ភ្នំពេញៈ Pestech Cambodia Ltd (PCL) ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី Pestech International Bhd គ្រោង​នឹង​ចុះបញ្ជី​នៅ​ផ្សារមូលបត្រ​កម្ពុជា (CSX) ក្នុង​ពេល​ឆាប់ៗ​នេះ​។

លោក Paul Lim Pay Chuan អគ្គនាយក និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Pestech ត្រូវ​បាន​ដកស្រង់​សម្តី​ដោយ The Edge Weekly ដែល​ជា​កាសែត​របស់​ម៉ាឡេស៊ី​កាលពី​ថ្ងៃ​អង្គារ​ថា ក្រុមហ៊ុន​បាន​កំណត់​ក្រុម​វិនិយោគិន​សំខាន់ៗ​របស់​ខ្លួន និង​ការបោះ​ផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​លើកដំបូង (IPO) ដែល​បាន​ស្នើ​ឡើង​តាំងពី​ខែ​កុម្ភៈ ឆ្នាំ​ ២០១៦ ថា​គួរតែ​សម្រេច​បាន​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ ២០២០ ​នេះ​។

លោក​ថ្លែងថា​៖ «​យើង​ត្រូវ​ការ​ពេលវេលា​ត្រឹមត្រូវ ដោយសារ​យើង​កំពុង​ព្យាយាម​ទទួល​ក្រុមហ៊ុន​ឧស្សាហកម្ម​ជាច្រើន​ដែល​អាច​ផ្តល់​តម្លៃបន្ថែម​ដល់​ប្រតិបត្តិការ​អាជីវកម្ម​របស់​យើង​នៅ​ប្រទេស​កម្ពុជា​នឹង​ដើម្បី​កា្លយ​ជា​ក្រុម​វិនិយោគិន​ជា​ជាង​គ្រាន់តែ​ជា​វិនិយោគិន​ផ្នែក​ហិរញ្ញវត្ថុ​ធម្មតា​»​។

លោក​បាន​បន្ថែមថា បច្ចុប្បន្ន​ឯកសារ​កំពុង​ត្រូវ​បានបញ្ចប់ ហើយ IPO កំពុង​រង់ចាំ​ការអនុម័ត​សា្ថពរ​។ គោលបំណង​ដ៏សំខាន់​របស់ IPO មិនមែន​គ្រាន់តែ​ប្រមូល​មូលនិធិ​នោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្កើន​មុខមាត់​របស់​ក្រុមហ៊ុន Pestech (Cambodia) ​ផង​ដែរ​។

លោក​ថ្លែងថា​៖ «​យើង​ជឿថា ក្រុម​វិនិយោគិន​សំខាន់ៗ​ទាំងនេះ​អាច​ជួយ​យើង​ឲ្យ​រីកចម្រើន​នៅក្នុង​ប្រទេស​កម្ពុជា និង​តំបន់​ឥណ្ឌូចិន​។ យើង​សង្ឃឹមថា រក្សា​ភាគហ៊ុន ៨០ ​ភាគរយ​នៅក្នុង​ក្រុមហ៊ុន Pestech នៅពេល​បញ្ចប់​ការចុះបញ្ជី​នេះ​»​។

មន្ត្រី​របស់​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX) ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បញ្ជាក់ថា ក្រុមហ៊ុន​នេះ​នឹង​ចុះបញ្ជី​លើ​ផ្សារហ៊ុន​ក្នុងពេល​ឆាប់ៗ​។

នៅពេល​ចុះបញ្ជី​ក្រុមហ៊ុន Pestech ត្រូវបាន​រំពឹងថា នឹង​មាន​តម្លៃ​ប្រហែល​ ៦០ ​លាន​ដុល្លារ​។ ក្រុមហ៊ុន​គ្រោង​នឹង​ប្រមូលទុន​ថ្មី​មាន​ចំនួន​មិន​លើស​ពី​ ១០ ​លាន​ដុល្លារ​។ នេះ​បើ​តាម​កាសែត The Edge៕LA