ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) នឹងបន្តលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងចំណោមប្រជាជនកម្ពុជា ដោយលើកឡើងថា ការបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុត្រូវបានផ្ដល់អាទិភាពកាន់តែខ្លាំង ខណៈឧស្សាហកម្មនេះកំពុងត្រូវបានអភិវឌ្ឍយ៉ាងខ្លាំង និងកាន់តែស្មុគស្មាញ។
ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅក្នុងទិវាចំណេះដឹងផ្នែកហិរញ្ញវត្ថុជាតិកាលពីម្សិលមិញ លោកស្រី ជា សិរី អគ្គនាយិកាធនាគារជាតិនៃកម្ពុជា (NBC) បានថ្លែងថា NBC ដឹងថា ការងារបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុជារបៀបវារៈរយៈពេលវែង និងកំពុងជំរុញយ៉ាងខ្លាំងដល់គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីចូលរួមក្នុងការបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា។
លោកស្រីបន្ថែមថា មានគ្រឹះស្ថានហិរញ្ញវត្ថុប្រហែល ១០ ចូលរួមយ៉ាងសកម្មជាមួយបេសកកម្មរបស់ NBC ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅពេលបច្ចុប្បន្ន ខណៈគ្រឹះស្ថានផ្សេងទៀតបង្ហាញការត្រៀមខ្លួនរបស់ពួកគេក្នុងការចូលរួម។
លោកស្រីថ្លែងថា៖ «ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុត្រូវការកិច្ចខិតខំប្រឹងប្រែងរយៈពេលវែង ហើយមិនអាចធ្វើវាក្នុងរយ:ពេល ១ ឆ្នាំបាននោះទេ ដូច្នេះយើងនឹងបន្តការងារនេះ ហើយវាគឺជាភាពជោគជ័យដ៏ធំមួយ សម្រាប់ពួកយើងដែលអាចបញ្ចូលមុខវិជ្ជាហិរញ្ញវត្ថុទៅក្នុងកម្មវិធីអប់រំចំណេះដឹងទូទៅ»។
លោកស្រីបន្តថា៖ «វាជាវិធីសាស្ដ្ររយៈពេលវែង និងប្រកបដោយស្ថិរភាព ក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ហើយយើងសង្ឃឹមថា ចំណេះដឹងរបស់ប្រជាជនអំពីហិរញ្ញវត្ថុ នឹងកើនឡើងពី ១ ឆ្នាំទៅ ១ ឆ្នាំ»។
ចំណេះដឹងផ្នែកហិរញ្ញវត្ថុគឺជាការរួមបញ្ចូលគ្នានៃការយល់ដឹង ចំណេះដឹង ជំនាញ អាកប្បកិរិយា និងឥរិយាបថ ដែលចាំបាច់ត្រូវធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុត្រឹមត្រូវ ហើយទីបំផុតសម្រេចបានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន។
នៅក្នុងគោលបំណងសម្រាប់ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ NBC កាលពីម្សិលមិញបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាចាប់តាំងពីវ័យក្មេងទៅ។ NBC បានចុះ MoU ជាមួយក្រសួងកិច្ចការនារី ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញវត្ថុគ្រប់គ្នា ក្នុងចំណោមសហគ្រិនស្ដ្រីកម្ពុជាផងដែរ។
លោកស្រី ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការក្រសួងកិច្ចការនារីបានឲ្យដឹងកាលពីម្សិលមិញថា ការធ្វើឲ្យស្រ្ដីកម្ពុជាចូលរួមកាន់តែច្រើននៅក្នុងសកម្មភាពសេដ្ឋកិច្ច គឺជាកត្តាដ៏សំខាន់មួយ ក្នុងការលើកកម្ពស់សិទ្ធិរបស់ពួកគេនៅក្នុងគ្រួសារ និងដើម្បីធ្វើឲ្យគ្រួសាររបស់ពួកគេចេញផុតពីភាពក្រីក្រ។
លោកស្រីបន្តថា៖ «ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក្នុងចំណោមស្ដ្រីគឺជាឧបករណ៍មានសារៈសំខាន់បំផុត ក្នុងការរួមចំណែកផ្ដល់អំណាចយេនឌ័រស្មើភាពគ្នា ជាពិសេសដើម្បីលើកកម្ពស់ភាពក្លាហានរបស់ស្ដ្រីនៅក្នុងសេដ្ឋកិច្ច»៕