ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​ថា ស្ថិរភាព​នយោបាយ និង​កំណើន​នៅក្នុង​វិស័យសេដ្ឋកិច្ច​ទាំងអស់​ព្រមទាំង​ប្រព័ន្ធ​ធនាគារ​រឹងមាំ ជា​កត្តា​ជំរុញ​ដ៏សំខាន់​ ក្នុង​ការបង្កើន​ទំនុកចិត្ត​សាធារណជន​លើ​ប្រព័ន្ធ​ធនាគារ​របស់​កម្ពុជា​។

យោងតាម ម៉ាក្រូសេដ្ឋកិច្ច និង​ធនាគារ​ឆ្នាំ​ ២០១៩ និង​ចក្ខុវិស័យ​ឆ្នាំ​ ២០២០ ​របស់ NBC ទាំង​កម្ចី​ប្រើប្រាស់​ផ្ទាល់ខ្លួន និង​ប្រាក់​បញ្ញើ​របស់​វិស័យ​ធនាគារ​បាន​កើនឡើង​យ៉ាងខ្លាំង​ចំនួន​ ២៥ ​ភាគរយ និង​ ២៦​ ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ជាមួយ​នឹង​កម្ចី​ប្រើប្រាស់​ផ្ទាល់ខ្លួន​ចំនួន​ ១៩,៦ ​ពាន់​លាន​ដុល្លារ ខណៈ​ប្រាក់​បញ្ញើ​ផ្ទាល់ខ្លួន​នៅក្នុង​គ្រឹះស្ថាន​ទទួល​ប្រាក់​បញ្ញើ​ទាំង​ ៧ ចំនួន​ ២២ ​ពាន់​លាន​ដុល្លារ​។

របាយការណ៍​នេះ​បាន​ឲ្យ​ដឹងថា​៖ «​វិស័យ​ធនាគារ​ទទួល​បាន​ការរួមចំណែក​ល្អប្រសើរ និង​សកម្ម​បំផុត​ក្នុង​ការលើកកម្ពស់​ការទទួល​បាន​សេវា​ហិរញ្ញវត្ថុ​គ្រប់គ្នា​ដែល​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ​។ កម្ចី​បាន​ជំរុញ​ការប្រើប្រាស់​របស់​ប្រជាជន​ដែល​កំពុង​រួមចំណែក​វិជ្ជមាន​ដល់​កំណើន​នៃ​សកម្មភាព​សេដ្ឋកិច្ច​។ ប៉ុន្តែ​ប្រសិនបើ​អតិថិជន​មិន​ប្រើប្រាស់​កម្ចី​ប្រកប​ដោយ​ប្រសិទ្ធភាព​ជាមួយ​នឹង​ទិសដៅ​ត្រឹមត្រូវ​នោះ កំណើន​ប្រាក់កម្ចី​នឹង​ធ្វើឲ្យ​មាន​ហានិភ័យ​ដល់​វិស័យ​ហិរញ្ញវត្ថុ​ជាមិនខាន​»​។

NBC បាន​ពន្យល់ថា​កំណើន​កម្ចី​កំពុង​កើនឡើង​បន្ទាប់ពី​វា​កំពុង​បង្កើន​ល្បឿន​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ចុងក្រោយ​នេះ (​ឆ្នាំ​ ២០១០ ដល់​ឆ្នាំ​ ២០១៥) ជាមួយ​នឹង​កំណើន​ ៣០ ​ភាគរយ​។

របាយការណ៍​បន្ថែមថា​៖ «​ការស្ទុះ​ងើបឡើង​វិញ​នៃ​កំណើន​កម្ចី​ដែល​បាន​គាំទ្រ​ភាគច្រើន​ដោយ​កម្ចី​នៅក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ កម្ចី​ប្រើប្រាស់​ផ្ទាល់ខ្លួន និង​កម្ចី​ពាណិជ្ជកម្ម ដោយសារ​ការកើនឡើង​ប្រាក់ចំណូល​របស់​ប្រជាជន តម្រូវការ និង​ការធ្វើ​ពិពិធកម្ម​សេវា​ហិរញ្ញវត្ថុ ខណៈ​កម្ចី​ប្រើប្រាស់​ផ្ទាល់ខ្លួន​កំពុង​កើនឡើង​ច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដូចជា កម្ចី​ទិញ​ផ្ទះ​»​។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេស៊ីលី​បាន​រាយការណ៍​ថា ផលបត្រ​កម្ចី​បាន​កើនឡើង​ ៧ ​ភាគរយ និង​ប្រាក់​បញ្ញើ​បាន​កើនឡើង​ ១២ ​ភាគរយ​ដែល​ធ្វើឲ្យ​មាន​កំណើន​ប្រាក់ចំណូល​ដ៏រឹងមាំ​ប្រហែល​ ៤០ ​ភាគរយ​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​មាន​របាយការណ៍​កំណើន​ប្រកប​ដោយ​ភាពល្អប្រសើរ​របស់ ACLEDA Bank Plc សម្រាប់​ឆ្នាំ​ ២០១៩ នៃ​ផលបត្រ​កម្ចី​ ៧ ​ភាគរយ និង​ប្រាក់​បញ្ញើ​ ១២ ​ភាគរយ​ជាមួយ​នឹង​កម្ចី​មិន​ដំណើរការ​ប្រហែល​ ១,២ ​ភាគរយ និង​កំណើន​ប្រាក់ចំណូល​ប្រហែល​ ៤០ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៨»​។ ​

លោក​បន្តថា​៖ «​ទាំងនេះ​នឹង​ត្រួសត្រាយ​ផ្លូវ និង​បង្កើត​មូលដ្ឋាន​ដ៏រឹងមាំ​សម្រាប់​កំណើន​ឆ្នាំ​ ២០២០ ព្រមទាំង​ការ​ជម្នះ​លើ​បញ្ហា​ប្រឈម​នៅ​ឆ្នាំ​ ២០២០ ​ផងដែរ​»​។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​កាលពី​ចុង​ខែ​ធ្នូ​ក៏​បាន​ចង្អុលបង្ហាញ​ប្រាក់ចំណេញ​របស់​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ដែល​នៅតែ​ទទួលបាន​កំណើន​ដ៏រឹងមាំ ប៉ុន្តែ​វិស័យនេះ​នៅតែ​ប្រឈម​នឹង​ហានិភ័យ​ដោយសារ​តែ​កំណើន​ខ្ពស់​៕LA