ភ្នំពេញៈ ធនា​គារ​ជាតិ​នៃ​កម្ពុជា​ (NBC) ​​បាន​ប្រ​កាស​កា​ល​​ពី​ថ្ងៃ​អង្គារ​ថា ខ្លួន​នឹង​បន្ត​ពង្រឹង​​ទំ​នុក​ចិត្ត​របស់​សាធារ​ណ​ជន​​លើការ​ប្រើ​ប្រាស់​ប្រាក់​រៀល​ តាម​រយៈ​ការ​ធ្វើ​ឲ្យ​មាន​ស្ថិរ​ភាព​នូវ​អត្រា​ប្តូរ​ប្រាក់​ និង​បង្កើន​ការ​​​យល់​​ដឹង​របស់​ប្រជា​ពល​រដ្ឋ​ ​ពី​អត្ថ​​ប្រ​យោជន៍​នៃ​ការ​ប្រើ​ប្រាស់​រូ​បិយ​ប័ណ្ណ​ក្នុង​ស្រុក​​នៅ​ក្នុង​សកម្ម​ភាព​សេដ្ឋ​កិច្ច​។​

យោង​តាម​សេច​ក្ដី​ប្រ​កាស​ព័ត៌​​មាន​​​កាល​ពី​ម្សិល​មិញ​ NB​C ​បាន​សម្រេច​ចិត្ត​​បន្ត​ធ្វើ​អន្ត​រា​គមន៍​​លើ​អត្រា​ប្តូរ​ប្រាក់​​ដើ​ម្បី​ធ្វើ​ឲ្យ​​មាន​ស្ថិរ​ភាព​តម្លៃ​សម្រាប់​ទំ​នុក​​ចិត្ត​របស់​សាធារ​ណ​ជន ​បន្ត​លើក​កម្ពស់​​ឧប​ករណ៍​ហិ​រញ្ញ​វត្ថុ​ថ្មី​ ដូច​ជា LPCO ដើ​ម្បី​ជំ​រុញ​​ការ​ផ្ដល់​កម្ចី​អន្តរ​ធនា​គារ​ និង​ការ​លើក​កម្ពស់​​ការ​យល់​ដឹង​​អំពី​អត្ថ​ប្រ​យោជន៍​​នៃ​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល​។​

ខណៈ​កម្ពុជា​គឺ​ជា​សេដ្ឋ​កិច្ច​ពឹង​ផ្អែក​ខ្លាំង​លើ​ប្រាក់​ដុល្លារ ​NBC ​មាន​ជម្រើស​​គោល​នយោ​​បាយ​កម្រិត​មួយ​ លើ​គោល​​នយោ​បាយ​រូ​បិយ​វត្ថុ​របស់​​ខ្លួន​។ រហូត​មក​ដល់​ពេល​នេះ ការ​ប្រើ​ប្រាស់​ប្រាក់​រៀល​ ដើ​ម្បី​ទិញ​​ប្រាក់​​ដុល្លារ​អា​មេ​រិក​ធ្វើ​​ឲ្យ​មាន​ស្ថិរ​ភាព​អត្រា​ប្តូរ​ប្រាក់​ ​ជា​យុទ្ធ​សាស្ដ្រ​​ដ៏​សំ​ខាន់​​មួយ​សម្រាប់​ធនា​គារ​កណ្ដាល​។​​

កាល​ពី​ឆ្នាំ​ ២០១៧ NBC បាន​ចាក់​បញ្ចូល​ប្រាក់​រៀល ​ដែល​​មាន​តម្លៃ​ ៩១៥​ លាន​ដុល្លារ​ទៅ​ក្នុង​សេដ្ឋ​កិច្ច​ ​​ក្នុង​ការ​ទិញ​​​ប្រាក់​ដុល្លារ​អា​មេ​រិក​​ ដើ​ម្បី​ធ្វើ​​​ឲ្យ​មាន​ស្ថិរ​ភាព​អត្រា​ប្តូរ​ប្រាក់​ ខណៈ​តម្រូវ​ការ​​ប្រាក់​រៀល​​កាន់​តែ​ខ្ពស់​។

របាយ​ការណ៍​របស់​ NBC ឆ្នាំ​ ២០១​៧ ​បង្ហាញ​ថា​ ធនា​គារ​នេះ​បាន​ទិញ​​ប្រាក់​ដុ​ល្លារ ​១២​៥​​ ដង​​កាល​ពី​ឆ្នាំ​ ២០១៧ ​នៅ​ក្នុង​អត្រា​ប្តូរ​ប្រាក់​ជា​មធ្យម​ ៤​ ០៥​០​ រៀល​ក្នុង​ ១ ​ដុល្លារ​៕​LA