ​វត្ថុ​បាន​លើក​ឡើង​ថា​ ការ​សម្រេច​នេះ​មិន​មាន​ឥទ្ធិ​ពល​អវិជ្ជ​មាន​ដល់​ប្រ​តិ​បត្តិ​​ការ​​​វិ​ស័យ​ធនា​គារ​ទេ ដោយ​សារ​ថា​ចំ​ណូល​ពី​​ការ​ប្រាក់​នៃ​ការ​តម្កល់​ទុន​បម្រុង​កាតព្វ​​កិច្ច​មាន​ចំ​នួន​តិច​តួច​ប៉ុណ្ណោះ។

​យោង​តាម NBC ប្រាក់​បម្រុង​កាតព្វ​កិច្ច​ជា​ឧប​ករណ៍​គោល​នយោ​បាយ​រូ​បិយ​វត្ថុ​មួយ​ដែល NBC ប្រើ​ដើម្បី​គ្រប់​គ្រង​ល្បឿន​កំណើន​ឥណ​ទាន​។ បច្ចុប្បន្នអត្រា​ប្រាក់​បម្រុង​កាតព្វ​កិច្ច​សម្រាប់​រូបិយ​ប័ណ្ណ​បរ​ទេស (ភាគ​ច្រើន​​ប្រាក់​ដុល្លារ​អា​មេ​រិក) ត្រូវ​បាន​កំ​ណត់​ក្នុង​អត្រា ១២,៥ ភាគ​រយ ខណៈ​​រូបិយ​វត្ថុ​ជាតិ​ត្រូវ​បាន​កំ​ណត់ ៨ ភាគ​​រយ​។

ចំ​ពោះ​ប្រាក់​បម្រុង​កាតព្វ​កិច្ច​​ជា​រូបិយ​ប័ណ្ណ​បរ​ទេស​ចំនួន ១២,៥ ភាគ​រយ ក្នុង​នោះ ៤,៥ ភាគ​រយ​​ត្រូវ​បាន​ផ្តល់​ការ​ប្រាក់​ដោយ​ធនា​គារ​ជាតិ​នៃ​កម្ពុជា​ តែ ៨ ភាគ​រយ​បន្ថែម​ទៀតមិន​ត្រូវ​បាន​ផ្តល់​ការ​ប្រាក់​ទេ​។ ចំពោះ​ប្រាក់​បម្រុង​កាតព្វ​កិច្ច​ជា​រៀល​ក៏​មិន​ត្រូវ​បាន​ផ្តល់​ការ​ប្រាក់​ដែរ​។

​យ៉ាង​ណា​ក៏​ដោយ ​សេច​ក្តី​ជូន​ដំ​ណឹង​​​របស់​ NBC កាលពី​ថ្ងៃ​ទី ៤ កញ្ញា ដែល​មាន​ហត្ថ​លេ​ខា​លោក​ទេ​សា​ភិ​បាល NBC ជា ចាន់​តូ បាន​បញ្ជាក់​ថា​​៖ ​«[ធនា​គារ​ជាតិ​] បញ្ឈប់​ការ​​ផ្តល់​ការ​ប្រាក់​លើ​ប្រាក់​បម្រុង​កា​តព្វ​កិច្ច​ជា​រូបិ​យ​​ប័ណ្ណ​ [បរ​ទេស​]»។

សេច​ក្តី​ជូន​ដំ​ណឹង​មិន​បាន​បញ្ជាក់​ពី​មូល​ហេតុ​នៃ​ការ​សម្រេច​ថ្មី​នេះ​នោះ​ទេ ហើយ​ក៏​មិន​បាន​​បង្ហាញ​ពី​អត្រា​​ការ​ប្រាក់​ដែល NBC ធ្លាប់​ផ្តល់​ឲ្យ​ធនា​គារ​ពាណិជ្ជ​​សម្រាប់​ការ​តម្កល់​ទុន​បម្រុង​កាតព្វ​កិច្ចនេះ​ដែរ។

តំ​ណាង NBC មិន​បាន​ឆ្លើយ​តប​សំ​ណើ​របស់​អ្នក​យក​ព័ត៌​មាន​ភ្នំពេញ​ប៉ុស្តិ៍​ ដើម្បី​សុំ​ការ​អត្ថា​ធិ​ប្បាយ​ពី​ករណី​នេះ​​ទេ​។

