ភ្នំពេញៈ ភ្នាក់ងារ​ទូទាត់​ឌីជីថល Nium មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី និង​ធនាគារ PhillipBank កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ប្រកាស​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​ក្នុង​ការផ្ដល់​ការទូទាត់​ឆ្លងកាត់​ព្រំដែន សម្រាប់​អតិថិជន​ដែល​ធ្វើ​ឲ្យ​ធនាគារ​នេះ​ទទួល​បាន​សេវា​ជម្រើស​កាន់តែច្រើន​។ នេះ​បើ​យោងតាម​សេចក្ដី​របស់​ក្រុមហ៊ុន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

លោក PrajitNanu សហស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន Nium បាន​ឲ្យ​ដឹងថា ភាព​ជា​ដៃគូ​ជាមួយ​ធនាគារ PhillipBank ពង្រឹង​បន្ថែម​ដល់​តួនាទី​របស់ខ្លួន​ជា​ស្ថាប័ន​ឈានមុខ​គេ​នៅក្នុង​លម្ហ​ការទូទាត់​នៅ​អាស៊ីអាគ្នេយ៍​។

យើង​រីករាយ​ក្នុង​ការធ្វើ​ការងារ​ជាមួយ​ធនាគារ PhillipBank សម្រាប់​ការផ្ញើ​ប្រាក់​មក​ផ្ទះ​។ ទំនាក់ទំនង​នេះ​បាន​ពង្រឹង​បន្ថែម​តួនាទី​របស់ Nium នៅ​អាស៊ីអាគ្នេយ៍​»​។ លោក​បន្តថា​៖ «​សហប្រតិបត្តិការ​ជាមួយ Nium នឹង​ធ្វើឲ្យ​អតិថិជន​របស់​ PhillipBank អាច​ទទួល​បាន​សេវា​កាន់តែ​រហ័ស​»​។

លោក Ong TeongHoon អគ្គនាយក​ធនាគារ PhillipBank បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា នេះ​គឺជា​ភាពជា​ដៃគូ​ដ៏សំខាន់​មួយ​សម្រាប់​ធនាគារ PhillipBank នៅក្នុង​ដំណាក់កាល​ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅក្នុង​ការវិវត្ត​របស់ខ្លួន​។

លោក​ថ្លែងថា​៖ «​ជាមួយ​នឹង​អាជីវកម្ម និង​គ្រឹះស្ថាន​កម្ពុជា​ដែល​ចូលរួម​កាន់តែ​ច្រើន​ឡើងៗ​ជាមួយ​នឹង​សមភាគី​ពិភពលោក​របស់​ពួកគេ​ដែល​ស្វែងរក​លទ្ធភាព​ថ្មី​សម្រាប់​កិច្ចសហការ យើង​ត្រូវ​តែ​បង្កើន​សមត្ថភាព​ទូទាត់​ឆ្លងកាត់​ព្រំដែន​របស់​យើង​នៅក្នុង​ទីផ្សារ​សំខាន់ៗ ទូទាំង​ពិភពលោក​។ យើង​កំពុង​មើលឃើញ​តម្រូវការ​កំណើន​រួច​ហើយ​ពី​អតិថិជន​របស់​យើង​សម្រាប់​សេវា​ទូទាត់​ឆ្លងកាត់​ព្រំដែន​។ យើង​មាន​ទំនុកចិត្ត​ថា សេវា​របស់ Nium នឹង​បំពេញបន្ថែម និង​ពង្រឹង​បន្ថែម​សមត្ថភាព​របស់​យើង​ក្នុងការ​បម្រើ​អតិថិជន​របស់​យើង​»​។

ក្រុមហ៊ុន Nium ដែល​ពី​មុន​ត្រូវបាន​គេ​ស្គាល់​ថា​ជា InstaReM ដំណើរការ​ទូទាត់​សម្រាប់​ធនាគារ​អាស៊ីអាគ្នេយ៍ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឈានមុខ​គេ​ទូទាំង​ពិភពលោក​។

PhillipBank ថ្មីៗ​នេះ​បាន​ទទួល​ការយល់ព្រម​ពី​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​ការច្របាច់​បញ្ចូល​គ្នា​ជាមួយ Kredit MFIS ។ Kredit MFIS ក៏ត្រូវ​បាន​គ្រប់គ្រង​ទាំងស្រុង​ដោយ​ភាគ​ទុនិក​ដូចគ្នា​ក្នុង​ក្រុមហ៊ុន Phillip Capital Group of Companies ដែលមាន​ក្នុងប្រទេស​​ ១៦ ​ទូទាំង​ពិភពលោក និង​ជាមួយ​នឹង​មូលនិធិ​ភាគទុនិក​ជិត​ ២ ​ពាន់​លាន​ដុល្លារ​។ ពេល​ច្របាច់បញ្ចូល​គ្នា PhillipBank នឹង​មាន​ជិត ៩០ ​សាខា​ទូទាំង​ប្រទេស​កម្ពុជា​៕LA