ភ្នំពេញៈ ធនាគារ​ជាតិ​នៃ​កម្ពុជា ​(NBC) ​នឹង​បន្ត​ជំរុញ​ការ​​អភិវឌ្ឍ​​​ឧស្សាហកម្ម​ទី ៤ ​នៅ​​ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ​កម្ពុជា​​ ​ខណៈ​វិស័យ​នេះ​បាន​និង​​កំពុង​ផ្លាស់​ប្តូរ​ដំណើរ​ការ​នៃ​ប្រព័ន្ធ​​សេដ្ឋ​កិច្ច​ សង្គម ​និង​នយោបាយ​។ នេះ​បើ​តាម របាយ​ការណ៍​វឌ្ឍនភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ និងវិស័យ​ធនាគារ ឆ្នាំ ​២០១៨ ​និង​ទស្សន​វិស័យ​ឆ្នាំ​ ២០១៩ ​របស់​ NBC ដែល​ចេញ​ផ្សាយ​កាល​ពី​សប្តាហ៍​មុន​។

របាយ​ការណ៍​បាន​ឲ្យ​ដឹង​ថា ការ​បន្ត​អភិវឌ្ឍ​សមត្ថភាព​ធនធាន​មនុស្ស ​និង​​ការ​តាមដាន​ឲ្យ​ទាន់​ពេល​វេលា​នូវ​ការ​​រីក​​ចម្រើន​នៃ​បច្ចេក​វិទ្យា មាន​សារៈ​សំខាន់​ក្នុង​ការ​រក្សា​ប្រសិទ្ធ​ភាព​ ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ក៏​ដូច​ជា​សេដ្ឋកិច្ច​ទាំង​មូល​។​ ​របាយ​ការណ៍​បន្ត​ថា៖​ «បដិវត្តន៍​ឧស្សាហ​កម្ម​នេះ​បាន​បង្កើត​បច្ចេក​វិទ្យា​ហិរញ្ញ​វត្ថុ​ថ្មី​ៗ​ដែល​មាន​ការ​វិវត្ត​យ៉ាង​ឆាប់​រហ័ស​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ»​។​

តាម​របាយ​ការណ៍​ ​NBC​ នឹង​បន្ត​ពង្រីក​ជំនឿ​ទុក​​ចិត្ត ​និង​អភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ​ប្រកប​ដោយ​ប្រសិទ្ធ​​ភាព​ ភាព​រឹង​មាំ ភាព​ប្រកួត​​ប្រជែង​ស្រប​តាម​​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញ​វត្ថុ​ ២០១៦​-២០២៥​។

របាយ​ការណ៍​បន្ត​ថា៖ ​«ដើម្បី​អាច​សម្រេច​បាន​យុទ្ធសាស្រ្ត​នេះ​ ទាមទារ​ឲ្យ​​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំង​អស់​ត្រូវ​​​សម្រប​​​ខ្លួន​ទៅ​នឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី​ ៤»​។

លោក​ អ៊ិន ​ចាន់នី​ ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​ អេស៊ីលីដា ​បាន​ឲ្យ​ដឹង​​ថា ការ​ប្រើប្រាស់​ឧស្សាហកម្ម​ទី ​៤ ​ពិត​​ជា​មាន​ភាព​ចាំ​បាច់​ណាស់​សម្រាប់​​វិស័យ​​ធនាគារ​​នា​ពេល​បច្ចុប្បន្ន ​ដោយ​ឧស្សាហកម្ម​នេះ​កំពុង​រួម​ចំណែក​យ៉ាង​​សកម្ម​​ក្នុង​ការ​ផ្តល់​ឲ្យ​អតិថិជន​នូវ​ភាព​ងាយ​ស្រួល និង​មាន​សុវត្ថិភាព​។

លោក​ថ្លែង​​​ថា៖​ «​ឧស្សាហកម្ម​ទី​ ៤ បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​​សម្រាប់​វិស័យ​ធនាគារ ​ព្រោះ​​​នៅ​ពេល​មាន​ការងារ​ទាក់ទង​នឹង​ចលនា​សាច់​ប្រាក់​ អតិថិជន​​​មិន​ចាំ​បាច់​ធ្វើ​ដំណើរ​ដោយ​ផ្ទាល់​មក​កាន់​ធនាគារ​​​ទេ​ ដោយ​គេ​អាច​​ប្រើប្រាស់​​ប្រព័ន្ធ​បច្ចេក​វិទ្យា​ដើម្បី​បញ្ជា​ប្រតិបត្តិ​ការ​ហិរញ្ញ​វត្ថុ​​​តែ​ម្តង​​»​។

លោក​​ពន្យល់​ថា​ ឧស្សាហកម្ម​ទី​ ៤ បាន​ធ្វើ​ឲ្យ​​​គ្រប់​ប្រតិបត្តិការ​​កាន់​តែ​មាន​លក្ខណៈ​ស្វ័យ​ប្រវត្តិកម្ម​ និង​ផ្តល់​នូវ​ភាព​វិជ្ជមាន​ជា​ច្រើន​ដល់​អ្នក​ប្រើប្រាស់ និង​សង្គម​ទាំង​មូល​​​។​

