
បុគ្គលិកកំពុងឈរនៅពីមុខឡូហ្គោផ្សារមូលបត្រកម្ពុជា នៅកន្លែងផ្តល់ព័ត៌មាន កន្លងមក។ ហេង ជីវ័ន
ភ្នំពេញៈ ក្រុមហ៊ុន Ooctane ដែលជាមូលធនវិនិយោគឯកជន គាំទ្រដោយ Worldbridge Group បានកំណត់ក្រុមហ៊ុនបង្កើតថ្មីមានសក្ដានុពលមួយចំនួនរួចហើយ ដើម្បីដាក់ទុនវិនិយោគជាមួយ ដោយលើកឡើងថា Ooctane បានបម្រុងទុន ៥៥ លានដុល្លារ សម្រាប់សហគ្រិនថ្មីដែលកំពុងរីកដុះដាល។
ការបង្កើតក្រុមហ៊ុន Ooctane ត្រូវបានបង្ហាញជាលើកដំបូងកាលពីខែ មិថុនា ឆ្នាំ ២០១៨ ដែលកាលនោះ លោក ស៊ា រិទ្ធី ប្រធានស្ថាបនិករបស់ក្រុមហ៊ុន Worldbridge Group បានវិនិយោគប្រាក់ ៥ លានដុល្លារ ផ្ទាល់ខ្លួនដើម្បីបង្កើតមូលនិធិនេះ។ រហូតមកដល់ពេលនេះ លោក រិទ្ធី បានប្រមូលមូលនិធិ ៥០ លានដុល្លារ បន្ថែមពីបណ្ដាញមិត្តភក្ដិ និងពាណិជ្ជកររបស់លោក ដែលធ្វើឲ្យ Ooctane មូលនិធិវិនិយោគរួមមួយនេះមានប្រាក់សរុប ៥៥ លានដុល្លារ។
Tapas KUILA ជាដៃគូគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន OOCTANE បានឲ្យដឹងថា ចាប់តាំងពីការដំណើរការមូលនិធិនេះកាលពីឆ្នាំមុន ក្រុមហ៊ុននេះមិនបានធ្វើការវិនិយោគណាមួយនៅឡើយទេ ដោយសារតែក្រុមហ៊ុនត្រូវរៀបចំក្រុមការងារផ្ទៃក្នុង និងប្រព័ន្ធផ្ទៃក្នុង។ នៅពេលនេះ លោកបានឲ្យដឹងថា អ្វីៗមានគ្រប់ហើយ ហើយដល់ពេលត្រូវដំណើរការជាមួយក្រុមហ៊ុនបង្កើតថ្មីល្អៗជាច្រើន។
លោកថ្លែងថា៖ «ពេលនេះ ហាងរបស់យើងបានបើកដំណើរការហើយ ហើយប្រសិនបើក្រុមហ៊ុនបង្កើតថ្មី ឬជាក្រុមហ៊ុនថ្មីដែលចង់រីកចម្រើន និងពង្រីក សូមទាក់ទងមកពួកយើង សូមជជែកជាមួយពួកយើង»។
លោកបន្តថា៖ «យើងបានសម្គាល់ក្រុមហ៊ុនបង្កើតថ្មី ២-៣ ក្នុងរយៈពេល ២-៣ ខែកន្លងមក ហើយនៅពេលយើងកំពុងធ្វើការស្រាវជ្រាវកាន់តែច្រើនអំពីក្រុមហ៊ុនបង្កើតថ្មីទាំងនោះ។ ដូច្នេះសង្ឃឹមថា យើងនឹងមានលទ្ធភាពក្នុងការបញ្ចប់ក្នុងពេលឆាប់ៗនេះ និងបង្ហាញលទ្ធផលនៅអំឡុងពាក់កណ្ដាលឆ្នាំនេះ»។