លោក អិុន ចាន់​នី ប្រធាន​ក្រុម​​នា​យក​ប្រតិ​បត្តិ​ធនា​គារ​អេ​ស៊ី​លី​ដា​បាន​​ឲ្យ​ដឹង​ថា ការ​សម្រេច​ថ្មី​របស់​ NBC នេះ​នឹង​មិន​មាន​ឥទ្ធិ​ពល​អវិជ្ជ​មាន​ដល់​ដំ​ណើរ​ការ​សេវា​ធនា​គារ​នោះ​ទេ ព្រោះ​ថា ​ចំ​ណូល​ដែល​ធ្លាប់​ទទួល​បាន​ពី​ការ​ប្រាក់​នេះ​គឺ​តិច​តួច​ប៉ុណ្ណោះ​។ តាម​លោក ចាន់​នី ការ​ប្រាក់​ពី​ការ​តម្កល់​ប្រាក់​​បម្រុង​កាតព្វ​កិច្ច​ជា​ដុល្លារ​ គឺ​មាន​អត្រា ១ ភាគ ២ នៃ​អត្រា​ជា​មធ្យម​នៃ​អត្រា​ការ​ប្រាក់​គោល​អន្តរ​ជាតិ LIBOR។

​លោក​បន្ត​ថា​៖​«​ចំ​ណូល​ពី​ការ​ប្រាក់​ហ្នឹង​គឺ​តូច​ណាស់​ អ៊ី​ចឹង​ធនា​គារ​ជាតិ​គាត់​សម្រេច​បញ្ឈប់​ផ្តល់​ការ​ប្រាក់​ វា​ក៏​មិន​មាន​ផល​ប៉ះ​ពាល់​ដល់​ប្រ​តិ​បត្តិ​ការ​ធនា​គារ​អី​ដែរ»។

លោក​បញ្ជាក់​ថា​ ការ​ផ្លាស់​ប្តូរ​នេះ​ក៏​នឹង​មិន​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ថ្លៃ​ការ​ប្រាក់​សម្រាប់​សេវា​កម្ចី និង​សន្សំ​ទៅ​អតិ​ថិ​ជន​នោះ​ទេ។ លោកថ្លែង​ថា​៖​«​ការ​ដែល​ធនា​គារ​​ជាតិ​ឈប់​ផ្តល់​ការ​ប្រាក់​អាច​ធ្វើ​ឲ្យ​មាន​ការ​ពិ​ចារ​ណា​បន្ទាប់​ការ​ប្រាក់​បញ្ញើ​ដែរ តែ​ខ្ញុំ​គិត​ថា​នឹង​មិន​មាន​អ្នក​ធ្វើ​អ៊ី​ចឹង​ទេ ព្រោះ​ធនា​គារ​មាន​កាន់​តែ​ច្រើន​ ហើយ​​​ប្រ​កួត​ប្រ​ជែង​ដើម្បី​ប្រ​មូល​បញ្ញើ​ពី​អតិ​ថិ​ជន អ៊ី​ចឹង​ធនា​គារ​នី​មួយ​ៗខំ​បំ​ពេញ​ចិត្ត​អតិ​ថិ​ជន»​។

​​លោក គា បូរាណ ប្រធាន​សមា​គម​គ្រឹះ​ស្ថាន​​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា (CMA) បាន​លើ​ក​ឡើ​ង​ស្រ​ដៀង​គ្នា​ថា ការ​សម្រេច​ថ្មី​នេះ​នឹង​មិន​មាន​ការ​ប្រែ​ប្រួល​ខ្លាំង​ដល់​ប្រ​ភព​ចំ​ណូល​របស់​ធនា​គារ​នោះ​ទេ។

​លោក​ថ្លែង​ថា​៖ ​«​ខ្ញុំ​យល់​ថា [ការ​សម្រេច​របស់ NBC] នឹង​​​រួម​ចំ​ណែក​លើក​ទឹក​ចិត្ត​ដល់​ធ​នាគារ​ពាណិជ្ជ​ធ្វើ​ការ​កៀរ​គរ​ប្រ​ភព​ទុន​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​ទៅ​វិញទេ​។ ពេល​ហ្នឹងធនា​គារ​អាច​បង្កើន​ការ​ព្យាយា​ម​ប្រ​មូល​សន្សំ​ក្នុង​ស្រុក​ និង​ការ​បោះ​ផ្សាយ​លក់​មូល​បត្រ​បំ​ណុល​វិញ​»៕