លោក​ថ្លែង​ថា៖​ «​ឧស្សាហកម្ម​ទី​ ៤ ក៏​បាន​ចូល​រួម​ចំណែក​នៅ​ក្នុង​ការ​​កាត់​បន្ថយ​ការ​បញ្ចេញ​ផ្សែង​ពី​យានយន្ត​ដោយ​សារ​ការ​​ធ្វើ​ដំណើរ ពិសេស​គឺ​ការ​ជួយ​ដល់​​រដ្ឋាភិបាល​ក្នុង​​ការ​គ្រប់គ្រង​ចរាចរណ៍​សាច់​ប្រាក់ និង​កាត់​បន្ថយ​ការ​បោះ​ពុម្ព​ក្រដាស​​ប្រាក់​ផង​ដែរ»​។​

លោក​ ចាន់នី​ បាន​ប្រាប់​ថា ឧស្សាហកម្ម​ទី​ ៤ នេះ​ក៏​មាន​ផល​អវិជ្ជ​មាន​តិច​​តួច​​​ដែរ​សម្រាប់​អតិថិជន​ទាក់ទង​នឹង​ការ​ប្រើប្រាស់​លេខ​សម្ងាត់​​ជា​ដើម​។

ទោះ​យ៉ាង​ណា ​លោក​បាន​បញ្ជាក់​ថា៖​«​កន្លង​​មក​បញ្ហា​នេះ​មិន​ដែល​កើត​មាន​នោះ​​ទេ​សម្រាប់​ធនាគារ​អេស៊ីលី​ដា ​ព្រោះ​​ធនាគារ​មាន​ប្រព័ន្ធ​ការពារ​អតិថិជន​ដ៏​រឹងមាំ​»។​

បើ​តាម​លោក ​ចាន់នី​ ឧស្សាហកម្ម​ទី​ ៤​ នេះ​ត្រូវ​បាន​ថ្នាក់​ដឹក​នាំ​ធនាគារ​អេស៊ីលីដា ​ដាក់​បញ្ចូល​​ក្នុង​​​ផែនការ​យុទ្ធសាស្រ្ត​តាំង​ពី​ឆ្នាំ​ ២០១៤ និង​​ដាក់​​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ក្នុង​ឆ្នាំ​ ២០១៦ ​(អេស៊ីលី​ដា​ទាន់​ចិត្ត)។

លោក ​ផេង​ រក្សា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ ​Cash ​wagon (Cambodia) បាន​​ឲ្យ​ដឹង​ថា បច្ចេក​វិទ្យា​បាន​រួម​ចំណែក​​យ៉ាង​សំខាន់​​​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ទូទាំង​ពិភព​​លោក​ ព្រោះ​វា​ជួយ​​​ធ្វើ​ឲ្យ​ថ្លៃ​ដើម​ផលិត​ធ្លាក់​ចុះ​មាន​ភាព​ឆាប់​រហ័ស និង​មាន​សុវត្ថិភាព​។

លោក​បន្ត​ថា៖​ «​កំណើន​សេដ្ឋកិច្ច​និង​ការ​រីក​ចម្រើន​នៃ​បច្ចេក​វិទ្យា បាន​ជំរុញ​ឲ្យ​គ្រប់​ស្ថាប័ន​ត្រូវ​​ស្វែងរក​ផលិត​​ផល​ថ្មីៗ​​ដែល​អាច​ជួយ​សម្រួល​ឲ្យ​ដំណើរ​​ការ​ក្រុមហ៊ុន​​​មាន​ភាព​ឆាប់​រហ័ស និង​ចំណាយ​តិច​ ដើម្បី​ភាព​ជោគជ័យ​»។

ធនាគារ​ជាតិ​ បាន​ឲ្យ​ដឹង​ថា ខណៈ​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ​មួយ​ចំនួន​បាន​កាត់​បន្ថយ​កម្រៃ​សេវា និង​ហានិភ័យ ​ព្រម​ទាំង​ជំរុញ​បរិយាប័ន្ន​ហិរញ្ញវត្ថុ ក៏​មាន​បច្ចេកវិទ្យា​មួយ​ចំនួន​ទៀត​ដូច​ជា ទ្រព្យ​សកម្ម Crypto បាន​បង្ក​ហានិភ័យ​ដល់​សេដ្ឋកិច្ច​ផង​ដែរ ​ដោយ​សារ​ការ​ប្រែប្រួល​តម្លៃ​យ៉ាង​ឆាប់​រហ័ស ​និង​​គ្មាន​ការ​ធានា​លើ​ការ​ប្តូរ​ជា​សាច់​ប្រាក់​ដោយ​ស្ថាប័ន​ណា​មួយ​ឡើយ​៕LA