ទីផ្សារមូលនិធិវិនិយោគឯកជនកំពុងកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងប្រទេស កម្ពុជា ក្នុងរយៈពេល ២-៣ ឆ្នាំចុងក្រោយនេះដោយក្រុមហ៊ុនកាន់តែច្រើនបម្រុងទុកមូលនិធិកាន់តែច្រើន ដើម្បីគាំទ្រកំណើនរបស់ SME។
ក្រុមហ៊ុនមូលនិធិវិនិយោគដែលមានឈ្មោះ និងបានប្រកាសគម្រោងវិនិយោគជាមួយក្រុមហ៊ុនបង្កើតថ្មីជាសំខាន់ៗគិតមកទល់ពេលនេះមាន ៥ ក្រុមហ៊ុន។ ក្រុមហ៊ុនទាំងនោះមានដូចជា IFC ដែលជាសាខាផ្ដល់កម្ចីរបស់ធនាគារពិភពលោក ក្រុមហ៊ុន EMIA ក្រុមហ៊ុន Belt Road Capital Management (BRCM) ក្រុមហ៊ុន Smart Axiata និងក្រុមហ៊ុន Leopard Capital ដែលមូលនិធិរបស់ក្រុមហ៊ុនទាំងនេះបូកបញ្ចូលគ្នាមានទុនរហូតដល់រាប់រយលានដុល្លាររួចទៅហើយ។
លោកស្រី គឺម សុផានីតា ប្រធាននាយកដ្ឋានប្រតិបត្តិការទីផ្សារនៅផ្សារមូលបត្រកម្ពុជា CSX បានឲ្យដឹងថា ការមានក្រុមហ៊ុនមូលនិធិវិនិយោគឯកជនកាន់តែច្រើន នឹងជួយក្រុមហ៊ុនបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម (SME) បង្កើនការលូតលាស់ ហើយនឹងជួយបង្កើតស្តង់ដារអាជីវកម្មដែលងាយស្រួលក្នុងការចុះបញ្ជីលក់ភាគហ៊ុននៅថ្ងៃក្រោយ។
លោកស្រីបន្តថា ជាទូទៅក្រុមហ៊ុនបង្កើតថ្មី (បើទោះជាមួយសក្តានុពលខ្លាំង) មិនទាន់មានលក្ខណសម្បត្តិគ្រប់គ្រាន់នៅឡើយទេ ក្នុងការចុះបញ្ជីក្នុងផ្សារហ៊ុនភ្លាមៗ ដូចជាស្តង់ដារគណនេយ្យ ឬអភិបាលកិច្ចអាជីវកម្ម។ ដូច្នេះហើយ នៅពេលដែលមូលនិធិវិនិយោគឯកជន បានចូលទុនវិនិយោគជាមួយពួកគេ ក្រុមហ៊ុនមូលនិធិឯកជន តែងតែជួយមិនត្រឹមតែផ្តល់ហិរញ្ញវត្ថុប៉ុណ្ណោះទេ តែថែមទាំងផ្តល់យុទ្ធសាស្ត្រ និងគំនិតអាជីវកម្មល្អៗ។
លោកស្រីបន្តថា៖ «នៅពេលពួកគេរីកចម្រើនធំល្មម ក្រុមហ៊ុនមូលនិធិវិនិយោគឯកជននឹងប្រើប្រាស់ផ្សារហ៊ុន ជាច្រកចេញពីការវិនិយោគរបស់ពួកគេ ដោយការចុះបញ្ជីក្រុមហ៊ុនទាំងនោះនៅផ្សារហ៊ុន ដែលអាចផ្ដល់តម្លៃកាន់តែខ្ពស់សម្រាប់ក្រុមហ៊ុននានា ហើយពួកគេអាចលក់ភាគហ៊ុនរបស់ពួកគេ ដែលរកបានប្រាក់ចំណេញច្រើន»។
លោកស្រីបន្តថា៖ «តាមរយៈ ការមានក្រុមហ៊ុនមូលនិធិវិនិយោគឯកជនកាន់តែច្រើន នឹងមានក្រុមហ៊ុន កាន់តែច្រើនមានលទ្ធភាពក្នុងការចុះបញ្ជីនៅ CSX»៕LA