ភ្នំពេញៈ ប្រព័ន្ធទូទាត់សងប្រាក់នៅកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ស្របតាមការវិវត្តនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ និងបានរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ពិសេសការទូទាត់ឌីជីថលក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ ២០២០ ស្តីពីប្រព័ន្ធទូទាត់សងប្រាក់នៅកម្ពុជា។
របាយការណ៍របស់ធនាគារជាតិនៃកម្ពុជានេះបានផ្សាយកាលពីថ្ងៃទី ១១ ឲ្យដឹងថា ប្រព័ន្ធទូទាត់បានរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់សម្រួលដល់ប្រតិបត្តិការផ្ទេរប្រាក់ទូទាត់ក្នុងសកម្មភាពទិញលក់ទំនិញ និងសេវា និងការជួញដូរក្នុងទីផ្សារហិរញ្ញវត្ថុ។
របាយការណ៍បង្ហាញថា៖ «ប្រព័ន្ធទូទាត់បានផ្តល់នូវមធ្យោបាយងាយស្រួល សុវត្ថិភាព រហ័ស និងមានកម្រៃសមរម្យសម្រាប់ផ្ទេរមូលនិធិជាអេឡិចត្រូនិកក្នុងចំណោមភ្នាក់ងារសេដ្ឋកិច្ចដែលបានរួមចំណែកឱ្យដំណើរការផ្គត់ផ្គង់រូបិយវត្ថុរបស់ធនាគារកណ្តាលកាន់តែមានប្រសិទ្ធភាព។
NBC បញ្ជាក់ថា តាមរយៈហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់ធនាគារកណ្តាលអាចអនុវត្តប្រតិបត្តិការទីផ្សារចំហ ដែលជាឧបករណ៍គោលនយោបាយរូបិយវត្ថុចម្បងក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងអាចតាមដានមើលពីស្ថានភាពសន្ទនីយភាពរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានរហ័សដែលជាផ្នែកមួយក្នុងការរួមចំណែកធានាស្ថិរភាពហិរញ្ញវត្ថុផងដែរ។
NBC ឲ្យដឹងទៀតថា៖ «ប្រព័ន្ធទូទាត់ក៏បានរួមចំណែកយ៉ាងច្រើនក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ហិរញ្ញវត្ថុក្នុងការអភិវឌ្ឍសេវា និងឧបករណ៍ទូទាត់ថ្មីៗ ដែលមានកម្រៃទាប និងបង្កើនលទ្ធភាព ពង្រីកបណ្តាញផ្តល់សេវាទូទាត់ឱ្យកាន់តែទូលំទូលាយ ដែលអនុញ្ញាតឱ្យប្រជាជននៅតាមទីជនបទចូលរួមប្រើប្រាស់សេវាទូទាត់តាមរយៈបណ្តាញផ្លូវការ»។
ប្រព័ន្ធទូទាត់សាច់ប្រាក់អេឡិចត្រូនិក «បាគង» ត្រូវបាន NBC ដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីខែតុលា ឆ្នាំ ២០២០ គឺជាប្រព័ន្ធមួយបានអនុញ្ញាតឱ្យមានការទូទាត់ជាអន្តរធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
ប្រព័ន្ធបាគងគឺប្រព័ន្ធទូទាត់មួយក្នុងចំណោមប្រព័ន្ធខេមបូឌានសែស្វិច និងប្រព័ន្ធរីថែលផេ និងប្រព័ន្ធផាត់ទាត់ជាតិ ជាដើម បាននិងកំពុងជំរុញការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងវិស័យហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព កាត់បន្ថយចំណាយប្រតិបត្តិការ និងជំរុញបរិយាប័ន្នហិរញ្ញវត្ថុ។
ធនាគារជាតិនៃកម្ពុជា (NBC) បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍប្រព័ន្ធទូទាត់ ដើម្បីជំរុញការប្រើប្រាស់ការទូទាត់ជាអេឡិចត្រូនិកតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធទូទាត់ ការរៀបចំបទប្បញ្ញត្តិ និងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទូទាត់របស់ខ្លួន។
របាយការណ៍ NBC បង្ហាញថា ការទូទាត់តាមរយៈប្រព័ន្ធសេវាទូទាត់រហ័សក្នុងឆមាសទី ១ ឆ្នាំ ២០២០ មានចំនួន ២១ ៣៦៣ ប្រតិបត្តិការ កើនឡើង ៣៧៣,៦៨ ភាគរយ ធៀបនឹងឆមាសទី ១ ឆ្នាំ ២០១៩។
របាយការណ៍ឲ្យដឹងទៀតថា ប្រតិបត្តិការមូលប្បទានបត្រនៅក្នុងឆមាសទី ១ ឆ្នាំ ២០២០ មានចំនួន ៦២៥ ៤៧៦ ថយចុះ ៥,៩២ ភាគរយ និងប្រតិបត្តិការតាមរយៈការផ្ទេរឥណទានមានចំនួន ១៤៤ ៤៦៤ កើនឡើង ២៥,៤៧ ភាគរយ ធៀបនឹងឆមាសទី ១ ឆ្នាំ២០១៩។
លោក សាយ សូនី ប្រធានប្រតិបត្តិការគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពីខែមុនថា បច្ចុប្បន្នអតិថិជនរបស់លោកអាចប្រើប្រាស់កម្មវិធី Prasac Mobile និងកម្មវិធីធនាគារអ៊ីនធឺណិត ដើម្បីធ្វើប្រតិបត្តិការគ្មានសាច់ប្រាក់ប្រចាំថ្ងៃ ដូចជាការផ្ទេរប្រាក់ ការទូទាត់វិក្កយបត្រនានា ព្រមទាំងការសងប្រាក់កម្ចីរបស់ពួកគេ។ សម្រាប់ប្រតិបត្តិការគ្មានសាច់ប្រាក់ គឺពួកគេអាចមកការិយាល័យ ឬសេវាបម្រើផ្ទាល់ខ្លួននៅបញ្ឈរម៉ាស៊ីនអេធីអឹមនៅទូទាំងប្រទេស។
លោកថ្លែងថា៖ «លើសពីនោះ យើងក៏ជាសមាជិករបស់ប្រព័ន្ធបាគង Retail Pay និងប្រព័ន្ធ CSS របស់ធនាគារជាតិ ដូច្នេះអតិថិជនអាចធ្វើប្រតិបត្តិការតាមធនាគារ ឬប្រតិបត្តិការអន្តរធនាគារជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារជាង ២០ ទៀត»។
បើយោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០២០ របស់ធនាគារជាតិនៃកម្ពុជា ទ្រព្យសកម្មសរុបនៅក្នុងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFIs) របស់ប្រទេសកម្ពុជាបានកើនឡើងដល់ ៥៩,៤ ពាន់លានដុល្លារកាលពីចុងឆ្នាំមុន កើនឡើង ១៥,៧ ភាគរយធៀបនឹងចុងឆ្នាំ ២០១៩។
កម្ចីនៅក្នុងធនាគារ និង MFIs បានកើនឡើង ១៤,៨ ភាគរយដល់ ៣៧,៣ ពាន់លានដុល្លារត្រឹមចុងឆ្នាំមុន ខណៈដែលប្រាក់បញ្ញើបានកើនឡើង ១៥,៤ ភាគរយដល់ ៣៣,៨ ពាន់លានដុល្លារ៕